en     km
en     km

UN៖ប្រជាជនប៉ាឡេស្ទីនប្រឈមនឹងការស្លាប់រង្គាលនៅក្នុងមន្ទីរពេទ្យ

Share

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកលើជនភៀសខ្លួនរបស់ប៉ាឡេស្ទីនបានព្រមានថា តំបន់ហ្គាហ្សាកំពុងត្រូវការជំនួយជាប្រេងឥន្ធនៈជាខ្លាំង ក៏ព្រោះតែពួកគេត្រូវការប្រើប្រាស់ចរន្តអគ្គិសនី ពិសេសនៅតាមមន្ទីរពេទ្យនានានៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃពុធ​ ទី២៥ ខែតុលា ឆ្នាំ២០២៣។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាបានព្យាយាមព្យាបាលអ្នករបួសជាច្រើននាក់បើទោះបីជាមិនមានសម្ភារៈព្យាបាលគ្រប់គ្រាន់ក៏ដោយ។ មន្ត្រីសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សាអះអាងថាចំនួនអ្នកស្លាប់កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈយន្តហោះចម្បាំងអ៊ីស្រាអែលបន្តវាយប្រហារតំបន់ហ្គាហ្សាឥតឈប់ឈរ។

ក្នុងហេតុការនេះ ក្រសួងសុខាភិបាលបាននិយាយថា អ្នករបួសជាច្រើននាក់ត្រូវគ្រូពេទ្យដាក់ឱ្យសម្រាកនៅលើដីជាបណ្តោះអាសន្នសិន ដោយសារតែកខ្វះសម្ភារៈវេជ្ជសាស្រ្ដ។ អ្នករបួសផ្សេងទៀតត្រូវរង់ចាំការវះកាត់ជាច្រើនថ្ងៃ ដោយសារមានអ្នករងរបួសធ្ងន់ធ្ងរជាច្រើននាក់ដែលត្រូវជួយសង្រ្គោះជាបន្តបន្ទាប់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបន្តថា ប្រជាជនប៉ាឡេស្ទីនជាង ៥,៧០០នាក់ត្រូវសម្លាប់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅក្នុងមានអនីតិជនចំនួន ២,៣០០ឥនាក់ផងដែរ។ តួលេខ​នេះ​រាប់គិតចាប់ពីថ្ងៃផ្ទុះការវាយប្រហារ ពោលគឺចាប់ពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។

ចំណែក ប្រជាជនអ៊ីស្រាអែលជាង ១,៤០០នាក់នៅបានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ ប្រជាជនអ៊ីស្រាអែលទាំងនេះត្រូវបានសម្លាប់នៅអំឡុងពេលការវាយប្រហារផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងនោះដែរ ក្រុមហាម៉ាស់ក៏បានចាប់មនុស្សចំនួន ២២២នាក់យកទៅធ្វើជាចំណាប់ខ្មាំងផងដែរ។ នេះបើយោងតាមរដ្ឋាភិបាលអ៊ីស្រាអែល។

ដោយឡែក នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រាប់វេទិកាវិនិយោគិនអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធ ទី២៥ ខែតុលានេះថា សង្រ្គាមដ៏ក្ដៅគគុករវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះ កំពុងបង្កចលាចលដល់សេដ្ឋកិច្ចនៃប្រទេសជិតខាង។ នាយិកា Kristalina Georgieva បាននិយាយថា ប្រទេសដែលកំពុងរងការប៉ះទង្គិចផ្នែកសេដ្ឋកិច្ចមានដូចជាប្រទេសអេហ្ស៊ីប លីបង់ និងហ្ស៊កដានីជាដើម។

គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានឱ្យដឹងថា ពួកគេបានវាយប្រហារនិងសម្លាប់ពួកសកម្មប្រយុទ្ធជាច្រើននាក់ ព្រមទាំងបំផ្លាញផ្លូវរូងក្រោមដី មជ្ឈមណ្ឌលបញ្ជាទ័ព និងឃ្លាំងស្តុកទុកអាវុធជាដើម។ យោធាអ៊ីស្រាអែលបញ្ជាក់ថា  ក្រុមហាម៉ាស់កំពុងលាក់ខ្លួននៅក្នុងចំណោមប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

ប្រភព៖ AP ចុះថ្ងៃពុធ​ ទី២៥ ខែតុលា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង