en     km
en     km

មន្ដ្រីនាំពាក្យក្រសួងយុត្តិធម៌៖គោលការណ៍និទណ្ឌភាពក្នុងន័យច្បាប់ខុសពីការចង់បានរបស់សង្គមស៊ីវិល

Share

ខណៈសង្គមលើកឡើងពីករណីមិនមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យភាព និងតម្លាភាព ដើម្បីនាំជនល្មើសដែលបានប្រព្រឹត្តិបទឧក្រិដ្ឋមកផ្ដន្ទាទោស ដោយប្រើវប្បធម៌និទណ្ឌភាព ភាគីរដ្ឋាភិបាលលើកឡើងថា គោលការណ៍និទណ្ឌភាពក្នុងន័យច្បាប់ខុសពីការចង់បានរបស់សង្គមស៊ីវិល។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក ជិន ម៉ាលីន មន្ដ្រីនាំពាក្យនៃក្រសួងយុត្តិធម៌បានលើកឡើងថា​ គោលការណ៍និទណ្ឌភាពក្នុងន័យច្បាប់ខុសពីអ្វីដែលខាងសង្គមស៊ីវិលផ្ដល់ឱ្យនិយមន័យ ការចង់បាន និងការនឹកឃើញ។ លោកបញ្ជាក់ថា និទណ្ឌភាពមានន័យថា បទល្មើសកើតឡើង តែមិនមានចំណាត់ការផ្លូវច្បាប់ ឬដំណើរការនីតិវិធីនៃការស៊ើបអង្កេតទាល់តែសោះ។

ការលើកឡើងរបស់មន្ដ្រីនាំពាក្យក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) កំពុងរៀបចំយុទ្ធនាការរយៈពេល២៦ថ្ងៃ ដើម្បីលើកម្ពស់ការយល់ដឹងពីតួនាទីរបស់អ្នកសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ និងអំពីនិទណ្ឌភាពដែលកំពុងញាំញីក្នុងប្រទេសកម្ពុជា រួមទាំងអំពើឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មាន។

CCHR​បានឱ្យនិយមន័យនិទណ្ឌភាពថា ជាការរួចផុតពីការផ្ដន្ទាទោស ឬ រួចផុតពីផលវិបាកណាមួយ។ ការឱ្យនិយមន័យបែបនេះ ខណៈថ្ងៃព្រហស្បតិ៍ ទី២ ខែ វិច្ឆិកា ខាងមុខ ជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។  CCHR អះអាងថាមកដល់បច្ចុប្បន្ននេះ មិនមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យភាព និងតម្លាភាព ដើម្បីនាំជនល្មើសដែលបានប្រព្រឹត្តិបទឧក្រិដ្ឋមកផ្ដន្ទាទោស បណ្ដាលឱ្យករណីទាំងនេះមិនត្រូវបានដោះស្រាយ ហើយជនរងគ្រោះមិនទាន់ទទួលយុត្តិធម៌ ខណៈជនល្មើសនៅតែបន្ដរួចផុតពីការដាក់ទោសទណ្ឌដោយសារវប្បធម៌និទណ្ឌភាព។

ក្នុងរឿងនេះ លោក ជិន ម៉ាលីន បញ្ជាក់ថា សំណុំរឿងមួយចំនួនបានបិទបញ្ចប់ និងឈានដល់ការផ្ដន្ទាទោសជនដៃដល់ តែក៏មានរឿងខ្លះមានភាពស្មុគស្មាញ និងស្ថិតក្រោមការតាមដានស៊ើបអង្កេតរបស់សមត្ថកិច្ច។

ទោះជាបែបនេះក្ដី លោក ណុប វី នាយកប្រត្តិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA បានស្នើឱ្យរាជរដ្ឋាភិបាលគួរតែពង្រឹងការបញ្ចប់និទណ្ឌភាព ឬការស៊ើបអង្កេតចំពោះការធ្វើទុកបុកម្នេញតាមរយៈរូបភាពផ្សេងៗលើអ្នកសារព័ត៌មានផងដែរ។

តាមCCHR ផលប៉ះពាល់នៃអំពើនិទណ្ឌភាពមានដូចជា បង្ករឱ្យមានបទល្មើសកាន់តែច្រើន និងបង្កើតបរិយាកាសភ័យខ្លាចក្នុងសង្គម បាត់បង់ទំនុកចិត្តចំពោះស្ថាប័នយុត្តិធម៌ រួមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងនីតិរដ្ឋ៕

Share

Image
Image
Image