en     km
en     km

លោក​ សម​ រង្ស៊ី​ រីករាយ​នឹង​ចូល​ស្បថ​តាម​ការ​បបួល​របស់​លោក​ ហ៊ុន​ សែន​

Share

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់​អ្នកកាសែតនៅមុខច្រកចេញព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅព្រឹកថ្ងៃទី ១០​ ខែ មថុនា នេះថាលោករីករាយនឹងចូលស្បថតាមការបបួលរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធ នឹងបញ្ហា​លួច​បន្លំ​សន្លឹក​ឆ្នោត។ ប៉ុន្តែលោក​ចាត់​​​ទុកថាការស្បថស្បែនេះគ្រាន់តែជារឿងអបិយជំនឿ ប៉ុណ្ណោះ។

ក្រោយពីដាក់ជើងជាន់ដីកម្ពុជា នៅម៉ោង ៩ ព្រឹក ថ្ងៃពុធនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់អ្នក សារព័ត៌មានថា រូបលោកមិនខ្លាច​នឹងចូលខ្លួនទៅស្បថនៅមុខវត្ថុស័ក្តិសិទ្ធិតាមការបបួលរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធ នឹងបញ្ហាលួចបន្លំ​ សន្លឹក​ឆ្នោតនោះឡើយ។ «បើចង់បញ្ជាក់ថាការបោះឆ្នោតកន្លងទៅមានភាពសុក្រឹត…គួរណាស់ យើងរាប់សន្លឹកឆ្នោតឡើងវិញទៅ យើងបើកហិបឆ្នោត យើងបើកបាវដែលដាក់សន្លឹកឆ្នោត ហើយរាប់ឡើងវិញ តាមបច្ចេកទេស ត្រឹមត្រូវ។ រឿងស្បថមិនអីទេ ចង់ស្បថពេលណាក៏បានដែរ…»។ តែទោះជាយ៉ាងនេះក្តី ក៏ប្រធាន គណបក្សសង្គ្រោះជាតិ រូបនេះ មិនបាន​បញ្ជាក់ពី​ ពេល​វេលា ថានឹង ទៅ​ស្បថ​ នៅពេលណា នោះទេ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃពុធនេះ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃពុធនេះ – រូបភាព៖ ធូ វីរៈ

សារឆ្លើយតបរបស់ ប្រធានបក្សប្រឆំាងបែបនេះធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍នៅវិមាន រដ្ឋសភា កាលពីថ្ងៃទី ០៨ ខែ មិថុនា ថាបានបបួលអ្នកដែលនិយាយថា គណបក្សប្រជាជនលួចសន្លឹកឆ្នោត ឲ្យស្បថនៅមុខ ព្រះអង្គដងកើ ឲ្យរន្ទះបាញ់ដើម្បីជម្រះមន្ទិលចោទថា គណរបស់លោកជាអ្នកលួចបន្លំសន្លឹកឆ្នោត។​ «តើគណបក្សមួយៗហ៊ាន ស្បថទេជាមួយនឹងគណបក្សប្រជាជននៅព្រះអង្គដងកើ ?…បើគណបក្សប្រជាជនលួចសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនស្លាប់ ទាំងអស់ដោយត្រូវគ្រាប់ រន្ទះបាញ់ ប៉ុន្តែបើអ្នកណាភូត ចោទគេខុស អ្នកហ្នឹងក៏ត្រូវដូចគ្នាវិញដែរ រន្ទះបាញ់ទាំងអស់»។

ជុំវិញការបបួលគ្នាស្បថរបស់អ្នកនយោបាយនេះ អ្នកតាមដានបញ្ហាសង្គម លោក កែម ឡី បានចាត់ទុកថាការបបួលគ្នាស្បថ​នៅពេលនេះ ប្រៀបដូចជាល្បែងក្មេងលេង និងជាភាពអាមាសមួយ សម្រាប់ប្រមុខរដ្ឋាភិបាល ចំពោះយុវជន​​ខ្មែរ ជំនាន់​ក្រោយ​ប៉ុណ្ណោះ ។ លោកថា រដ្ឋាភិបាលគួរតែយក ផ្នែកសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត មក​បញ្ជាក់​​​ពី​​ភាពស្អាត​ស្អំនោះ ទើបជាការ​ ប្រសើរជាង។

ចំណែកអ្នកវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច វិញយល់ឃើញថា «បើសិនជា អ្នក​នយោបាយស្បថវាជារឿងថ្មីសម្រាប់​ សង្គមពិភពលោក ។ ប៉ុន្តែប្រហែលជា អ្នកនយោបាយ មិនដឹងថារកអ្វីបង្ហាញ ភាពស្មោះត្រង់ រវាងគ្នានឹងគ្នា ទើបយកការស្បថ​ ធ្វើជាកំណត់…»។ មិនខុសគ្នា ប៉ុន្មានពីលោក កែម ឡី អ្នកវិទ្យាសាស្រ្តនយោបាយរូបនេះបន្ថែមថា អ្នកនយោបាយទាំងពីរគួរតែ​ ដោះស្រាយគ្នា តាមរយៈ ផ្នែក​បច្ចេកទេស​រដ្ឋបាលវិញ ប្រសើរជាង បបួលគ្នា ទៅស្បថដូច្នេះ ។

ទាក់ទងនឹង បញ្ហាបបួលមេបក្សប្រឆំាងស្បថ របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះសហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជាក៏បាន​ ឲ្យ​លោក ហ៊ុន សែន កំណត់​ថ្ងៃ​ស្បថ ​នៅ​ព្រះអង្គ​ដង​កើ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន ជុំវិញ​លទ្ធផល ​បោះឆ្នោត ​ជ្រើសតាំង តំណាងរាស្ត្រ ​អាណ​ត្តិ​ទី៥ ។ នៅក្នុង​​លិខិត​​​​​ចុះ ​​ថ្ងៃទី៩មិថុនា​ របស់ លោក ម៉ៅ ពិសេស ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ក៏បាន​ប្រកាស​ចេញ​មុខ​ស្បថ ​តទល់​ ជាមួយ​លោក នាយករដ្ឋមន្ត្រី ​ហ៊ុន សែន នៅមុខ​ព្រះអង្គ​ដង​កើ ផងដែរ រឿងបញ្ហាបន្លំសន្លឹកឆ្នោតនេះ៕

Share

ព័ត៌មានទាក់ទង

Image