ក្រោយមានការរិះគន់ពីមហាជន និងការស្នើសុំពីអង្គការឥន្ទធនូកម្ពុជា លើរឿងលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលប្រើមតិប៉ះពាល់ដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា គណៈកម្មាការសិទ្ធិមនុស្សកម្ពុជា បានហៅលោកទៅជជែកពិភាក្សាគ្នា នៅព្រឹកថ្ងៃអង្គារនេះ។ ក្នុងនោះលោក កែវ រ៉ែមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា បន្ទាប់ពីជំនួប គឺទទួលបាន ផលវិជ្ជមាន។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការដោះស្រាយករណីរើសអើងភេទ ជាមួយតារាកំប្លែងជើងចាស់មួយរូប គឺនាយក្រឹម ដែលធ្វើជាចៅក្រម(Judge)ក្នុងកម្មវិធីលំដាប់ពិភពលោកមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស និងបានបោះពាក្យសម្ដីប៉ះពាល់ដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា។
ផ្អែកតាមលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរសារក្នុងហ្វេសប៊ុកលោកថា ក្រោយពីបានជួបជជែកគ្នាជាមួយភាគីទាំងសងខាង, គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ក្នុងនោះមានការអន្តរាគមន៍ពីលោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរផងដែរ។
សូមជម្រាបថា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានសម្ដែងការរើសអើងភេទទៅកាន់បេក្ខជនចូលរួមប្រកួតកម្មវិធី Cambodia’s Got Talent ម្នាក់ដែលជាអ្នកស្រលាញ់ភេទដូចគ្នា កាលពីរាត្រីថ្ងៃទី២៨ ខែតុលា ក្រោយមកក៏ទទួលបានការរិះគន់មហាជនយ៉ាងចាស់ដៃ។ កន្លងបានមួយថ្ងៃ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) បានសុំការអន្តរាគមន៍ពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីជជែកពិភាក្សា និងបំភ្លឺចំពោះមតិយោបល់របស់នាយក្រឹម។ អង្គការសហគមន៍ឥន្ទធនូបានចាត់ទុកមតិរបស់នាយក្រឹម គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លែថ្នូររបស់អ្នកស្រលាញ់ភេទដូចគ្នា។
អង្គការនេះបញ្ជាក់ថា យោលបល់របស់តារាកំប្លែងរូបនេះ អាចបង្កើតឱ្យមានការភន្ដច្រលំដល់សាធារណមតិ ជំរុញការរើសអើង ប៉ះពាល់សេចក្ដីថ្លៃថ្នូរ ជាពិសេសសុខភាពផ្លូវចិត្តរបស់បុគ្គល និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាយ៉ាងធ្ងន់ធ្ងរ ទើបស្នើឱ្យមានការជួបពិភាក្សាគ្នា ដើម្បីបង្កើនចំណេះដឹង ផ្លាស់ប្ដូរឥរិយាបទ អាកប្បកិរិយា និងផ្នត់គំនិតឱ្យក្លាយជាអ្នកគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា។
យ៉ាងណាខ្លឹមសារបន្ថែមនៃជំនួបនាព្រឹកមិញនេះ លោក កែវ រ៉េមី បញ្ជាក់ថា នឹងបង្ហាញតាមរយៈវីដេអូខ្លីពេលក្រោយ។ ដោយឡែក លោក ណុប ដាណេ ដែលជាបេក្ខភាពម្នាក់ក្នុងកម្មវិធី Cambodia’s Got Talent ត្រូវបាននាយក្រឹមបោះពាក្យសម្ដីដាក់នោះ បានសរសេរសារបន្ទាប់ពីជួបជាមួយគណៈកម្មាការសិទ្ធិមនុស្សកម្ពុជាថា សូមគោរពនិងអរគុណខ្លាំងណាស់ ដែលយល់ពីភាពរងារបស់LGBT។
ផ្អែកតាមរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សកម្ពុជា ដែលចេញកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ ដោយគណៈកម្មាការសិទ្ធិមនុស្សកម្ពុជាបានចែងត្រង់ចំណុចទី១១ ពីសិទ្ធិរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នាថា កម្ពុជាលើកស្ទួយសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ដោយទប់ស្កាត់រាល់ទង្វើទាំងឡាយណាដែលរើសអើងចំពោះក្រុមនេះ។ ទោះបីរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា មិនទាន់ទទួលស្គាល់នូវអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏អ្នកស្រលាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ និងរួមរស់នៅជាមួយគ្នាបាន ដោយពុំមានទោសទណ្ឌអ្វីឡើយ។ ខណៈប្រទេសមួយចំនួនចាត់ទុករឿងនេះ ជាករណីព្រហ្មទណ្ឌ។
តែយ៉ាងណា ចំពោះរឿងអ្នកស្រលាញ់ភេទដូចគ្នានេះដែរ ជាក្ដីកង្វល់មួយរបស់រាជរដ្ឋាភិបាល ដោយសារជំងឺអេដស៍បានកើតឡើងវិញនៅឆ្នាំ២០២២ មានរហូតដល់ ១៤០០ករណី លើសពីឆ្នាំ២០២១ មានត្រឹម១០០០ ករណី។ ជាកង្វល់របស់រាជរដ្ឋាភិបាល ដោយសារអ្នកជំងឺអេដស៍ភាគច្រើនគឺរកឃើញលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា ជាពិសេស បុរស និងបុរស៕