បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប្រឈមមុខដាក់គ្នានៅក្នុងភ្លើងសង្រ្គាម ប្រជាជននៅតំបន់ហ្គាហ្សាបន្តរងទុក្ខដោយសារការខ្វះជំនួយមនុស្សធម៌ពីសំណាក់ប្រទេសខាងក្រៅ។ ក៏ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ តំបន់ហ្គាហ្សាទទួលបានជំនួយជាលើកដំបូង តែភាពតានតឹងនៅតែបន្ត។
(កញ្ញា កែវ សុជាតា រាយការណ៍)
ឡានជិតដប់គ្រឿងបានធ្វើដំណើរចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។ ឡានទាំងនេះបានពាំនាំនូវជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាជនដែលកំពុងត្រូវការជំនួយនៅក្នុងតំបន់ហ្គាហ្សា ដែលក្នុងនោះមានដូចជាម្សៅ ស្រូវសាលី និងផលិតផលសម្រាប់ថែទាំសុខភាពអនាម័យរបស់អ្នកប្រើប្រាស់ជាដើម។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងក្បួនជំនួយនេះដែរ ប្រធានអង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ២លាននាក់រស់នៅក្រោមជម្រកពោរពេញដោយភាពភ័យខ្លាចនិងគ្មានកន្លែងសុវត្ថិភាពដែលត្រូវទៅ ខណៈមិនមានអាហារនិងទឹកសម្រាប់បរិភោគ ទីជម្រកសមរម្យសម្រាប់ស្នាក់អាស្រ័យ និងការថែទាំសុខភាពតាមក្បួនវេជ្ជសាស្រ្តឱ្យបានត្រឹមត្រូវ។ ជាងនេះទៀត លោកបានបន្តថា ប្រជាជនប៉ាឡេស្ទីនទាំងនេះរស់ទាំងក្តីបារម្ភជារៀងរាល់ថ្ងៃ ដ្បិតកងកម្លាំងអ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកឥតឈប់ឈរមកក្នុងតំបន់ហ្គាហ្សា។
យ៉ាងណាមិញ បន្ទាប់ពីទីភ្នាក់ងារអង្គការសហប្រជាជាតិបានដឹកស្បៀងនិងសម្ភារៈទាំងនេះមកស្តុកទុកនៅក្នុងឃ្លាំងរបស់អង្គការសហប្រជាជាតិដែលមានទីស្នាក់ការនៅតំបន់ហ្គាហ្សាស្ទ្រីបរួច ប្រជាជនដែលរស់នៅក្នុងតំបន់មួយចំនួនបានបើកការវាយឆ្មក់និងលួចយករបស់របរទាំងនេះ។ នេះបើយោងតាមការរាយការណ៍របស់អ្នកនាំពាក្យជាន់ខ្ពស់របស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) លោកស្រី Abeer Etefa បានប្រាប់សារព័ត៌មាន BBC។
អ្នកស្រីសង្កេតឃើញថា ពួកគេធ្វើបែបនេះក៏ព្រោះតែពួកគេកំពុងតែឃ្លាន និងត្រូវការរបស់ទាំងនេះជាចាំបាច់។ នៅក្នុងដែរ ជនភៀសខ្លួនហ្គាហ្សាមួយចំនួនដែលបានទៅយករបស់របរពីឃ្លាំងរបស់អង្គការសហប្រជាជាតិបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេត្រូវការជំនួយជាខ្លាំង ហើយក៏អំពាវនាវឱ្យពិភពលោកជួយដល់ពួកគេដើម្បីបញ្ឈប់នូវសង្រ្គាមនេះ ជាពិសេសបន្តផ្តល់ជំនួយមកកាន់តំបន់ហ្គាហ្សា។
ដោយឡែក ក្រសួងសុខាភិបាលហ្គាហ្សាបានបង្ហាញថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលបានស្លាប់នៅក្នុងភ្លើងសង្រ្គាមនេះបានកើនឡើងដល់ទៅ ៨,០០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាស្ត្រី និងកុមារតូចៗ។ ចំណែកឯប្រជាជនដែលរស់នៅក្នុងអ៊ីស្រាអែលជាង ១,៤០០នាក់បានស្លាប់នៅអំឡុងពេលពីផ្ទុះការវាយប្រហារពីសំណាក់ក្រុមហាម៉ាស់កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ហើយអ្នកស្លាប់ភាគច្រើនជាជនស៊ីវិលសាមញ្ញា។ តួលេខអ្នកស្លាប់ទាំងនេះបានក្លាយជាកំណត់ត្រាថ្មីស្រឡាងសម្រាប់ជម្លោះរវាងភាគីទាំងពីរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ៕
ប្រភព៖ AP ចុះថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣