en     km
en     km

ហ្វីលីពីនឱ្យចិនបញ្ឈប់សកម្មភាពបង្កហេតុនៅសមុទ្រចិនខាងត្បូង

Share

ប្រទេសហ្វីលីពីនចេញមុខព្រមានចិនសាជាថ្មី ជុំវិញការរារាំងទូកហ្វីលីពីនមិនឱ្យធ្វើដំណើរឆ្លងកាត់នៅក្នុងដែនសមុទ្រចិនខាងត្បូង។ ការព្រមានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ចិនបានបំផ្លាញទូកមួយគ្រឿងរបស់ហ្វីលីពីន។

(កញ្ញា កែវ សុជាតា រាយការណ៍)

ប្រទេសហ្វីលីពីន​​បានអំពាវនាវ​ដល់ប្រទេសចិនសាជាថ្មីម្តងទៀត ជុំវិញបញ្ហានៅដែនសមុទ្រចិនខាងត្បូង។ នៅក្នុងនោះដែរ ប្រទេសហ្វីលីពីនបានព្រមានចំៗឱ្យ​​ចិនប្រញាប់បញ្ឈប់រាល់​សកម្មភាពដែល​បង្កជាភាពតានតឹងមកលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Jonathan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទ ទី២៣ ខែតុលានេះថា ប្រទេសចិនកំពុងមានចំណាត់ការ និងគោលនយោបាយក្នុងការជ្រៀតជ្រែកបេសកកម្មផ្គត់ផ្គង់ និងផ្តល់ជំនួយរបស់ហ្វីលីពីនទៅដល់កងកម្លាំងរបស់ខ្លួននៅលើដែនសមុទ្រ។ លោកបន្តទៀតថា ឆ្មាំសមុទ្រចិនបានបំផ្លាញទូកមួយគ្រឿងរបស់ហ្វីលីពីនកាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ក៏ប៉ុន្តែពុំមាននរណាម្នាក់រងគ្រោះថ្នាក់អ្វីនោះទេ។

យ៉ាងណាមិញ នៅក្នុងឧបទ្ទវហេតុកាលពីព្រឹកថ្ងៃអាទិត្យនោះ ឆ្មាំឆ្នេរសមុទ្ររបស់ចិនបានឱ្យដឹងថា មានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងកប៉ាល់ចិននិងទូកហ្វីលីពីនពិតប្រាកដមែន។ ឆ្មាំសមុទ្រចិនអះអាងថា នេះជាកាតព្វកិច្ច និងជាតួនាទីរបស់ឆ្មាំឆ្នេរសមុទ្រក្នុងការរារាំងទូកមិនឱ្យដឹកជញ្ជូនសម្ភារៈខុសច្បាប់ទៅផ្គត់ផ្គង់ឱ្យនាវាចម្បាំង។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងម៉ានីលបានឆ្លើយតបដោយថ្កោលទោសឆ្មាំសមុទ្រចិនថា ករណីនេះស្ថិតក្នុងកម្រិតគ្រោះថ្នាក់បំផុតចំពោះការរារាំងមិនឱ្យទូកហ្វីលីពីនធ្វើដំណើរឆ្លងកាត់។

 

សូមរំលឹកថា ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ ជា​ពិសេស​នៅ​តំបន់​ជម្លោះ Second Thomas Shoal ដែល​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ Spratly។

កន្លងមកប្រទេស​ហ្វីលីពីន​បាន​បញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​ទៅ​ឱ្យ​ទាហាន​ដែល​ឈរ​ជើង​នៅ​លើ​កប៉ាល់​ដឹក​ជញ្ជូន​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ដែល​មាន​សភាព​ច្រេះ​ចាប់​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​ប្រើ​ជា​ប៉ុស្តិ៍​ជួរ​មុខ​នៅ​តំបន់ Second Thomas Shoal នោះ។ ​ករណី​នេះ​បាន​ធ្វើ​ឱ្យ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ចិន​បន្តបញ្ជូន​នាវា​ជា​រឿយៗ​ទៅ​រារាំង​បេសកកម្ម​របស់​ហ្វីលីពីន​៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី២៣ ខែតុលា​ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image