en     km
en     km

ស្តេចស៊ូលតង់ អ៊ីប្រាហ៊ីម នឹងឡើងគ្រងរាជ្យជាស្តេចម៉ាឡេស៊ីបន្ទាប់ក្នុងអាណត្តិថ្មីនេះ

Share

ព្រះចៅស៊ូលតង់ Sultan Ibrahim Sultan Iskandar នឹងត្រូវឡើងគ្រងរាជ្យជាព្រះមហាក្សត្រថ្មីរបស់ប្រទេសម៉ាឡេស៊ីសម្រាប់អាណត្តិខាងមុខនេះចាប់ពីថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២៤។ ជាការសោយរាជ្យលើកដំបូងបង្អស់របស់ទ្រង់ក្នុងតំណែងជាព្រះមហាក្សត្រ ក្រោយរង់ចាំអស់រយៈពេល៣៤ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

ការប្រកាសនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់មន្រ្តីរាជវាំងនាថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីព្រះចៅស៊ូលតង់នៃរដ្ឋទាំងប្រាំបួនបានជួបប្រជុំគ្នានៅក្នុងបោះឆ្នោតរកព្រះមហាក្សត្របន្តវេនសម្រាប់អាណត្តិថ្មីនេះ។ មន្រ្តីរូបនេះបាននិយាយថា ក្រោមការបោះឆ្នោតក្នុងកិច្ចប្រជុំលើកទី២៦៣របស់ ព្រះបរមរាជវាំងជាតិនេះ ព្រះរាជវង្សសម្រេចតែងតាំងព្រះចៅស៊ូលតង់ Sultan Ibrahim Sultan Iskandar ជាព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី ដែលនឹងគ្រងតំណែងសម្រាប់រយៈពេល៥ឆ្នាំ។

គួរបញ្ជាក់ដែរថា ការ​បោះឆ្នោតនេះធ្វើឡើងក្រោមការរៀបចំតាមលំដាប់លំដោយនៃការបោះឆ្នោតតាមប្រព័ន្ធ​រាជា​និយម​វិលជុំ ឬប្រព័ន្ធផ្លាស់ប្តូរវេនគ្នាគ្រប់គ្រងរបស់ប្រទេសម៉ាឡេស៊ី។ ប្រព័ន្ធនេះត្រូវបានយល់ព្រមដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៥៧ នៅពេលដែលម៉ាឡាយ៉ាទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។

ដើម្បីក្លាយជាព្រះមហាក្សត្រសម្រាប់អាណត្តិថ្មីមួយ ព្រះចៅស៊ូលតង់ត្រូវការសំឡេងគាំទ្រភាគច្រើន ពោលគឺយ៉ាងហោច៥សំឡេងក្នុងចំណោម៩សំឡេង។ អ្នកចូលរួមបោះឆ្នោតមានព្រះចៅស៊ូតង់ទាំងប្រាំបួនដែលគ្រប់គ្រងរដ្ឋប្រាំបួនផ្សេងៗគ្នា យខណៈរដ្ឋបួនផ្សេងទៀតរបស់ម៉ាឡេស៊ីពុំមានព្រះចៅស៊ូតង់គ្រប់គ្រងនោះទេ។

ដោយឡែក ព្រះមហាក្សត្របច្ចុប្បន្នរបស់ម៉ាឡេស៊ីព្រះនាម Sultan Abdullah ជាស្តេចទី១៦ ដែលបានឡើងសោយរាជ្យនៅឆ្នាំ២០១៩ ក្នុងព្រះជន្ម ៥៩ព្រះវស្សា។ អាណត្តិរបស់ស្តេចបច្ចុប្បន្ន នឹងបញ្ចប់ការគ្រប់រាជ្យនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤៕

សូមជម្រាបថា ម៉ាឡេស៊ីគឺជាប្រទេសប្រជាធិបតេយ្យអាស្រ័យសភា ដោយមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ រដ្ឋធម្មនុញ្ញសហព័ន្ធម៉ាឡេស៊ី បានផ្តល់សិទ្ធិអំណាចដល់ព្រះមហាក្សត្រមួយចំនួនដូចជាការអនុញ្ញាតឱ្យទ្រង់តែងតាំងនាយករដ្ឋមន្រ្តី បើទ្រង់ជឿជាក់ថាអ្នកនយោបាយរូបនោះ អាចក្តោបក្តាប់សំឡេង​ភាគច្រើននៅក្នុងសភា។ ព្រះមហាក្សត្រម៉ាឡេស៊ី ក៏មានសិទ្ធិផ្តល់ការព្រះរាជទានលើកលែងទោសដល់អ្នកទោសផងដែរ៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី២៧ ខែតុលា​ ឆ្នាំ២០២៣

 

Share

ព័ត៌មានទាក់ទង

Image