ប៉ូលិសបង់ក្លាដែសបានរាយការណ៍ឱ្យដឹងថា កម្មករកាត់ដេររាប់ពាន់នាក់នៅក្នុងប្រទេសបង់ក្លាដែសបានបើកការតវ៉ាទាក់ទងនឹងបញ្ហាប្រាក់ឈ្នួលទាបកាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។ ហេតុការណ៍តវ៉ានេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់បានស្លាប់បន្ទាប់ពីបាតុករទាំងអស់នេះប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងសន្តិសុខ។
(កញ្ញា កែវ សុជាតា រាយការណ៍)
យ៉ាងហោចណាស់មានកម្មករជាង១ម៉ឺននាក់ចាកចេញពីវេនធ្វើការរបស់ខ្លួន ដើម្បីប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុង Gazipur ដែលជាទីក្រុងឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសបង់ក្លាដែស។ បាតុករទាំងអស់នេះកម្ទេចបង្អួច និងគ្រឿងសង្ហារឹមមួយចំនួនរបស់រោងចក្រជាង ៤០កន្លែងនៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។
ប៉ូលិសបង់ក្លាដែសបាននិយាយថា មនុស្ស៧ពាន់នាក់ផ្សេងទៀត បានតវ៉ានៅក្នុងទីប្រជុំជនកណ្តាលនៃទីក្រុង Ashulia។ ក៏ប៉ុន្តែ ប្រធានសហជីពកាត់ដេរ Ashulia លោក Mohammad Ibrahim បានជំទាស់នឹងតួលេខរបស់ប៉ូលិស ដោយនិយាយថា មានបាតុករជាង ១០ ម៉ឺននាក់ឯណ្ណោះទេដែលចូលរួមធ្វើបាតុកម្ម។
ប៉ូលិសបង់ក្លាដែសអះអាងថា បាតុករទាំងនេះបានប្រើអំពើហិង្សាយ៉ាងកំរោលដោយបានគប់ដុំថ្មមកលើមន្រ្តីប៉ូលិសដូចគ្រាប់ភ្លៀង។ នៅក្នុងនោះ ប៉ូលីសមួយចំនួនបានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយបាតុករទាំងនេះផងដែរ។ ប៉ូលិសក៏បានតដៃដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃដើម្បីបំបែកក្បួនបាតុកម្ម។
ប្រទេសបង់ក្លាដែស គឺជាផ្ទះសម្រាប់រោងចក្រកាត់ដេរប្រហែល ៣,៥០០រោងចក្រ ដែលជាកន្លែងផលិតសម្លៀកបំពាក់សម្រាប់អ្នកលក់រាយ និងម៉ាកល្បីៗមួយចំនួនរបស់ពិភពលោក។ ក៏ប៉ុន្តែ គេសង្កេតឃើញថា ប្រាក់ឈ្នួលគោលប្រចាំខែសម្រាប់កម្មករក្នុងម្នាក់ គឺទទួលបានតែត្រឹម ៨,៣០០តាកា ឬស្មើនឹង ៧៥ដុល្លារប៉ុណ្ណោះ។
ការតវ៉ានេះធ្វើឡើងស្របពេលដែល ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរនៅប្រទេសបង់ក្លាដែស កំពុងត្រៀមកែសម្រួលជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ។ សហជីពក្នុងប្រទេសបង់ក្លាដែសកំពុងអំពាវនាវឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២៣,០០០តាកាក្នុងមួយខែ ដែលស្មើនឹង ២០៩.១៤ដុល្លារអាមេរិក។
នៅក្នុងហេតុការណ៍តវ៉ានេះទៀតសោត បណ្តាលឱ្យបុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងរោងចក្របានស្លាប់ដោយសារថប់ដង្ហើម បន្ទាប់ពីអគ្គីភ័យរាលដាលដល់ជាន់ទី៣នៃអគាររោងចក្រ។ ខណៈជនរងគ្រោះម្នាក់ទៀតជាបាតុករមួយរូបក្នុងការធ្វើបាតុកម្មនេះ បានរងរបួសធ្ងន់នៅអំឡុងពេលប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ហើយបាតុកររូបនេះបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា បង់ក្លាដែស គឺជាប្រទេសនាំចេញសម្លៀកបំពាក់ដ៏ធំបំផុតមួយរបស់ពិភពលោក ដោយក្នុងមួយឆ្នាំប្រទេសនេះអាចនាំចេញសម្លៀកបំពាក់ ៨៥ភាគរយ បើធៀបនឹងប្រទេសនៅអាស៊ីខាងត្បូង។ ជាងនេះទៀត វិស័យឧស្សាហកម្មនេះរកចំណូលបានជាង ៥៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំផងដែរ ក៏ប៉ុន្តែកម្លាំងញើសឈាមរបស់កម្មករកាត់ដេរចំនួន ៤លាននាក់នៅក្នុងបង់ក្លាដេសត្រូវបានកេងប្រវ័ញ្ច៕
ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣