ភ្នំពេញ៖ សង្កាត់ចំនួន ៣ ក្នុងខណ្ឌជ្រោយចង្វារ ចេញលិខិតជូនដំណឹងដល់ពលរដ្ឋក្នុងសង្កាត់របស់ខ្លួន ហាមមិនឱ្យសង់រោងការ និងរោងបុណ្យ នៅលើដងផ្លូវ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌ ជ្រោយចង្វារ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៥ បានឱ្យដឹងថា ចៅសង្កាត់ជ្រោយចង្វារ ចៅសង្កាត់ ព្រែកលៀប និងចៅសង្កាត់បាក់ខែង ហាមមិនឱ្យពលរដ្ឋសង់រោងការរោងបុណ្យ និងរោងពិធីផ្សេងៗ នៅលើដងផ្លូវជាតិលេខ៦ និងផ្លូវសំខាន់ៗ នៅក្នុងមូលដ្ឋានសង្កាត់ទាំងនោះទៀតនោះឡើយ។
សេចក្ដីជូនដំណឹងដដែលនោះ បានឱ្យដឹងបន្ថែមថា មូលហេតុនៃការស្នើសុំនេះ ដោយសារតែ មើលឃើញថា ការសង់រោងបុណ្យ រោងការ និងរោងពិធីផ្សេងៗ របស់ប្រជាពលរដ្ឋតែងតែរំលោភលើទ្រូងផ្លូវជាតិ និងផ្លូវសំខាន់ៗនៅក្នុងមូលដ្ឋានភូមិ-សង្កាត់ បង្កឱ្យមាន ភាពអនាធិបតេយ្យ បាត់បង់សោភ័ណភាពទីក្រុង និងខូចសណ្ដាប់ធ្នាប់របៀបរៀបរយចរាចរណ៍ ព្រមទាំងអាចបង្កឱ្យមានគ្រោះថ្នាក់ដោយយថាហេតុ។
សូមបញ្ជាក់ដែរថា ការហាមពលរដ្ឋមិនឱ្យសង់រោងការ និងរោងបុណ្យនៅដងផ្លូវនេះ ជាសេចក្តីជូនដំណឹងរបស់ខណ្ឌជ្រោយចង្វារមួយតែប៉ុណ្ណោះ។ រីឯខណ្ឌផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ មានគោលនយោបាយ មិនឱ្យប្រជាពលរដ្ឋ សាងសង់ រោងការ រោងបុណ្យ ដូចគ្នាឬយ៉ាងណានោះ វិទ្យុស្ដ្រី FM 102 នៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា មិនអាច សុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៦នេះ៕