ប្រជាពលរដ្ឋមកពីខេត្តព្រះវិហារជាង ១០០ នាក់ នៅថ្ងៃនេះ បានមកប្រមូលផ្តុំគ្នានៅខាងមុខក្រសួងមហាផ្ទៃ ដោយអ្នកខ្លះមានកាន់បដា ខ្លះទៀតកាន់រូបថតសម្តេច ហ៊ុន សែន និងបានស្រែកទាមទារឱ្យសម្តេច ហ៊ុន សែន និង សម្តេចក្រទ្បាហោម ស ខេង ជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ជូនពួកគេ ដែលត្រូវបានអ្នកមានអំណាចនៅខេត្តព្រះវិហារបណ្តេញចេញពីលំនៅដ្ឋាន។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
ប្រជាពលរដ្ឋជាង ១០០ នាក់មកពីស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បាននាំគ្នាតវ៉ានៅខាងមុខក្រសួងមហាផ្ទៃ ដើម្បីឱ្យសម្តេច ស ខេង ជួយដោះស្រាយបញ្ហដីធ្លី ដែលពួកគេចោទថា អ្នកមានអំណាចក្នុងខេត្តនេះបានរំលោភយក។
អ្នកតវ៉ាម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលឡើងមកតវ៉ាទាំងអស់នោះ គឺអ្នកស្រីអៀម សាវ៉ាន ។ អ្នកស្រី បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះថា គោលបំណងសំខាន់ដែលអ្នកស្រីទ្បើងមកតវ៉ានៅខាងមុខក្រសួងមហាផ្ទៃ គឺដើម្បីឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជួយរកដំណោះស្រាយជូនពួកគាត់ ទាក់ទងនឹងជម្លោះដីធ្លីជាមួយអ្នកមានអំណាចនៅខេត្តព្រះវិហារ។
អ្នកស្រី អៀម សាវ៉ាន បានចោទប្រកាន់ទៅលើលោក សួស យ៉ារ៉ា ដែលជាតំណាងរាស្ត្រខេត្តនេះ មកពីគណបក្សប្រជាជនកម្ពុជា និងលោក ជុច ភឿន អតីតប្រធានអាជ្ញាធរជាតិព្រះវិហារថា បានឃុបឃិតគ្នាជាមួយអាជ្ញាធរខេត្ត បាននាំយកកងកម្លាំងប្រដាប់អាវុធ និងយកគ្រឿងចក្រទៅឈូសឆាយផ្ទះសម្បែងរបស់គាត់ ធ្វើឱ្យគាត់បាត់បង់ផ្ទះសម្បែង។ អ្នកស្រី អៀម សាវ៉ាន សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងជួយទាមទារដីធ្លីឱ្យពួកគាត់វិញ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរចិញ្ចឹមជីវិតដូចកាលពីមុនវិញ។
«ខ្ញុំចង់បាននិយាយពីរឿងដីធ្លីដែលគេយកដីខ្ញុំ សួស យ៉ារ៉ា និងអ៊ុំ ម៉ារ៉ា ចៅហ្វាយខេត្តយកដីខ្ញុំ ឆ្នាំ២០១១ ដេញខ្ញុំចេញ ឈូសឆាយផ្ទះខ្ញុំហ្នឹង បានជាខ្ញុំហ្នឹងអត់មានកន្លែងនៅប៉ុន្មាន ៥-៦ ឆ្នាំហើយ ខ្ញុំចាកចេញពីដីហ្នឹងគ្មានដីធ្លីដើរជួលផ្ទះគេនៅសព្វថ្ងៃ…»។
តំណាងអ្នកតំវ៉ាបញ្ហាដីធ្លីនៅខេត្តព្រះវិហារ គឺលោក ផាន់ ធឿន បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះថា គោលបំណងដែលពួកគាត់នាំគ្នាមកតវ៉ានៅខាងមុខក្រសួងមហាផ្ទៃនេះ គឺដើម្បីយកញត្តិមកដាក់ឱ្យក្រសួងមហាផ្ទៃ ជួយដោះស្រាយពីបញ្ហាដីធ្លី ដែលពួកគាត់ត្រូវបានអាជ្ញាធរខេត្តព្រះវិហារបណ្តេញ ចេញពីកន្លែងពួកគាត់រស់នៅ។
លោក ផាន់ ធឿន បានបន្ថែមទៀតថា កន្លងមកលោកធ្លាប់បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ឱ្យជួយដោះស្រាយពីជម្លោះដីធ្លីនេះម្តងរួចមកហើយ តាមរយៈអាជ្ញាធរខេត្តព្រះវិហារ ប៉ុន្តែពុំមានដំណឹងពីដំណោះស្រាយនៃការដាក់ញត្តិនោះទាល់សោះ។ លោក ថា ហេតុដូច្នេះហើយ ទើបពួកគាត់សម្រេចចិត្តយកញត្តិមកដាក់នៅក្រសួងមហាផ្ទៃដោយខ្លួនឯង។
លោក ផាន់ ធឿន ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃនេះ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចូលជួបមន្ត្រីធ្វើការនៅខុទ្ទកាល័យសម្តេច ស ខេង ដើម្បីសួរនាំពីការតវ៉ានេះ ដោយលោកបញ្ជាក់ថា មន្ត្រីបម្រើការងារនៅខុទ្ទកាល័យបានប្រាប់លោកថា ញត្តិដែលតំណាងប្រជាពលរដ្ឋយកមកដាក់នៅថ្ងៃនេះ ក្រសួងមហាផ្ទៃមិនទទួលយកទេ ដោយសារតែក្រសួងមហាផ្ទៃបានទទួលយកញត្តិនេះម្តងរួចមកហើយ ហើយក្រសួងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីនេះផងដែរ ដោយក្រសួងនឹងផ្តល់ដំណឹងទៅប្រជាពលរដ្ឋវិញនៅសប្តាហ៍ក្រោយនេះ។
លោក ផាន់ ធឿន សង្ឃឹមថា តាមរយៈការលើកទ្បើងរបស់មន្ត្រីបម្រើការងារនៅក្រសួងមហាផ្ទៃនេះ នឹងអាចជួយឱ្យប្រជាពលរដ្ឋបានទៅរស់នៅទឹកដីរបស់ពួកគេវិញ៖ «ខ្ញុំយកញត្តិទៅចូលខាងក្នុងអម្បាញ់មិញហ្នឹង គឺខាងខុទ្ទកាល័យរបស់សម្តេចក្រទ្បាហោម បាទ គាត់ទទួលហើយ គាត់ថាញត្តិនេះខាងអភិបាលខណ្ឌគាត់បានទទួលឱ្យមកគាត់ហើយហើយអញ្ចឹងគាត់ចុះហត្ថលេខារួចហើយ មិនអាចទទួលយើងបន្តទៀតទេព្រោះវាជាន់គ្នា..»។
វិទ្យុស្ត្រីបានព្យាយាមទំនាក់ទំនងទៅតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រះវិហា គឺលោក សួស យ៉ារ៉ា ដើម្បីសុំការស្រាយបំភ្លឺ អំពីការចោទប្រកាន់របស់ប្រជាពលរដ្ឋ ប៉ុន្តែហៅចូលពុំមានអ្នកទទួល។
ចំណែកឯលោក ជុច ភឿន អតីតប្រធានអាជ្ញាធរជាតិព្រះវិហារ ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋដែរនោះ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះថា លោក មិនបានដឹងពីការឈូសឆាយដីប្រជាពលរដ្ឋនៅខេត្តព្រះវិហារនោះទេ។ លោក ជុច ភឿនបន្តទៀតថា សព្វថ្ងៃនេះលោកធ្វើការនៅតែក្រសួងវប្បធម៌ទេ រឿងឈូសឆាយដីធ្លីនេះមិនប៉ះពាល់ជាមួយលោកឡើយ។ លោក ជុច ភឿន បន្ថែមថា មានតែប្រជាពលរដ្ឋទេ ដែលរស់នៅលើដីហាមឃាត់របស់ក្រសួងវប្បធម៌ ដូច្នេះក្រសួងត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់ដែលបានចែង។
«រឿងឈូសឆាយហ្នឹងខ្ញុំមិនដឹងឈូសឆាយអីទេ។ ខ្ញុំនៅតែធ្វើការនៅក្រសួងវប្បធម៌ទេ សព្វថ្ងៃហ្នឹង ហើយ ៣-៤-៥-៦ ខែមុន ខ្ញុំនៅកាន់ព្រះវិហារហ្នឹង ហើយរឿងឈូសឆាយឈូសអីហ្នឹង និយាយឱ្យចំទៅគឺមិនប៉ះពាល់ដល់ខ្ញុំទេ…»។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះមកពី ភូមិស្វាយជ្រុំ ភូមិឫស្សី ឃុំកន្តួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពួកគេឱ្យដឹងថា ប្រជាពលរដ្ឋដែលទទួលរងគ្រោះដីធ្លីនៅខេត្តព្រះវិហារ មានចំនួន ២៥៣ គ្រួសារ។
បើតាមញត្តិរបស់ពួកគេឱ្យដឹងដែរថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ លោក សួស យ៉ារ៉ា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក ជុច ភឿន អតីតប្រធានអាជ្ញារធរជាតិព្រះវិហារ ជាមួយអាជ្ញាធរខេត្ត បាននាំកងកម្លាំងប្រដាប់អាវុធ និងយកគ្រឿងចក្រទៅឈូសឆាយ រុះរើវាយកម្ទេចផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ហើយបង្ខិតបង្ខំបណ្តេញប្រជាពលរដ្ឋ និងព្រះសង្ឃឱ្យចាកចេញពីភូមិ ឃុំខាងលើ៕