ភ្នំពេញ៖ បើទោះបីជាមានការយកចិត្តទុកដាក់ពីសំណាក់ភាគីពាក់ព័ន្ធក្នុងការបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្តី ប៉ុន្តែយុវជនមួយចំនួននៅតែសម្តែងក្តីបារម្ភស្របពេលដែលពួកគេសង្កេតឃើញថា ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមបានកើនឡើងជាបន្តបន្ទាប់ ហើយការយល់ដឹងរបស់អ្នកប្រើប្រាស់មួយចំនួននៅមានកម្រិតនៅឡើយ។
ក្នុងសន្និសីទស្តីអំពីបណ្តាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានកម្ពុជា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីវិធីសាស្រ្តផ្សេងៗគ្នា ក្នុងការបញ្ជ្រាបនូវខ្លឹមសារអប់រំពីការទទួលបានព័តមាន និងដាក់បញ្ចូលវគ្គបណ្តុះបណ្តាលនានារបស់ខ្លួន ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ប្រជាជនទៅលើអក្ខរកម្មប្រព័ន្ធផ្សាយ។ ប្រធានបទនេះធ្វើឱ្យអ្នកចូលរួមកម្មវិធី ជាពិសេសយុវជនមានការចាប់អារម្មណ៍ ហើយក៏មានការជជែកវែកញែកទៅលើបញ្ហា និងដំណោះស្រាយនៃការយល់ដឹងទៅលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយយ៉ាងសកម្ម។
ក្នុងនោះ យុវជន សំណាង សមាជិកក្រុមប្រឹក្សាយុវជននៃអង្គការសហប្រជាជាតិ ទទួលបាននូវចំណេះដឹងជាច្រើនក្នុងការចូលរួមកម្មវិធីនេះ។ ក៏ប៉ុន្តែយុវជនមួយរូបនេះនៅតែមើលឃើញពីគម្លាតចំណេះដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយរវាងអ្នករស់នៅតំបន់ដាច់ស្រយាល និងបណ្តាខេត្តមួយចំនួន ជាមួយនឹងអ្នករស់នៅទីក្រុង។ ការណ៍ដែលសំណាង លើកឡើងបែបនេះព្រោះថា សំណាងសង្កេតឃើញថាមានបញ្ហាមួយចំនួនដូចជា ចំណេះដឹងភាសា និងការផ្សព្វផ្សាយពីចំណេះដឹងលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយហាក់នៅមានកម្រិត។
ចំណែកឯ កញ្ញា ហុក លីដា មន្រ្តីគម្រោងប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងជាគ្រូបង្គោលនៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ក៏បានលើកឡើងពីបញ្ហារបស់បណ្តាញសង្គមមួយចំនួនផងដែរដូចជា ការឆបោកតាមប្រព័ន្ធអនឡាញ ការបំផុសឡើងនូវព័ត៌មានមិនមានប្រភពគ្រប់ជ្រុងជ្រោយ និងសកម្មភាពមួយចំនួនទៀត ដែលកញ្ញាអះអាងថាសុទ្ធសឹងតែជាក្តីបារម្ភចំពោះការទទួលបានព័ត៌មាន របស់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទាល់ អាចនឹងចូលខ្លួនក្នុងការចែករំលែកបន្តនូវព័ត៌មានមិនពិតទៅកាន់មនុស្សដទៃទៀតផង។
ពាក់ព័ន្ធករណីនេះ ផ្អែកតាមទិន្នន័យពីគេហទំព័រ napoleoncat.com បានឱ្យដឹងថា គិតត្រឹម ខែឧសភា ឆ្នាំ២០២៣ ចំនួនអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកក្នុងប្រទេសកម្ពុជា មានចំនួនជាង១៣លាននាក់ (១៣ ៥៧៤ ៧០០ នាក់) ដែលស្មើនឹង ៧៧,៤ ភាគរយ នៃចំនួនប្រជាជនសរុប។ លើសពីនេះទិន្នន័យបង្ហាញទៀតថា ក្រុមមនុស្សដែលប្រើបណ្តាញហ្វេសប៊ុកច្រើនបំផុត គឺមានអាយុចន្លោះពី ២៥ ដល់ ៣៤ឆ្នាំ។
តាមរយៈការសហការណ៍ជាមួយអង្គការ DW Akademia ក្នុងគម្រោងបណ្តុះបណ្តាលពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ឬ Media Information Literacy(MIL) លោក សុផេង តំណាងសមាគមន៍យុវជនខ្មែរ(KYA) ឱ្យដឹងថាដើម្បីពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយ ខាងសមាគមន៍របស់លោកនឹងមានផែនការផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅកាន់បណ្តាខេត្តគោលដៅមួយចំនួន។ ក៏ប៉ុន្តែលោកស្នើឱ្យមានការចូលរួមបន្ថែមពីគ្រូបង្វឹកទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការធានាគុណភាពបណ្តុះបណ្តាលឱ្យមានលក្ខណៈល្អប្រសើរ។
កញ្ញា សេង ស៊ីណេត តំណាងក្រសួងអប់រំ យុវជន និងកីឡា លើកឡើងក្នុងសន្និសីទថា ក្រសួងបានយកចិត្តទុកដាក់ ជាមួយនឹងការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការចុះអនុសារណៈយោគយល់ជាមួយអង្គការ DW Akademia ក្រសួងនឹងដាក់បញ្ចូលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានចូលទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀនទូទាំងប្រទេស ដើម្បីពង្រីកចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយទៅកាន់គ្រូបង្រៀន និងសិស្សានុសិស្ស។
ជាសំណូមពរ យុវជន សំណាង ស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាពង្រឹង ឱ្យការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយកាន់តែរីកដុះដាលទៅដល់មនុស្សគ្រប់គ្នា។
ជាមួយគ្នានេះដែរ តាមការធ្វើបទបង្ហាញរបស់ លោក ចាន់ សុខម៉េង តំណាងដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានបង្ហាញពីគម្រោងមួយមានឈ្មោះថា Media Lap ដែលជាគម្រោងមួយមានគោលបំណងពង្រឹងការយល់ដឹងពិប្រព័ន្ធផ្សព្វផ្សាយទៅកាន់មនុស្សគ្រប់គ្នា តាមរយៈការផ្សព្វផ្សាយជាមាតិកា ផ្ទាំងរូបភាព និងវិដេអូរជាដើម។ ជាពិសេសគម្រោងមួយនេះក៏បានផ្តោតសំខាន់ក្នុងការបជ្រាបពិអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយទៅកាន់អ្នកដែលមានបញ្ហា គ ថ្លង់ តាមរយៈការផលិតវិដេអូរភាសាកាយវិការផងដែរ។
សន្និសិទស្តីអំពីបណ្តាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានកម្ពុជានេះ ធ្វើឡើងជាលើកទី៣ហើយ ដែលមានការសហការណ៍រវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា ក្រសួងអប់រំយុវជន និងកីឡា មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និងសមាគមន៍យុវជនខ្មែរ(KYA) ហើយមានការគាំទ្រដោយអង្គការ DW Akademia៕