ពលករចំណាកស្រុកដែលបម្រើការងារនៅក្នុងប្រទេសអ៊ីស្រាអែល មិនមានឱកាសវិលត្រឡប់មកស្រុកកំណើតវិញនៅអំឡុងពេលដែលប្រទេសនេះកំពុងកើតមានភាពវឹកវរនោះឡើយ។ ពលករចំណាកស្រុកទាំងនេះទៀតសោត បានរអ៊ូរទាំពីផលវិបាកនៃការជំពាក់បំណុលដ៏ច្រើនលើសលប់នៅអ៊ីស្រាអែល។
(កញ្ញា កែវ សុជាតា រាយការណ៍)
ពលករចំណាកស្រុកនៅក្នុងប្រទេសអ៊ីស្រាអែលជាច្រើននាក់ មានបំណងវិលត្រឡប់មកប្រទេសរៀងៗខ្លួនវិញ ដើម្បីគេចផុតពីសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ ពលករចំណាកស្រុកទាំងនេះសម្តែងការភ័យខ្លាច និងការព្រួយបារម្ភពីអាយុជីវិតរបស់ខ្លួនជាខ្លាំង ក្រោយក្រុមហាម៉ាស់បានលុកលុយអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមនុស្សជាង ១,៣០០នាក់បានស្លាប់ និងមនុស្សជាង ២០០នាក់ផ្សេងទៀតធ្លាក់ខ្លួនជាចំណាប់ខ្មាំង។
បើយោងតាមសារព័ត៌មាន The Guardian ពលករចំណាកស្រុកទាំងអស់នេះពុំអាចចាកចេញពីអ៊ីស្រាអែលក្នុងស្ថានភាពបែបនេះឡើយ ក៏ព្រោះតែពួកគេជាប់ជំពាក់បំណុលគេជាច្រើន។ លោក Saket ជាពលករម្នាក់មកពីប្រទេសឥណ្ឌាបាននិយាយថា ថ្លៃបង់ឱ្យឈ្មួញកណ្តាលដើម្បីបានមកធ្វើការនៅអ៊ីស្រាអែលគឺច្រើនជាង ១០ដងនៃប្រទេសអារ៉ាប៊ីសាអូឌីត និងគុយវ៉ែត។
ដោយឡែក អ្នកស្រី Diana មានអាយុ ៣៣ឆ្នាំ និងជាពលករមួយរូបមកពីប្រទេសហ្វីលីពីននិយាយថា នៅពេលក្រុមហាម៉ាស់ចូលវាយប្រហារអ៊ីស្រាអែល អ្នកស្រីត្រូវលាក់ខ្លួនសោយគ្មានអាហារឬទឹកសម្រាប់បរិភោគអស់រយៈពេលជាង ១៨ម៉ោងរហូតដល់កងកម្លាំងការពារអ៊ីស្រាអែលបានមកជួយសង្រ្គោះ។ អ្នកស្រីបន្តទៀតថា ហេតុការណ៍នេះធ្វើឱ្យអ្នកស្រីតក់ស្លុតជាខ្លាំង ក៏ប៉ុន្តែអ្នកស្រីមិនមានសោហ៊ុយគ្រប់គ្រាន់ក្នុងការធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះទេ។
ក៏ប៉ុន្តែ ពលករចំណាកស្រុកដែលធ្វើការក្នុងប្រទេសអ៊ីស្រាអែល ទទួលបានប្រាក់កម្រៃប្រសើរជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។ ហេតុនេះហើយទើបធ្វើឱ្យពលករចំណាកស្រុកមួយចំនួនប្រថុយប្រថានជំពាក់លុយភ្នាក់ងារស្វែងរកការងារនៅអ៊ីស្រាអែល ឬនិយោជកដើម្បីចាប់យកឱកាសការងារទាំងនេះ។ លោក Saket ទទួលបានប្រាក់ឈ្នួល ១,៥០០ដុល្លារអាមេរិកក្នុងមួយខែ ដែលមានចំនួនច្រើនជាងបីដងនៃប្រាក់ដែលលោករកបាននៅក្នុងប្រទេសក្បែរនោះដូចជា អារ៉ាប៊ីសាអូឌីត និងគុយវ៉ែតជាដើម។
ទន្ទឹមគ្នានេះដែរ អង្គការអន្តរជាតិខាងការងារ (ILO) សង្កេតឃើញថា អ៊ីស្រាអែលមិនបានផ្តល់ឬបង់ថ្លៃកន្លែងស្នាក់នៅសម្រាប់ពលករចំណាកស្រុកនោះទេ។ តួយ៉ាង អង្គការអន្តរជាតិខាងការងារ (ILO) បានអំពាវនាវឱ្យនិយោជកនៅអ៊ីស្រាអែលគប្បីបង់ថ្លៃបដិភាគណាមួយសម្រាប់ពលករចំណាកស្រុកដែលមករស់នៅចាកឆ្ងាយពីប្រទេសកំណើត។
យ៉ាងហោចណាស់ ពលករចំណាកស្រុកប្រមាណជា ៥០នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។ បើយោងតាមរបាយការណ៍រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានបង្ហាញថា ជនរងគ្រោះចំនួន ៣០នាក់សុទ្ធសឹងជាជនជាតិថៃ រីឯ៤នាក់ផ្សេងទៀតមានសញ្ជាតិហ្វីលីពីន និងជនរងគ្រោះ ១០នាក់ឯទៀតជាប្រជាជននេប៉ាល់ ដែលបានស្លាប់នៅអំឡុងពេលអ៊ីស្រាអែលកំពុងមានភាពវឹកវរ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសអ៊ីស្រាអែលមានពលករបរទេសជាង ១០ម៉ឺននាក់ (១០០,០០០នាក់) កំពុងប្រកបរបរជាធម្មតានៅក្នុងប្រទេសនេះ ហើយភាគច្រើនពលករទាំងនេះធ្វើការជាអ្នកមើលថែទាំកុមារឬមនុស្សចាស់ជរា ធ្វើការខាងផ្នែកកសិកម្ម និងសំណង់ជាដើម៕
ប្រភព៖ The Guardian ចុះថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣