ភ្នំពេញ៖ ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធគាំទ្រកុមារដែលរស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះឱ្យទទួលបានការអប់រំពេញមួយជីវិត ដោយការលើកឡើងនេះក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីឯកសារគាំទ្រការអនុវត្ត «កម្មវិធីសាលាកុមារមេត្រី» ដែលផ្តោតលើការអនុវត្តជាផ្លូវការនូវក្របខ័ណ្ឌសាលារៀនសុវត្ថិភាព នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ ដោយមានការសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ។
លោក ចិត្ត ទេពសំអុល នាយកប្រត្តិបត្តិអង្គការមូលនិធិសិទ្ធិកុមារ បានលើកឡើងថា ការអប់រំត្រូវតែមានបន្តសម្រាប់កុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ទោះជាមានគ្រោះមហន្តរាយណាមួយដែលអាចបង្កផលប៉ះពាល់ដល់ការសិក្សារបស់កុមារក្តី។
លោក ចិត្ត ទេពសំអុល នាយកប្រត្តិបត្តិអង្គការមូលនិធិសិទ្ធិកុមារ
ស្រដៀងគ្នានេះ លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា កុមារគួរទទួលបានកិច្ចគាំពារ ដើម្បីទទួលបានការអប់រំគ្រប់កាលៈទេសៈ ដូចជាគ្រោះមហន្តរាយទឹកជំនន់ ឬខ្យល់កន្រ្តាក់ ដែលសុទ្ធជាកត្តាដែលរារាំងកុមារក្នុងការទទួលបានការអប់រំ ព្រោះកុមារត្រូវការបន្តក្នុងការវិវឌ្ឍន៍ ទោះបីជាសាលារៀនត្រូវបានបិទក្តី។
លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា
លោកបានបន្ថែមថា៖
លោក Chee Weng Yip អគ្គនាយកផ្នែកលក់និងចែកចាយក្រុមហ៊ុនព្រូដិនសលកម្ពុជា បានលើកឡើងផងដែរថា ត្រូវដល់ធានាដល់សិស្សដែលងាយរងគ្រោះទទួលបានការអប់រំប្រកបដោយសុវត្ថិភាព ជាក់ស្តែងដូចជាស្ថានភាពបច្ចុប្បន្នដែលកំពុងមានគ្រោះទឹកជំនន់នេះជាដើម។
លោក Chee Weng Yip អគ្គនាយកផ្នែកលក់និងចែកចាយក្រុមហ៊ុនព្រូដិនសលកម្ពុជា
គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌសាលារៀនសុវត្ថិភាព ក្នុងការជួយដល់សុវត្ថិភាពនិងកិច្ចការពារកុមារគឺបានអនុម័ត និងកំពុងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយគ្រោះមហន្តរាយដែលកើកឡើង និងរួមផ្សំក្នុងវិស័យអប់រំ។ ជាមួយគ្នានេះ ឯកសារមួយនេះ មានគោលបំណងសំខាន់ៗចំនួនបីដូចជា ៖ ការពារអ្នកសិក្សា អ្នកអប់រំ និងបុគ្គលិកពីការស្លាប់ របួស អំពើហិង្សា និងប៉ះពាល់ដល់សាលារៀននិងកន្លែងសិក្សាផ្សេងទៀត។ រៀបចំផែនការសម្រាប់ការអប់រំ ដើម្បីការការពារជាបន្តបន្ទាប់ និងការបន្ថយការរំខានផ្សេងៗដល់ការសិក្សារបស់កុមារ ក្នុងគោលដៅរៀនសម្របខ្លួនទៅនឹងភាណតក់ស្លុត ភាពតានតឹង មុខសញ្ញាគ្រោះថ្នាក់ និងការគំរាមកំហែងគ្រប់ប្រភេទ។ ចុងក្រោយគឺលើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្ស និងអ្នកកាន់កាតព្វកិច្ច រួមចំណែកដល់ការកាត់បន្ថយហានិភ័យ ការកសាងភាពធន់ និងការអភិវឌ្ឍន៍ដោយចេរិ៍ភាព។
ក្នុងនោះ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីកត្តាដែលនាំឱ្យកុមារមានភាពងាយរងគ្រោះ ដែលក្នុងនោះរួមមាន គ្រោះមហន្តរាយ ក្រុមជនជាតិដើមភាកតិច បញ្ហាយេនឌ័រ ជំងឺរាតត្បាត សង្រ្គាម ពិការភាព និង ភូមិសាស្រ្តងាយរងគ្រោះ។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
ជាដំណោះស្រាយ លោក យី គឹមថាន បានលើកឡើងថា គម្រោងខាងលើរបស់ក្រុមអង្គការនេះនឹងរួមចំណែកក្នុងការសម្រេចឱ្យបានគោលដៅយុទ្ធសាស្ត្រកម្មវិធីរៀនពេញមួយជីវិត ដែលមានគោលបំណងជួយដល់ក្មេងស្រីជំទង់ និងស្ត្រីវ័យក្មេងអាចទទួលបានការអប់រំប្រកបដោយគុណភាព និងអភិវឌ្ឍជំនាញដែលជួយការរៀបសូត្រពេញមួយជីវិត និងការងារសមរម្យ។ លោកបានបន្ថែមទៀតថា គម្រោងនេះក៏ចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ដែលមានគោលបំណងធានាការអប់រំប្រកបដោយគុណភាព បរិយាបន្ន សមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។
ចំណែក លោក Chee Weng Yip ក៏បានបង្ហាញនូវសេចក្តីមោទនភាព ដែលបាន ធានានូវសុវត្ថិភាព និងការការពារកុមារ នៅក្នុងសហគមន៍ដែលងាយរងគ្រោះ តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ និងលើកកម្ពស់ភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយនេះ។ ជាពិសេស បង្កើតអនាគតប្រកបដោយចីរភាពមួយ ដែលកុមារគ្រប់រូបអាចលូតលាស់រីកចម្រើន និងបំពេញបាននូវសក្តានុពលរបស់ពួកគេ។
ជាមួយគ្នានេះ សិក្ខាសាលានេះ មានគោលបំណងចែករំលែកពីគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌសុវត្ថិភាពសាលារៀនទៅដល់អ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជននិងកីឡា និងមន្ទីរអប់រំខេត្ត។ បន្ថែមពីលើនេះ សិក្ខាសាលានេះក៏មានបំណងពង្រឹងការសហការរវាងក្រសួងអប់រំ មន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តគោលការណ៍ណែនាំនេះទៅដល់ស្ថាប័នអប់រំនៅក្នុងប្រទេសកម្ពុជា៕