ក្រោយពេលវីដេអូសិស្សសាលាវាយតបគ្នាកាលពីម្សិលមិញ ត្រូវបានចែកចាយពេញបណ្ដាញសង្គម អ្នកតាមដានបញ្ហាសង្គមខ្លះយល់ឃើញថា គុណភាពអប់រំនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង និងខ្លះយល់ថា សាលាផ្ទាល់ត្រូវមានផែនការជាក់លាក់ បន្ថែមលើកិច្ចសន្យាដែលឱ្យសិស្សបញ្ឈប់សកម្មភាពទាំងនេះ។ ជាមួយគ្នាដែរ ក្រសួងអប់រំបានឆ្លើយតបថា ក្រសួងបានអន្តរាគមន៍ និងណែនាំរួចហើយលើករណីនេះ។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ វីដេអូមួយត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយមានសិស្សសាលាឯកជនមួយ ជាយុវតីបានវាយតប់ និងជេរប្រមាថគ្នាក្នុងសាលារៀន។ ការណ៍នេះបានធ្វើឱ្យមហាជនមានការងឿងឆ្លល់យ៉ាងខ្លាំង អំពីសកម្មភាពអវិជ្ជមានរបស់យុវតីនោះ ដែលហ៊ានធ្វើទង្វើបែបនេះ ព្រមទាំងហ៊ានបង្ហោះជាសាធារណៈ។
យ៉ាងណាមហាជនក៏មានការអាណិតទៅកាន់យុវតីម្នាក់ទៀតដែលរងគ្រោះដែរ។ តែតាមដំណឹងដែលទទួលបាន កាលពីល្ងាចថ្ងៃដដែល សមត្ថកិច្ចបានហៅក្មេងស្រីដែលប្រព្រឹត្ត រួមទាំងក្រុមគ្រួសារទៅទទួលខុសត្រូវលើទង្វើរបស់ខ្លួនហើយ។ ជាមួយគ្នាក្មេងស្រីរងគ្រោះនិងគ្រួសារក៏បានទទួលការសុំទោសពីអ្នកប្រព្រឹត្តផងដែរ។
តាមរយៈសកម្មភាពទាំងនេះបានធ្វើឱ្យអ្នកតាមដានការអភិវឌ្ឍសង្គម គិតថា ជះផលអវិជ្ជមានយ៉ាងខ្លាំងសម្រាប់សង្គម។ លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យយល់ឃើញថា ការដែលសិស្សសាលាវាយតបគ្នានៅក្នុងសាលាបែបនេះ បង្ហាញថាការអប់រំនៅក្នុងប្រទេសមានការធ្លាក់ចុះយ៉ាងខ្លាំង។ លោកស្រីថា មិនថាសាលារដ្ឋ ឬឯកជនទេ គួរតែពង្រឹងការអប់រំ និងវិន័យឡើងវិញ។
លោកស្រីប្រធានសមាគមបន្ថែមថា ទង្វើបែបនេះ ក៏បណ្ដាលមកពីសកម្មភាពរបស់អ្នកនយោបាយផងដែរ ដែលនិយមយកបណ្ដាណសង្គមធ្វើជាឧបករណ៍ដើម្បីវាយប្រហារគ្នា នាំឱ្យយុវជនទទួលបានទទួលឥទ្ធិពល និងអនុវត្តតាម។
កាលពីពេលថ្មីៗកន្លងទៅ គេនៅចាំបានថា សិស្សសាលារដ្ឋមួយក្នុងក្រុងភ្នំពេញ កើតមានករណីវាយតបស្រដៀងគ្នានេះដែរ។ សិស្សមានគ្នាប្រមាណ៦ទៅ៧នាក់ បានវាយធ្វើបានក្មេងស្រីម្នាក់ រហូតដល់នាងមានភាពភ័យខ្លាច មិនហ៊ានចូលរៀន។ ករណីនេះត្រូវបានសាលានោះ បានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។
តែយ៉ាងណាសកម្មភាពនេះ នៅតែកើតមានដដែលនៅតាមសាលាខ្លះ ទោះបានធ្វើកិច្ចសន្យាហើយក៏ដោយ។ នេះបើតាមការលើកឡើងលោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។ លោកបន្ថែមថា សាលាគួរធ្វើសកម្មភាពជាក់លាក់ជាងនេះបន្ថែមទៀត ដើម្បីទប់ស្កាត់បញ្ហាដែលធ្លាប់កើតឡើង។
លោក គឹមអេង បានផ្ដល់យោបល់ជាដំណោះស្រាយថា សាលាផ្ទាល់ត្រូវមានវិធានខ្លួនច្បាស់លាស់ ទន្ទឹមគ្នាឪពុកម្ដាយត្រូវធ្វើយ៉ាងណាឱ្យកូនរបស់ខ្លួនកុំធ្វើទង្វើបែបនេះទៀត និងអាជ្ញាធរត្រូវឃ្លាំមើលសកម្មភាពទាំងនេះកុំឱ្យកើតមានក្រុមបងតូចបងធំក្នុងសង្គមជាដើម។
ទាក់ទិនរឿងនេះ លោកស្រី ឃួន វិច្ឆិកា មន្ដ្រីនាំពាក្យនៃក្រសួងអប់រំបានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែតុលានេះ តាមប្រព័ន្ធតេឡេក្រាមថា ក្រសួងបានចេញសេចក្តីណែនាំ ហើយសាលាក៏បានផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងអនុវត្តបទបញ្ជានេះ។ ជាមួយគ្នាលោស្រីថា សាលាក៏បាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសហគមន៍សាលារៀន និងមាតាបិតាដើម្បីការពារទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។
មន្ដ្រីនាំពាក្យរូបនេះបញ្ជាក់ថា ក្រសួងក៏កំពុងអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងការ ពង្រឹងអភិបាលកិច្ចសាលារៀន, ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របនឹងតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទសិស្ស និងជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។
យ៉ាងណាក្នុងន័យនេះ ក្រសួងសង្ឃឹមថាសិស្សានុសិស្សនឹងក្លាយជាពលរដ្ឋពេញលេញដែលអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសក្នុងពេលអនាគត។