បទចម្រៀង ឱភ្នំពេញអើយ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចរក្សាសិទ្ធិសីលធម៌ដែលមានពីមុនមក ដោយដាក់ថា និពន្ធទំនុកច្រៀងដោយលោក កែវ ចិន្ដា អតីតរដ្ឋមន្ដ្រីក្រសួងឃោសនាការ និងអភិបាលក្រុងភ្នំពេញ សម្រួលបទភ្លេងដោយលោក ជ័យ សុភា និងច្រៀងដោយលោកស្រី សូ ចន្នី។
ការសម្រចបែបនេះ ក្រោយពេលមានការស្នើសុំអន្ដរាគមន៍លើការរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធពីក្រុមគ្រួសារលោក កែវ ចិន្ដា កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣។ មូលហេតុដែលគ្រួសារម្ចាស់កម្មសិទ្ធិនេះស្នើសុំអន្តរាគមន៍ ខណៈមានការលើកឡើងពីលោក ម៉ម មិថុនា ដែលជាអ្នកនិពន្ធបទភ្លេងដ៏ល្បីមួយរូបនៅផលិតកម្មរស្មីហង្សមាសថាបទ ឱភ្នំពេញអើយ ជាការនិពន្ធទំនុកច្រៀង និងបទភ្លេងដោយឪពុករបស់លោក គឹលោក ម៉ម ធឿន។
យ៉ាងណាក្រសួងវប្បធម៌ ថាបានរៀបចំកិច្ចប្រជុំសម្របសម្រួលដោះស្រាយលើករណីនេះចំនួន៤ដង និងបានសិក្សាជ្រាវជ្រាវលើឯកសារពាក់ព័ន្ធនានា រួមមានសក្ខីកម្ម និងប្រមូលភសក្ដុតាងផ្សេងៗពីភាគីពាក់ព័ន្ធទាំងអស់ ទើសម្រេចរក្សានូវសិទ្ធិសីលធម៌ដែលមានពីមុនមកឱ្យនៅដដែល។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ បានអះអាងក្នុងលិខិតរបស់ក្រសួងថា ភាគីសងខាងបានយល់ព្រមទទួលនូវដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ក្រោមការសម្របសម្រួលពីក្រសួងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយផ្អែកគោលការណ៍ឈ្នះៗ និងច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលគ្នា។
គួរជម្រាបថា បទចម្រៀង ឱភ្នំពេញអើយ ក៏ត្រូវបានក្រសួងវប្បធម៌ចាត់ទុកជាកម្មសិទ្ធផ្ដាច់មុខរបស់គណបក្សប្រជាជនកម្ពុជា ដោយសារសិទ្ធិបេតិកភណ្ឌនៃស្នាដៃនេះមានអង្គហេតុជាប្រវត្តិសាស្ដ្រ ឆ្លុះបញ្ចាំងពីសង្គមកម្ពុជាងើបផុតពីរបបខ្មែរក្រហម៕