ក្នុងទិវាអន្ដរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដកម្មប្រឆាំងអ្នកសារព័ត៌មាន ឆ្នាំ២០២៣នេះ CCHRរៀបចំយុទ្ធនាការរយៈពេល២៦ថ្ងៃ ដើម្បីលើកម្ពស់ការយល់ដឹងពីតួនាទីរបស់អ្នកសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ។ ពេលជាមួយគ្នាអ្នកជំនាញក្នុងវិស័យសារព័ត៌មានថា ការប្រឈមរបស់អ្នកសារព័ត៌មាននៅតែមានដដែលដូចជា ការដកហូតអាជ្ញាប័ណ្ណ និងការប្ដឹងផ្ដល់គ្នាជាដើម។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖301023-National news-lakchandara-02-
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។ នៅឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានកំពុងរៀបចំយុទ្ធនាការរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីលើកម្ពស់ការយល់ដឹងពីតួនាទីរបស់អ្នកសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ និងអំពីនិទណ្ឌភាពដែលកំពុងញាំញីក្នុងប្រទេសកម្ពុជា រួមទាំងអំពើឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មានផងដែរ។
CCHR សង្ឃឹមថាយុទ្ធនាការនេះ នឹងជំរុញឱ្យមានការផ្ដន្ទាទោសលើជនល្មើសនៃឧក្រិដ្ឋកម្ម និងអំពាវនាវឱ្យបញ្ចប់នូវអំពើនិទណ្ឌភាពលើករណីរបស់ពួកគេ។ តាំងពីឆ្នាំ១៩៩៤មក មានអ្នកសារព័ត៌មានចំនួន១៥នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ដោយសារការបំពេញការងាររបស់ខ្លួន។ នេះបើតាមការឱ្យដឹងពី CCHR។
ប្រភពដដែលបន្ដថា ជនរងគ្រោះចំនួន១២នាក់ ស្លាប់ដោយសារពាក់ព័ន្ធនឹងសកម្មភាពរាយការណ៍ ដែលប៉ះពាល់ដោយផ្ទាល់ដល់បុគ្គលមានអំណាច។ យ៉ាងណា CCHR អះអាងថាមកដល់បច្ចុប្បន្ននេះ មិនមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យភាព និងតម្លាភាពឡើយ ហើយជនរងគ្រោះមិនទាន់ទទួលយុត្តិធម៌ ខណៈជនល្មើសនៅតែបន្ដរួចផុតពីការដាក់ទោសទណ្ឌដោយសារវប្បធម៌និទណ្ឌភាព។
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហោះវីដេអូមួយ ដោយលើកឡើងពីអ្នកសារព័ត៌មានម្នាក់នៃកាសែតកោះសន្ដិភាព ត្រូវបានគេសម្លាប់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៤ នាខេត្តកំពង់ចាម។ លោក ចាន់ តារា ត្រូវបានគេបាញ់សម្លាប់ចំនួន២គ្រាប់ចំពីក្រោយខ្នង ក្រោយពេលលោកលាតត្រដាងអំពីអាជីវកម្មឈើ និងកៅស៊ូរបស់រដ្ឋាភិបាល និងមន្ដ្រីយោធាមួយចំនួនទៀត។ ក្រសួងមហាផ្ទៃបានចាប់ខ្លួនជនសង្ស័យ តែក៏ដោះលែងវិញនាខែឧសភា ឆ្នាំ១៩៩៥ ដោយសារខ្វះភស្ដុតាង។ CCHR ថាសាលាឧទ្ធរណ៍បានតម្កល់សេចក្ដីសម្រេចលើកលែងការចោទប្រកាន់ ដោយពុំប្ដឹងសារទុកទៅកាន់តុលាកំពូលឡើយ។
ទោះបីជាពេលបច្ចុប្បន្ននេះ ការបាញ់សម្លាប់អ្នកសារព័ត៌មានហាក់ស្ងប់ស្ងាត់ តែលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA លើកឡើងថា នៅរយៈពេល៩ខែ ឆ្នាំ២០២៣នេះ អ្នកសារព័ត៌មាននៅមានការប្រឈមបញ្ហាមួយចំនួនដដែលដូចជា ការដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយ និងការប្ដឹងផ្ដល់គ្នាជាដើម។
បន្ថែមពីនេះ នាយកប្រតិបត្តិនៃ CamboJA ថារាជរដ្ឋាភិបាលគួរតែបញ្ចប់និទណ្ឌភាព ឬការស៊ើបអង្កេតចំពោះការធ្វើទុកបុកម្នេញលើអ្នកសារព័ត៌មានផងដែរ ខណៈអ្នកសារព័ត៌មានខ្លួនឯងគួរពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីគេចចេញពីឧក្រិដ្ឋកម្មនានា។
យ៉ាងណាវិទ្យុស្ដ្រីមិនទាន់ទទួលបានការឆ្លើយតបពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌សម្រាប់ការបំភ្លឺបន្ថែមក្នុងរឿងនេះបានទេនៅរសៀលថ្ងៃចន្ទនេះ៕