en     km
en     km

គណៈកម្មាការសិទ្ធិមនុស្ស៖ សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នារក្សានៅទម្រង់ដដែល ទោះមានការស្នើសុំ

Share

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាការសិទ្ធិមនុស្សកម្ពុជាបានចេញរបាយការណ៍សង្ខេបពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ក្នុងរបាយការណ៍ត្រង់ចំណុចទី១១ បានចែកពីសិទ្ធិរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា គឺហាក់នៅដដែល ដោយចែងថា កម្ពុជាលើកស្ទួយសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ដោយទប់ស្កាត់រាល់ទង្វើទាំងឡាយណាដែលរើសអើងចំពោះក្រុមនេះ។

គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា ទោះបីរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា មិនទាន់ទទួលស្គាល់នូវអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏អ្នកស្រលាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ និងរួមរស់នៅជាមួយគ្នាបាន ដោយពុំមានទោសទណ្ឌអ្វីឡើយ។ ប្រភពនេះអះអាងថា ប្រទេសមួយចំនួនក្នុងតំបន់បានចាត់ទុកទង្វើនេះ ជាបទល្មើសព្រហ្មទណ្ឌ។

យ៉ាងណារបាយការណ៍នេះ ហាក់នៅដដែលដូចការលើកឡើងរបស់អតីតនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០២៣។ ខណៈធ្លាប់មានការស្នើសុំឱ្យធ្វើវិសោធនកម្មច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា រៀបអាពាហ៍ពិពាហ៍បាន ពីខាងសង្គមស៊ីវិលដែលធ្វើការលើរឿងសិទ្ធិមនុស្ស។

បែបនេះក្ដី ទាក់ទងដល់រឿងអ្នកស្រលាញ់ភេទដូចគ្នា អតីតនាយករដ្ឋមន្ដ្រីធ្លាប់លើកឡើងពីជំងឺអេដស៍ផងដែរ ថាបានងើបឡើងវិញក្នុងឆ្នាំ២០២២ មានអ្នកឆ្លងដល់ជាង១៤០០ករណី ដោយរកឃើញភាគច្រើនលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា ជាពិសេសបុរស និងបុរស។

សហគមន៍អ្នកស្រឡាញ់​ភេទ​ដូចគ្នាក៏ធ្លាប់លើកឡើងពី ការរើសអើង​ក្នុងសង្គមលើ​អ្នកស្រឡាញ់​ភេទ​ដូចគ្នាថានៅតែមាន ទោះរាជរដ្ឋាភិបាលស្នើឱ្យកុំរើសអើងក្ដី។ ជាមួយគ្នាសហគមន៍អ្នកស្រឡាញ់​ភេទ​ដូចគ្នា  ចង់ឃើញច្បាប់សមភាពអាពាហ៍ពិពាហ៍សម្រាប់អ្នក​ស្រឡាញ់​ភេទ​ដូចគ្នាកើតឡើង​ ដើម្បីធ្វើ​ឱ្យ​ប្រាកដ​ថា អ្នកស្រឡាញ់ភេទដូចគ្នាអាចអនុវត្តសិទ្ធិរបស់ពួកគេបានពេញលេញ និង​អាច​បង្ហាញ​ថា ពួកគេជាដៃគូស្របច្បាប់៕

 

Share

ព័ត៌មានទាក់ទង

Image