ទីភ្នាក់ងារប៉ូលិសនៅក្រុង Incheon នៃប្រទេសកូរ៉េខាងត្បូងរាយការណ៍កាលពីថ្ងៃពុធ ទី២៥ ខែតុលាថា លោក Kwon Ji-yong ហៅ G-Dragon កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់ប៉ូលិសនៅក្នុងតំបន់ ជុំវិញបទចោទប្រកាន់នៃការប្រើប្រាស់គ្រឿងញៀន។ នេះបើយោងតាមសារព័ត៌មានកូរ៉េខាងត្បូង News 1 ចេញផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។
អាជ្ញាធរបានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតនិងស្រាវជ្រាវស៊ីជម្រៅទាក់ទងនឹងករណីនេះ ដូច្នេះហើយលោកពុំអាចបង្ហាញព័ត៌មានលម្អិតណាមួយជុំវិញបញ្ហានេះបានឡើយ។
ដោយឡែក ផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេពិបាកក្នុងការឆ្លើយតបជាសាធារណៈនៅក្នុងការចោទប្រកាន់នេះជាខ្លាំង ក៏ដោយសារតែលោក G-Dragon មិនមែនជាអ្នកសិល្បៈធ្វើការក្រោមផលិតកម្មរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន។ ផលិតកម្ម YG អះអាងថា កិច្ចសន្យាការងាររវាងផលិតកម្មនិងតារាចម្រៀងរ៉េបរូបនេះផុតកំណត់តាំងពីខែមិថុនា ឆ្នាំនេះមកម្ល៉េះ។
គួរបញ្ជាក់ដែរថា ដំណឹងនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីតារាសម្ដែងនៅក្នុងរឿងប៉ារ៉ាស៊ីតដ៏ល្បីរបស់កូរ៉េខាងត្បូង លោក Lee Sun-kyun ត្រូវគេចោទប្រកាន់ពីបទប្រើកញ្ឆា និងលេងថ្នាំខុសច្បាប់នៅក្នុងក្លឹបរាត្រីមួយក្នុងទីក្រុង Gangnam នៃប្រទេសកូរ៉េខាងត្បូង។
សូមជម្រាបថា លោក Kwon Ji-yong ដែលមនុស្សជាច្រើនស្គាល់លោកតាមរយៈឈ្មោះនៅលើឆាកថា G-Dragon ជាតារារ៉េបកូរ៉េខាងត្បូង និងជាសមាជិកក្រុម BIGBANG របស់ផលិតកម្ម YG Entertainment។ នេះមិនមែនការចោទប្រកាន់លើកដំបូងនោះទេ ក៏ប៉ុន្តែកាលពីឆ្នាំ២០១១ លោកត្រូវបានប្តឹងពីបទជក់កញ្ឆានៅក្រៅក្លឹបក្នុងប្រទេសជប៉ុន។ យ៉ាងណា លោក G-Dragon គូសបង្ហាញថា នោះជាការជក់ដោយអចេតនាប៉ុណ្ណោះ ដ្បិតលោកគិតថានេះគ្រាន់ជាបារីធម្មតាដែលអ្នកគាំទ្របានឱ្យខ្លួន៕
ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣