en     km
en     km

Mahsa Amini ទទួលបានពានរង្វាន់សិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប

Share

ដ្បិតតែអ្នកស្រី Mahsa Amini បានចែកឋានទៅហើយក្តី ក៏ប៉ុន្តែកិត្តិនាមរបស់នាងនៅតែដិតដាមនៅក្នុងចិត្តរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស។ នៅក្នុងនោះដែរ សពអ្នកស្រី Mahsa Amini នឹងត្រូវបានចាក្នុងប្រវត្តិសាស្រ្តសាជាថ្មីក្នុងការទទួលបានពានរង្វាន់កិត្តិយសពិភពលោករបស់សហភាពអ៊ីរ៉ុប។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងតាមសារព័ត៌មាន AP ឱ្យដឹងថា អ្នកស្រី Mahsa Amini ជាស្ត្រីជនជាតិឃឺដ-អ៊ីរ៉ង់ ដែលមានអាយុទើបតែ២២ឆ្នាំនោះ បានទទួលអនិច្ចកម្មនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងពន្ធនាគារ បន្ទាប់ពីក្រុមប៉ូលីសសីលធម៌អ៊ីរ៉ង់ឃុំឃាំងខ្លួនអ្នកស្រីអស់រយៈពេលជាងបីថ្ងៃ។ ការឃុំឃាងនេះ ដោយសារអ្នកស្រី Mahsa Amini រងបទចោទប្រកាន់ថា មិនបានពាក់កន្សែងគ្របក្បាលឱ្យបានត្រឹមត្រូវតាមរបៀបស្លៀកពាក់របស់សាសនាអ៊ីស្លាមនោះឡើយ។

សហភាពអ៊ីរ៉ុបសម្រេចប្រគល់ពានរង្វាន់សិទ្ធិមនុស្សពិភពលោកជូនសពអ្នកស្រី Mahsa Amini ដើម្បីចងចាំនូវការឈឺចាប់របស់ប្រជាជនគ្រប់រូប ដែលហ៊ានក្រោកឡើងតស៊ូប្រឆាំងនឹងរដ្ឋាភិបាល។ ពិធីប្រគល់រង្វាន់នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានសភាសហភាពអ៊ឺរ៉ុប អ្នកស្រី Roberta Metsola និយាយថា ចលនា «Amini និងស្រ្តី, ជីវិត, សេរីភាព» ឬ «Amini and Woman, Life, Freedom» ជាចលនាដែលកំពុងបង្កើតប្រវត្តិសាស្រ្តមួយក្រោមការដឹកនាំរបស់ស្រ្តីភេទឆ្ពោះទៅរកសមភាពយេនឌ័រ សេចក្តីថ្លៃថ្នូរ និងសេរីភាពនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកស្រី Metsola បន្តទៀតថា ស្ត្រីអ៊ីរ៉ង់ជាច្រើនបានដើរតួនាទីឈានមុខគេក្នុងការតវ៉ានៅក្នុងពេលនោះ ដោយពួកគេហ៊ានដោះកន្សែងគ្របក្បាលក្រវីឡើងជាសញ្ញានៃការបង្ហាញពីសិទ្ធិសេរីភាពរបស់ពួកគេ។

យ៉ាងណាមិញ ការស្លាប់របស់អ្នកស្រី Mahsa Amini បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងចំពោះបណ្តាសកម្មជន និងក្រុមអ្នកការពារសិទ្ធិមនុស្សជាច្រើននៅលើសកលលោក ដ្បិតពួកគេយល់ថា ក្រុមប៉ូលីសសីលធម៌អ៊ីរ៉ង់បានបិទសិទ្ធិសេរីភាពរបស់ប្រជាជន ជាពិសេសសិទ្ធិរបស់ស្រ្តីភេទនៅក្នុងប្រទេស។ ជាងនេះទៀត ក្រុមអ្នកការពារសិទ្ធិមនុស្សបានបើកការតវ៉ា ដើម្បីប្រឆាំងនឹងលទ្ធិអ៊ីស្លាមអភិរក្សជ្រុលនិយមរបស់ប្រទេសនេះផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនេះអះអាងថា ការស្លាប់របស់អ្នកស្រី Amini មានជាប់ពាក់ព័ន្ធនឹងប៉ូលីសសីលធម៌របស់ប្រទេសអ៊ីរ៉ង់ ដោយសារតែពួកគេបានវាយធ្វើបាបអ្នកស្រីរហូតដល់ស្លាប់។ ក៏ប៉ុន្តែ អាជ្ញាធរអ៊ីរ៉ង់បានចេញមុខបដិសេធដោយថា អ្នកស្រី Mahsa Amini ស្លាប់ដោយសារតែការគាំងបេះដូងប៉ុណ្ណោះ។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ពានរង្វាន់សិទ្ធិមនុស្សពិភពលោកបានទៅលើប្រជាជនអ៊ុយក្រែន ក៏ព្រោះតែភាពក្លាហាននិងការតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមកប្រទេសអ៊ុយក្រែន៕

ប្រភព៖ AP ចុះថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image