en     km
en     km

មន្ដ្រីសង់ត្រាល់៖ពលករខ្មែរដែលអាជ្ញាធរថៃឃាត់ខ្លួន គ្មានថៅកែមកធានាប្រឈមការបញ្ជូនមកវិញ

Share

សង្គមស៊ីវិលដែលតាមដានរឿងពលករខ្មែរគ្មានឯកសារស្របច្បាប់ លួចទៅធ្វើការនៅប្រទេសថៃតាមរយៈមេខ្យល់ ថាអ្នកទាំងនោះស្ថិតនៅក្នុងពន្ធធនាគាររហូតដល់ថ្ងៃបញ្ជូនត្រលប់មកវិញ។ យ៉ាងណា ក្រសួងការងារថា ស្ថានទូត និងអនុព័ន្ធការងារប្រចាំប្រទេសថៃបានជួយអន្ដរាគមន៍ហើយ អ្នកខ្លះបានថៅកែក្រុមហ៊ុនជួយសង្គ្រោះ និងខ្លះទៀតត្រូវអនុវត្តតាមច្បាប់ប្រទេសថៃបន្ដទៀត។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

មន្ដ្រីគម្រោង​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ ហៅកាត់សង់ត្រាល់ លោក ឡឹង សុផុន ដែលអន្តរាគមន៍រឿងពលករខ្មែរលួចឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ហើយត្រូវបានអាជ្ញាធរប្រទេសនេះឃាត់ខ្លួន ថា មកដល់ពេលនេះ មិនទាន់មានថៅកែក្រុមហ៊ុនណា មកធានាពលករឆ្លងដែនខុសច្បាប់នៅឡើងទេ។ លោកបញ្ជាក់ថា ពលករខ្មែរដែលគ្មានឯកសារស្របច្បាប់ទាំងនេះ នឹងប្រឈមមុខការបញ្ជូនត្រលប់មកវិញ។

តាមច្បាប់របស់ថៃ ពលរករដែលគ្មានឯកសារស្របច្បាប់ ត្រូវឃុំខ្លួននៅពន្ធធនាគារចំនួន៤៥ថ្ងៃ មុនបញ្ជូនទៅកាន់ប្រទេសកំណើតវិញ។ យ៉ាងណាកាលពីថ្ងៃទី ១២ ខែតុលា កន្លងទៅ អាជ្ញាធរប្រទេសថៃក៏បានឃាត់ខ្លួនពលករខ្មែរជាង៤០០នាក់ផ្សេងទៀតដែរ នៅខេត្តអយុធ្យា។ លោក ឡឹង សុផុន បញ្ជាក់ថា មានមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃបានអន្តរាគមន៍លើករណីនេះដែរ តែមិនមានផលជាវិជ្ជមាននោះទេ គឺត្រូវបន្ដឃុំខ្លួនដដែល។ ជាសំណាងរបស់ពលករខ្លះត្រូវបានថៅកែមកធានា និងសន្យាថាធ្វើឯកសារស្របច្បាប់ជូនពួកគាត់ទើបអាចចេញនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈដែលពលករខ្លះទៀតស្ថិតក្នុងការឃុំឃាំងដដែល។ នេះបើតាមការបញ្ជាក់ពីលោក ឡឹង សុផុន។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃពុធ ទី២៥ ខែតុលា នេះថា ចំពោះករណីអាជ្ញាធរថៃឃាត់ខ្លួនពលករដែលគ្មានឯកសារស្របច្បាប់នេះ ស្ថានទូតក៏ដូចជាអនុព័ន្ធការងារប្រចាំប្រទេសថៃ បានដុតដៃជើងក្នុងការអន្ដរាគមន៍ភ្លាមៗពេលទទួលបានព័ត៌មាន។ តែចំពោះអ្នកដែលគ្មានឯកសារ និងថៅកែក្រុមហ៊ុនមកធានា គឺត្រូវអនុវត្តទៅតាមគោលការណ៍អន្ដោប្រទេសប្រទេសថៃរហូតដល់ពេលបញ្ជូនមកវិញ។

យ៉ាងណាមិញ មន្ដ្រីនៃអង្គការសង់ត្រាល់ថា ករណីឆ្លងដែលខុសច្បាប់នេះ គឺជារឿងដដែលៗ ដោយ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​មក​ដល់​ពេល​នេះ ។ លោក​បន្ត​ថា ពលករ​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដោយសារ​ឆ្លងដែន​ខុសច្បាប់ និង​ធ្វើ​ការងារ​ខុសច្បាប់​កន្លងមក​តែងតែ​ជាប់គុក និង​បញ្ជូន​ទៅ​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​មិនសូវ​ឃើញ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ចំពោះ​បញ្ហា​នេះ​ឱ្យ​មាន​លទ្ធផល​ប្រសើរ​សម្រាប់​កម្មករ​នោះ​ទេ។

ទាក់ទិនចំណុចនេះ​ មន្ដ្រីនាំពាក្យនៃក្រសួងការងារដដែលបញ្ជាក់ថា ក្រសួងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកការងារតាមរយៈក្រុមហ៊ុនស្របច្បាប់ ដើម្បីធានាដល់ការបំពេញការងារដែលមិនមានហានិភ័យ និងមិនប្រឈមមុខជាប់ពន្ធធនាគារ។

ទោះបីបែបនេះ បញ្ហាលិខិតឆ្លងដែនដែលមានតម្លៃខ្ពស់ ក៏ជាបញ្ហាមួយដែលសង្គមស៊ីវិលមើលឃើញថាជាកត្តានាំឱ្យពលករឆ្លងដែនទៅធ្វើការដោយខុសច្បាប់។ តែកាលពីពេលកន្លងទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្លាប់បានស្នើឱ្យគិតគូរពីតម្លៃធ្វើលិខិតឆ្លងដែនេះដែរ ខណៈប្រទេសជិតខាងកម្ពុជាមានតម្លៃលិខិតឆ្លងដែន ដែលសមរម្យ៕

Share

ព័ត៌មានទាក់ទង

Image