en     km
en     km

លោក ចូ បៃដិន៖ មិនអនុញ្ញាតឱ្យក្រុមហាម៉ាស់ និងរុស្ស៊ីអុកឡុកពិភពលោកឡើយ

Share

សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ពិភពលោក ខណៈជម្លោះរវាងក្រុមហាម៉ាស់និងប្រទេសអ៊ីស្រាអែលដែលទើបនឹងផ្ទុះឡើងសាជាថ្មីនេះ ក៏ក្លាយជាក្តីកង្វក់សម្រាប់ពិភពលោកទាំងមូលដែរ។ ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិកធានាថា ជម្លោះទាំងពីរក្រុមនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលាថា ខ្លួននឹងស្នើឱ្យសភាអាមេរិកផ្តល់ថវិកាជាបន្ទាន់ចំនួនសរុបជាង ១៤ពាន់លានដុល្លារអាមេរិកសម្រាប់ធ្វើជាមូលនិធិបន្ថែមដើម្បីជួយដល់ប្រទេសអ៊ីស្រាអែលប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

លោក បៃដិន ​និយាយ​ថា ថរិកាទាំង​នេះ​នឹងជួយពង្រឹង​គុណភាពនិងសមត្ថភាព​កងកម្លាំងយោធារបស់​អ៊ីស្រាអែលដើម្បីទប់ទល់នឹងក្រុមសត្រូវ។ លោកអះអាងថា សន្តិសុខជាតិរបស់អាមេរិកត្រូវគាំទ្រដៃគូសំខាន់របស់ខ្លួនដូចជាអ៊ីស្រាអែលជាដើម ដើម្បីផលប្រយោជន៍ទៅថ្ងៃអនាគត។

យ៉ាងណាមិញ លោក បៃដិន បានប្រៀបធៀបព្រឹត្តិការណ៍រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ក្នុងខែនេះទៅនឹងសង្រ្គាមជិត ២០ខែរវាងអ៊ុយក្រែននិងរុស្ស៊ីផងដែរ។ នៅក្នុងនោះដែរ លោកបានចោទប្រកាន់ទាំងក្រុមហាម៉ាស់ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាចង់បំផ្លាញប្រទេសដែលមានការគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យដែលនៅជិតខាងទាំងស្រុង។ ក៏ប៉ុន្តែលោកក៏បានកត់សម្គាល់ដែរថា ក្រុមទាំងពីរនេះមានឥទ្ធិពល និងកំពុងដាក់សម្ពាធបង្កជាការគំរាមកំហែងផ្សេងៗដល់ពិភពលោក។

លើសពីនេះទៀត លោក បៃដិន បានលើកឡើងផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ លោកប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា ការគាំទ្រសម្រាប់សង្គ្រាមទាំងពីរនេះគឺសំខាន់សម្រាប់សន្តិសុខជាតិរបស់អាមេរិកខ្លាំងណាស់។

ដោយឡែក បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានធ្វើទស្សនកិច្ចរយៈពេល៨ម៉ោងទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ លោកសង្កត់ធ្ងន់ផងដែរថា ជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាកំពុងត្រូវការជំនួយជាបន្ទាន់ ដ្បិតពួកគេកំពុងខ្វះខាតអាហារ ទឹកសម្រាប់ប្រើប្រាស់ ថ្នាំពេទ្យ ប្រេងឥន្ធនៈ ចរន្តអគ្គិសនី និងសូម្បីតែមន្ទីរពេទ្យមួយចំនួនក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។

ទន្ទឹមគ្នានេះដែរ លោកថា អាមេរិកមិនអាចព្រងើយកន្តើយចំពោះមនុស្សជាតិនៃជនជាតិប៉ាឡេស្ទីនស្លូតត្រង់ទាំងនេះបាននោះឡើយ ពីព្រោះថាជនស៊ីវិលទាំងនេះចង់រស់នៅដោយសន្តិភាព និងមានឱកាសដូចតែប្រជាជាតិឯទៀតប៉ុណ្ណោះ។ លោក បៃដិន ក៏ធ្លាប់ឱ្យដឹងដែរថា ក្រុមហាម៉ាស់មិនតំណាងឱ្យប្រជាជនប៉ាឡេស្ទីននោះទេ៕

ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣

 

 

Share

Image
Image
Image