ជំនួបពិភាក្សារវាង រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាមួយប្រធានអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ស្តីពីការងារក្នុងន័យបន្តកិច្ចសហប្រតិបត្តិការក្នុងអាណត្តិទី៧នេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ រូបភាព៖ក្រសួងកិច្ចការនារី
ភ្នំពេញ៖ បច្ចប្បន្នគេតែងសង្កេតឃើញស្រ្តីបានប្រឡូកក្នុងកិច្ចការសង្គមជាច្រើន ក្នុងនោះក៏មានវត្តមានស្ត្រីទទួលតំណែងជាដឹកនាំផងដែរ ហើយថ្មីៗនេះក្រសួងកិច្ចការនារី ក៏បានដាក់ចេញគោលការណ៍អាទិភាព៥ ដែលនឹងត្រូវអនុវត្តន៍នៅក្នុងឆ្នាំ២០២៣នេះ ដែលផ្តោតសំខាន់លើការធ្វើបដិវត្តន៍កម្មយេនឌ័រ តាមរយៈការគាំពារស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងលើកកម្ពស់សុខុមាលភាពស្ត្រី។ ក្នុងការដាក់ចេញនូវគោលការណ៍ទាំងនេះ អង្គការ UNDP ក៏បានប្តេជ្ញានឹងស្វែងរកលទ្ធភាពគាំទ្រ ធានាឱ្យគោលការណ៍អាទិភាពទាំងនោះ កាន់តែមានភាពល្អប្រសើរ។
តាមរយៈបណ្តាញសង្គមក្រសួងកិច្ចការនារី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានឱ្យដឹងថា ក្រសួងកំពុងរៀបចំផែនការនារីរតនៈទី៦ ដែលក្នុងផែនការនេះមានអាទិភាព៥ផ្តោតលើការធ្វើបដិវត្តន៍កម្មយេនឌ័រ។ ក្នុងនោះទី១គឺការផ្តល់ភាពអង់អាចដល់ស្ត្រី ទៅក្នុងសេដ្ឋកិច្ចឌីជីថល។ ទី២គិតគូរអំពីសុខុមាលភាព សេដ្ឋកិច្ចបៃតង ជាអភិបាលកិច្ចដែលមានបរិយាបន្ន។ទី៣ ការគាំពារស្ត្រីក្នុងភាពជាអ្នកដឹកនាំ។ទី៤ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងអាទិភាពទី៥ការលើកកម្ពស់សុខុមាលភាពស្ត្រី។
ក្រសួងបន្តឱ្យដឹងថា បន្ទាប់ពីមានភាពស៊ីសង្វាក់គ្នាក្នុងការពិភាក្សាទៅលើការងារអាទិភាពនៃភាគីទាំងពីរ នេះហើយ UNDP ក៏បានប្ដេជ្ញានឹងស្វែងរកលទ្ធភាពដើម្បីជួយគាំទ្រដល់ការងារអទិភាពទាំង៥ របស់ក្រសួងឱ្យកាន់តែមានភាពពេញលេញ និងល្អប្រសើរបន្ថែមទៀត។
គោលការណ៍ទាំងនេះលើកឡើងនៅក្នុងជំនួបពិភាក្សារវាង រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាមួយប្រធានអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ស្តីពីការងារក្នុងន័យបន្តកិច្ចសហប្រតិបត្តិការក្នុងអាណត្តិទី៧នេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ហើយក្រសួងទើបតែចេញផ្សាយលើបណ្តាញសង្គមនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ផ្អែកតាមរបាយការណ៍ដែលបង្ហាញពីសមិទ្ធផលការងាររបស់ក្រសួងកិច្ចការនារីរយៈពេល ៥ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំ២០១៨ដល់២០២២ ឱ្យដឹងថា មានស្រ្ដីរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ ចំនួនជាង២ពាន់ករណី (២៥៦៣ករណី) បានទទួលសេវាប្រឹក្សាយោបល់ ផ្នែកច្បាប់ ផ្លូវចិត្ត អន្តរាគមន៍ និងតាមដានការប្រកាសសាលក្រម ដោយផ្ទាល់ និងតាមរយៈអនឡាញ ផ្ដល់ដោយក្រសួងកិច្ចការនារី និងអង្គការដៃគូ៕