en     km
en     km

លោក បារ៉ាក់ អូបាម៉ា ព្រមានថា សកម្មភាពមួយចំនួនរបស់អ៊ីស្រាអែលអាចប្រឈមនឹងទណ្ឌកម្មអន្តរជាតិ

Share

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ចេញមុខព្រមានអ៊ីស្រាអែលជុំវិញការបើកការវាយប្រហារ ការផ្តាច់អាហារ ទឹក​សម្រាប់ប្រើប្រាស់ និងចរន្តអគ្គិសនីនៅក្នុងតំបន់ហ្គាហ្សា។ លោកថា អាកប្បកិរិយារបស់អ៊ីស្រាអែលនេះ នឹងបង្រៀនឱ្យប្រជាជនប៉ាឡេស្ទីនរឹងប៉ឹងជាច្រើនជំនាន់​ ពិសេសអ៊ីស្រាអែលក៏កំពុងប្រឈមនឹងទណ្ឌកម្មអន្តរជាតិផងដែរ។

(កញ្ញា កែវ សុជាតា រាយការណ៍)

លោក បារ៉ាក់ អូបាម៉ា បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ថា សកម្មភាពមួយចំនួនរបស់អ៊ីស្រាអែលដូចជាការកាត់ផ្តាច់អាហារ ទឹក ថ្នាំសង្កូវ ប្រេងឥន្ធនៈ និងចរន្តអគ្គិសនីសម្រាប់ផ្គត់ផ្គង់ក្នុងតំបន់ហ្គាហ្សា អាចធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរឹងប៉ឹងជាច្រើនជំនាន់។ លោកថា ប្រជាជនប៉ាឡេស្ទីននឹងក្រោកឡើងតស៊ូនឹងកងកម្លាំងអ៊ីស្រាអែលនៅក្នុងពេលណាមួយ។​ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែតុលា​ ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ អតីតប្រធានាធិបតីអាមេរិករូបនេះឱ្យដឹងទៀតថា អ៊ីស្រាអែលក៏កំពុងប្រឈមនឹងខ្សែភ្នែករបស់អន្តរជាតិ ជុំវិញការវាយប្រហារទៅលើជនទន់ខ្សោយនៅក្នុងតំបន់ហ្គាហ្សា ជាជាងការវាយប្រហារក្រុមហាម៉ាស់ដែលបានបើកការវាយប្រហារមកលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។ លោកបញ្ជាក់ថា ការគាំទ្រអន្តរជាតិសម្រាប់អ៊ីស្រាអែលកំពុងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីថ្កោលទោសការមិនអើពើពីតម្លៃមនុស្សជាតិនៅអំឡុងពេលធ្វើសង្គ្រាម។

យ៉ាងណាមិញ លោក អូបាម៉ា ក៏បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស និងបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះសិទ្ធិអ៊ីស្រាអែលក្នុងការការពារខ្លួន ខណៈពេលមានការប្រុងប្រយ័ត្នចំពោះហានិភ័យចំពោះជនស៊ីវិលនៅក្នុងសង្គ្រាមបែបនេះ។ លោកអំពាវនាវឱ្យអ៊ីស្រាអែលអត់ធ្មត់ និងបញ្ឈប់ការវាយប្រហារទៅលើជនស៊ីវិលប៉ាឡេស្ទីន ពីព្រោះតែពួកគេកំពុងរងរបួស និងស្លាប់ជាច្រើននាក់។

ជាការកត់សម្គាល់ នៅអំឡុងពេល លោក បារ៉ាក់ អូបាម៉ា កាន់តំណែងជាប្រធានាធិបតីអាមេរិក លោកតែងតែគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលនៅក្នុងជម្លោះជាមួយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។ តួយ៉ាងលោកធ្លាប់​ព្យាយាម​​ស្វែងរកដំណោះស្រាយតាមសន្តិវិធីនៅ​ក្នុង​កិច្ច​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ក៏ប៉ុន្តែនៅតែបរាជ័យ។

សូមជម្រាបថា ចាប់តាំងពីលោក Joe Biden ចូលកាន់តំណែងនៅដើមឆ្នាំ២០២១មក លោកមិនបានបើកកិច្ចចរចាស្តីពីការស្វែងរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបន្តទៀតនោះទេ។ លោក Joe Biden ធ្លាប់មានប្រសាសន៍ថា មេដឹកនាំទាំងសងខាងមានចរិតឆេវឆាវពេក ហើយកត្តាអាកាសធាតុក៏មិនអំណោយផលផងដែរ។

គួរជ្រាបដែរថា តំបន់ហ្គាហ្សាជាដីដែលមានប្រវែង ៤៥គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅចំនួនប្រមាណ ២.៣លាននាក់ ហើយត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់ចាប់តាំងពីឆ្នាំ២០០៧។ នៅក្នុងនោះ ក្រុមហាម៉ាស ជាក្រុមអ៊ីស្លាមនិយម ដែលមានទំនាស់ជាមួយនឹងអ៊ីស្រាអែល៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image