រូបភាពស្នាដៃសិស្សនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ (ខេត្តកែប)
នៅសាលាបឋមសិក្សាមួយបានបំផុសគំនិតសិស្សឱ្យមានភាពច្នៃប្រតិដ្ឋនិងយល់ដឹងអំពីបរិស្ថាន ដោយឱ្យសិស្សផលិតសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលសម្ភារៈទាំងនោះភាគច្រើន គឺជារបស់របរដែលគេបោះចោល ឬជារបស់ដែលគេលែងប្រើប្រាស់។ កញ្ញា គុជ ស៊ីកុល រាយការណ៍
សកម្មភាពកែឆ្នៃរបស់ចាស់ៗឡើងវិញក្នុងសាលារៀននេះ គឺបានផ្តួចផ្តើមនិងដឹកនាំដោយលោកគ្រូ អយ ហ៊ើយ និងលោកគ្រូ កឹម សុគន្ធ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ។ ទាក់ទិននឹងសកម្មភាពនេះ គឺលោកគ្រូបានកំណត់ពេលឱ្យសិស្សធ្វើក្នុងរយៈពេល១០ថ្ងៃ ក្រោយមកក៏ប្រមូលកិច្ចការសិស្សយកមកតាំងបង្ហាញនៅសាលាតែម្តង។
បើតាមលោកគ្រូ អយ ហ៊ើយ ដែលគ្រូដឹកនាំម្នាក់ របស់ដែលសិស្សផលិតឡើងមកនេះ គឺបានមកពីទុយោ កំប៉ុង ដប សម្បកកេស ឈើ ឌីណាម៉ូកូនឡានបញ្ជា(ខូចតេឡេបញ្ជា) និងសម្ភារៈផ្សេងៗទៀតដែលអាចចាត់ទុកថាជាសំរាម ឬជារបស់ដែលទុកចោល។ លោកគ្រូ អយ ហ៊ើយ បានបញ្ជាក់បន្ថែមថា ស្នាដៃដែលសិស្សផលិតឡើងមកនេះ វាសុទ្ធតែជាសំរាម ឬរបស់ដែលលែងប្រើការទាំងអស់ លើកលែងតែកាវបិទតែប៉ុណ្ណោះ ដែលត្រូវទៅទិញនៅផ្សារបន្ថែម។
ទាក់ទិននឹងការបំផុសគំនិតមួយនេះ លោកគ្រូចង់ឱ្យសិស្សយល់ដឹងពីសារៈសំខាន់នៃសម្ភារៈផ្សេងៗ ហើយមានគំនិតយកសំរាម ឬវត្ថុដែលលែងប្រើការបាន យកទៅច្នៃប្រឌិតធ្វើអ្វីផ្សេងៗទៀតឱ្យមានប្រយោជន៍និងដើម្បីចូលរួមថែរក្សាបរិស្ថាន។ ជាមួយគ្នានេះដែរ ការបង្កើតសកម្មភាពនេះ គឺបានជួយឱ្យសិស្សមានគំនិតនិងចូលចិត្តការច្នៃឌិតផ្សេងៗ ក៏ដូចជាចេះសហការគ្នានិងចេះធ្វើការងារជាក្រុម។ លើសពីនេះទៅទៀតនោះ គឺបានធ្វើឱ្យការសិក្សារបស់សិស្សមានការរីកចម្រើនជាងមុន ព្រោះសិស្សមានគំនិតចេះសិក្សាស្រាវជ្រាវមេរៀនតាម Internet (ដូចជាYouTube & Facebook)។
កុមារា វ៉ា លាងហេង ជាសិស្សថ្នាក់ទី៦ នៅសាលាខាងលើដែលទទួលបានបានណែនាំពីលោកគ្រូបានផលិតកន្ត្រកវិល បានឱ្យដឹងថា របស់ទាំងនោះគឺបានមកពីការដើររើសរបស់ចាស់ៗខ្លះនិងសល់ពីការប្រើប្រាស់នៅផ្ទះខ្លះ។ កុមារារូបនេះ មានអារម្មណ៍រំភើបខ្លាំងនៅពេលដែលធ្វើបានសម្រេចចេញជារូបភាព ព្រោះខ្លួនចូលចិត្តស្នាដៃមួយនេះខ្លាំងណាស់។ លាងហេង ក៏បាននិយាយថា «ស្នាដៃដែលខ្ញុំធ្វើនេះ គឺខ្ញុំបានឃើញគេធ្វើក្នុងយូធូប ហើយខ្ញុំចាប់អារម្មណ៍ក៏រៀនធ្វើតាមរហូតបានសម្រេចតែម្តង»។
រូបភាពស្នាដៃសិស្សនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ (ខេត្តកែប)
ចំណែកកុមារី វ៉ាន សម្ផស្សជលសា ជាសិស្សថ្នាក់ទី៦ដូចគ្នា បានផលិតកាតាប ក៏បង្ហាញអារម្មណ៍សប្បាយចិត្តថា របស់ទាំងនោះ គឺសល់ពីការប្រើប្រាស់នៅផ្ទះរបស់ខ្ញុំ ប៉ុន្តែកាវបិទវិញ នាងបានទិញពីផ្សារ ដើម្បីបិទរូបកាតាបនេះ។ សម្ផស្សជលសា បាននិយាយថា «ខ្ញុំចេះធ្វើរបស់នេះឡើងមក ដោយសារខ្ញុំធ្លាប់ឃើញកាតាបលោកគ្រូ ហើយខ្ញុំចាប់អារម្មណ៍ក៏រៀនធ្វើតាមរហូតបានសម្រេច»។
រូបភាពស្នាដៃសិស្សនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ (ខេត្តកែប)
គួរបញ្ជាក់ផងដែរថា ការបំផុសគំនិតឱ្យមានសកម្មភាពនេះឡើង គឺជាការផ្សារភ្ជាប់មេរៀននៅក្នុងសាលានិងការអនុវត្តជាក់ស្តែង។ មិនតែប៉ុណ្ណោះ វាក៏ជាការបំផុសគំនិតឱ្យកុមារស្រឡាញ់បរិស្ថាននិងចេះច្នៃរបស់ដែលជាសំរាម មកធ្វើជារបស់ដែលអាចប្រើការបានផងដែរ។
ក្រោយពីសម្រេចបាននូវគំនិតលើសកម្មភាពច្នៃសម្ភារៈចាស់ៗនេះ លោក គ្រូ អយ ហ៊ើយ ក៏បានសំណូមពរដល់សិស្សានុសិស្សគ្រប់ៗរូបនិងគ្រប់កម្រិតថ្នាក់ទាំងអស់ ឱ្យចូលរួមនិងខិតខំសិក្សារៀនសូត្រ និងចេះបំផុសឱ្យមានគំនិតច្នៃប្រឌិតផ្សេងៗដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិ។ ជាមួយគ្នានេះដែរ ណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមជំរុញនិងលើកទឹកចិត្តដល់កូនៗឱ្យមានគំនិតសិក្សាស្រាវច្នៃប្រឌិតផ្សេងដោយខ្លួនឯង ដើម្បីជាប្រយោជន៍ ហើយចៀសផុតពីគ្រឿងញៀន៕
អត្ថបទខ្លីសរសេរដោយ សំណេរ លោក សាត ឌិត សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕