en     km
en     km

អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ទទួលមរណភាព១០ខែក្រោយចូលនិវត្តន៍

Share

អតីតនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានទទួលមរណភាពនៅម៉ោង០០:១០នាទីយប់ឈានចូលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣នៅក្នុងទីក្រុងសៀងហៃប្រទេសចិន។ លោកទទួលមរណភាពដោយសារជំងឺគាំងបេះដូងភ្លាមៗ បើទោះបីជាមានការជួយសង្រ្គោះអំឡុងពេលនោះក៏នៅដោយ។ នេះបើយោងតាមសារព័ត៌មាន Chanel News Asia ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

អតីតនាយករដ្ឋមន្រ្តីចិនរូបនេះបានចែកឋាននៅក្នុងអាយុ ៦៨ឆ្នាំ។ លោកបានបន្តតួនាទីជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនរហូតដល់ខែតុលា ឆ្នាំ២០២២។ ចំពោះអាណត្តិជានាយករដ្ឋមន្រ្តីរបស់លោក បានផុតកំណត់ជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក លី ខឺឈាង ត្រូវគេស្គាល់ថាជាអ្នកវាស់ស្ទង់កំណើនសេដ្ឋកិច្ចដ៏ឆ្នើមម្នាក់ ដែលព្យាយាមប្រើប្រាស់សូចនាករប្រកង់ខ្ពស់ដូចជាចរាចរណ៍ផ្លូវដែក ការប្រើប្រាស់អគ្គិសនី និងប្រាក់កម្ចីពីធនាគារ ដើម្បីស្វែងយល់ពីដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិន។

ដោយឡែក នៅក្នុងការបង្ហាញខ្លួនជាសាធារណៈចុងក្រោយក្នុងនាមជានាយករដ្ឋមន្រ្តីចិន លោក លី បាននិយាយថា មិនថាខ្យល់និងពពកអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ ប្រទេសចិននឹងពង្រីកអំណាចរបស់ខ្លួនដោយគ្មានការផ្លាស់ប្តូរឡើយ ប្រៀបបានទៅនឹងទន្លេ Yangtze និងទន្លេលឿនដែលនឹងមិនហូរច្រាស់ត្រឡប់ថយក្រោយ។

សូមជម្រាបថា កាលពីឆ្នាំ២០២០ លោកក៏ធ្លាប់ឱ្យដឹងពីវិសមភាពប្រាក់ចំណូលប្រជាជនចិនផងដែរ ដោយថា ក្នុងចំណោមប្រជាជនចិនចំនួន ៦០០លាននាក់ យ៉ាងហោចណាស់ក្នុងម្នាក់អាចរកប្រាក់ចំណូលយ៉ាងតិចចំនួន ១៤០ដុល្លារអាមេរិកក្នុងមួយខែ៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image