ក្រោយពីត្រូវបានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្រតិកម្មធ្ងន់ៗ ថាការអត្ថាធិបាយរបស់ខ្លួនមិនមានការស្វែងរកព័ត៌មាន គ្រប់ជ្រុងជ្រោយនិងអត្មានិយមជុំវិញ«វិបត្តិបំណុលនៅកម្ពុជា» អ្នកនាងកន្និដ្ឋា ដែលមានគេហទំព័រហ្វេសប៊ុកឈ្មោះ The Kanitha Show បានចេញមុខការពារអំណះអំណាងរបស់ខ្លួនថា អ្នកមិនលើកទឹកចិត្តឱ្យពលរដ្ឋដែលមានលទ្ធភាពគេចពីកាតព្វកិច្ចបង់ប្រាក់ដែលបានខ្ចីឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អះអាងថា បទអត្ថាធិប្បាយរបស់អ្នកនាង កន្និដ្ឋា តាមទំព័របណ្តាញសង្គម The Kanitha Show ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានចោទប្រកាន់ដោយខ្វះមូលដ្ឋានចំណេះដឹងពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រើប្រាស់តែទិន្នន័យតែពីអង្គការដែលគ្មានជំនាញវិជ្ជាជីវៈផ្នែកធនាគារនិងហិរញ្ញវត្ថុ ដោយមិនបានប្រើប្រាស់ទិន្នន័យពីប្រភពត្រឹមត្រូវដូចជាធនាគារជាតិនៃកម្ពុជា ឬសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងស្របច្បាប់នៃវិស័យនេះ។
សេចក្ដីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដែលផ្សាយដោយលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមនេះ បានច្រានចោលដោយថា បទអត្ថាធិប្បាយនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋគេចវេសមិនបំពេញកាតព្វកិច្ចសងប្រាក់មកកាន់គ្រឹះស្ថាន ដែលជាការរំលោភច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមនេះ
ក៏ប៉ុន្តែ អ្នកនាង កន្និដ្ឋា បានចេញវីដេអូជាង១២នាទី ឆ្លើយតបតាមទំព័របណ្តាញសង្គម The Kanitha Showថា អ្នកនាងមិនបាននិយាយបែបនេះឡើយ ដោយលើកយកការនិយាយរបស់ខ្លួនក្នុងវីដេអូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)ប្រតិកម្មនេះ ដែលអ្នកនាងបាននិយាយថា៖ «បើសិនជាបងប្អូនមិនអាចសងបំណុលបានទេ នោះបងប្អូនឈប់សង និងឈប់បារម្មណ៍ទៅ ហើយបើសិនជាពួកគេព្យាយាមយាយីទៅដល់បងប្អូន នោះសូមបងប្អូនដកទូរសព្ទ តេទៅប៉ូលីសទៅ»។
ក្រោយពីលើកយកសំដីដើមអ្នកនាងកន្និដ្ឋា បានបកស្រាយការលើកឡើងនេះថា អ្នកដែលជំពាក់បំណុលត្រូវតែមានទំនួលខុសត្រូវ ក្នុងការសងទៅវិញ ប៉ុន្តែបើខិតខំស្វែងរកអស់លទ្ធភាពហើយនៅតែមិនអាចសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលខ្លួនជំពាក់ កុំចាំបាច់ព្រួយបារម្មណ៍ បាក់ទឹកចិត្ត ឬឈានដល់ការសម្លាប់ខ្លួនអី។
«បងប្អូនការពិតទៅគឺខ្ញុំនិយាយថា បើសិនជាបងប្អូនណាដែលមិនអាចសងបានទៀត នេះគឺខ្ញុំប្រើពាក្យថាមិនអាច ដែលខ្ញុំមានន័យថា បើសិនជាយើងខំស្វែងរកអស់ពីលទ្ធភាពហើយ ធ្វើយ៉ាងណាហើយ ដែលខិតខំខ្លាំងហើយ តែយើងនៅតែមិនអាចសងរួចទៀត នេះគឺខ្ញុំបាននិយាយថាឈប់សងទៅ កុំចាំបាច់ព្រួយបារម្មណ៍ កុំទៅសម្លាប់ខ្លួន កុំទៅបាក់ទឹកចិត្តអី។ នេះគឺខ្ញុំនិយាយបែបហ្នឹង! ខ្ញុំមិនបាននិយាយថាឱ្យអ្នកជំពាក់បំណុលទាំងអស់ដែលមានលទ្ធភាពសងហ្នឹងទៅបញ្ឈប់សកម្មភាពក្នុងសងទាំងអស់គ្នានោះទេ។ បងប្អូននេះគឺអត្ថន័យវាខុសគ្នា។ នៅក្នុងសេដ្ឋកិច្ចបើសិនជាអ្នកជំពាក់បំណុលនាំគ្នាមិនសងបំណុលគ្រប់គ្នា នោះសេដ្ឋកិច្ចវានឹងដួលរលំហើយ ខ្ញុំគឺមិនគាំទ្របែបនេះនោះទេ»។
អ្នកនាង កន្និដ្ឋា អ្នកធ្វើមាតិកាតាមទំព័របណ្តាញសង្គម The Kanitha Show
ការប្រតិកម្មរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ កើតមានឡើងបន្ទាប់ពីសមាគមបានព្យាយាមទំនាក់ទំនងទៅកាន់កម្មវិធី The Kanitha Show តាមរយៈលេខទូរសព្ទ័ សារអេទ្បិចត្រូនិច សារចូលក្នុងផេករបស់កម្មវិធី ដើម្បីផ្តល់ព័ត៌មាន និងទិន្នន័យបន្ថែម ប៉ុន្តែមិនមានការឆ្លើយតប ដែលធ្វើឱ្យសមាគមនេះ ចោទប្រកាន់ថាអ្នកនាងកន្និដ្ឋាមិនខ្វល់ ក្នុងការស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ គ្មានឆន្ទៈក្នុងការជួយប្រជាជនកម្ពុជាពិតប្រាកដ។
ក៏ប៉ុន្តែតាមរយៈការបកស្រាយ អ្នកនាងកន្និដ្ឋា ដែលយោងទៅលើប្រភពព័ត៌មានពីអង្គការលីកាដូ អះអាងថា មានតែប្រភពរបាយការណ៍របស់អង្គការលីកាដូទេ ដែលមិនឈរនៅតែភាគីម្ខាង ហើយទិន្នន័យស្មើភាពត្បិតអង្គការនេះ ភាគីទី៣ ដែលមិនរកប្រាក់ចំណេញ៕