របាយការណ៍ ស្តីពីសន្ទស្សន៍ភាពក្រីក្រពហុសមាសភាគសកលឆ្នាំ ២០២៣ (MPI) របស់អង្គការ UNDP និងអង្គការ OPHI (Oxford Poverty & Human Development Initiative) ចេញផ្សាយដោយ UNDP នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣។
ភ្នំពេញ៖ អ្នកជំនាញមួយចំនួនសម្តែងក្តីសាទរ ចំពោះរបាយការណ៍អង្គការUNDP ដែលរកឃើញថា អត្រានៃចំនួនប្រជាជនកម្ពុជាក្រីក្រ បានថយចុះ ក្នុងរយៈពេលជាង ៧ ឆ្នាំ ដែលរាប់គិតចាប់ពីឆ្នាំ ២០១៤ ដល់ពាក់កណ្ដាលឆ្នាំ ២០២២។ ប៉ុន្តែទោះជាបង្ហាញពីភាពល្អប្រសើរបែបនេះក្តី តែអ្នកជំនាញនៅតែបង្ហាញក្តីកង្វល់ខ្លះៗ ខណៈនៅមានចំនួនប្រជាជនមួយភាគធំមានវិបត្តិសេដ្ឋកិច្ចគ្រួសារធ្លាក់ខ្លួនក្នុងបំណុលជាដើម។ លើសពីនេះពួកគេក៏បានលើកឡើងពីដំណោះស្រាយ ហើយស្នើឱ្យេដ្ឋាភិបាលធ្វើការពិចារណានិងយកចិត្តទុកដាក់បន្ថែម។
កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍…
របាយការណ៍ ស្តីពីសន្ទស្សន៍ភាពក្រីក្រពហុសមាសភាគសកលឆ្នាំ ២០២៣ (MPI) របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្ហាញថា រយៈពេលជាង ៧ ឆ្នាំកន្លងទៅនេះ ដោយរាប់គិតចាប់ពីឆ្នាំ ២០១៤ ដល់ពាក់កណ្ដាលឆ្នាំ ២០២២ អត្រានៃភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះពី ៣៦,៧% ក្នុងឆ្នាំ២០១៤ មកនៅត្រឹម ១៦,៦%។ ចំនួននេះមានន័យថា ចំនួនប្រជាជនក្រីក្របានថយចុះពីចំនួន ៥,៦លាននាក់ មកនៅត្រឹមតែចំនួន ២,៨លាននាក់។
ជុំវិញរបាយការណ៍នេះ អង្គការ UNDP កម្ពុជា ចាត់ទុកថា «ជាវឌ្ឍនភាពរបស់កម្ពុជា ដោយសារភាពប្រសើរឡើងនៃសូចនាករសុខភាព និងកម្រិតជីវភាព ជាពិសេសអត្រាមរណភាពកុមារ អាហារូបត្ថម្ភ ប្រេងឥន្ធនៈ អនាម័យ និងអគ្គិសនីជាដើម។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាននៅក្នុងសូចនាករអប់រំ និងលំនៅឋាន»។
បន្ថែមពីនេះក៏មានអ្នកជំនាញមួយចំនួនសម្តែងក្តីសាទរផងដែរ ប៉ុន្តែពួកគេនៅតែសង្កេតឃើញពីបញ្ហាប្រជាជនដែលត្រូវប្រឈមមុខ។ បញ្ហាមួយចំនួនអ្នកជំនាញទាំងនោះក៏មើលឃើញដូចដែល UNDP លើកឡើងផងដែរនោះ គឺពួកគេទាមទារឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធចូលរួមដោះស្រាយធានាឱ្យមានភាពល្អប្រសើរបន្ថែមទៀត។
ក្នុងនោះ លោក គី សេរីវឌ្ឍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ថាជុំវិញការរកឃើញរបស់UNDPនេះ បានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយផ្នែករបស់រដ្ឋាភិបាល។ ប៉ុន្តែលោកនៅតែស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែម ដោយលោកលើកភ្ជាប់ពីផលលំបាករបស់ប្រជាជនមួយចំនួនដែលលោកនៅតែសង្កេតឃើញកន្លងមក។
លោក គី សេរីវឌ្ឍ៖« បើមើលជារួម បើទោះជាភាពក្រីក្រយើងបានផុតពីបន្ទាត់ក្រីក្រគឺរដ្ឋាភិបាលសាទរហើយប៉ុន្តែសម្រាប់កម្រិតជីវភាពប្រជាពលរដ្ឋយើងគឺនៅមានកម្រិតទាបនៅឡើយនៃចំនួនប្រជាពលរដ្ឋហ្នឹងគឺនៅមានចំណូលនៅកម្រិតទាបនៅឡើយអ៊ីចឹងហើយ ដែលទាញឱ្យចំណូលមធ្យមរបស់រដ្ឋយើងហ្នឹងវាមិនអាចលូតខ្ពស់ឡើងខ្លាំងគឺនៅត្រឹមរង្វង់១៨៤០ដុល្លានៅក្នុងមួយឆ្នាំ»
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៧ឆ្នាំកន្លះមកនេះ ប្រជាជនកម្ពុជា ១នាក់ ក្នុងចំណោម ៥នាក់ បានចាកចេញពីភាពក្រីក្រ ដូច្នេះកម្ពុជាបានក្លាយជាប្រទេសមួយដែលសម្រេចបានវឌ្ឍនភាពល្អប្រសើរលើការកាត់បន្ថយអត្រានៃភាពក្រីក្រក្នុងប្រទេស បើប្រៀបធៀបនឹងប្រទេសនានានៅលើពិភពលោក។
ស្រដៀងគ្នាដែរ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ក៏បានមើលឃើញពីកត្តាប្រឈមផ្សេងទៀតរបស់ប្រជាជនដែលកំពុងតែមានផងដែរ។ លោកលើកឡើងជាច្រើននូវរាល់បញ្ហារបស់ប្រជាជន ប៉ុន្តែលោកសង្គត់ធ្ងន់ទៅលើការដែលប្រជាជនមួយចំនួនធ្លាក់ខ្លួនក្នុងបំណុល ដែលលោកយល់ថានេះជាកត្តានាំឱ្យមានផលប៉ះពាល់។
លោក សន ជ័យ៖«បាទ ទាក់ទងជាមួយនឹងបញ្ហាប្រឈម យើងឃើញហើយថាក្រៅតែពីតួរលេខល្អនៃអត្រានៃភាពក្រីក្រហ្នឹងគឺបញ្ហាបំណុលនេះវាអាចធ្វើឱ្យមានឥទ្ធិពលដល់សង្គមជាពិសេសដល់អ្នកដែលមានបញ្ហាដូចជាបញ្ហារឿងបំណុលដូចជាការទិញផ្ទះល្វែង ទិញអីហើយត្រូវក្រុមហ៊ុនរឹបអូស ការខូតខាតផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការខូតខាតផ្លូវចិត្ត ហើយក្នុងនោះការវិនិយោគដែលសុទ្ធតែជាការឆបោកនោះសុទ្ធតែបន្សល់ទុកនូវបំណុលរុាំរ៉ៃហើយវាមានការប៉ះពាល់ ឥទ្ធិពលនៅក្នុងសង្គមខ្លាំង នោះមិនទាន់រាប់នូវកត្តាផ្សេងទឿតដូចជាកត្តាគ្រឿងញៀនដែលជាកត្តារួមផ្សំធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន»
ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនេះ លោក គី សេរីវឌ្ឍ លើកយកនូវដំណោះស្រាយមួយចំនួនរួមមាន ការពង្រឹងទៅវិស័យកសិកម្ម ឧស្សាហកម្ម ជាពិសេសលោកផ្តោតសំខាន់ទៅវិស័យអប់រំ ដែលលោកយល់ថា ចំណុចដែលរាជរដ្ឋាភិបាលក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀតធ្វើការពិចារណា ធ្វើយ៉ាងណាធានាបាននូវ គុណភាពអប់រំខ្ពស់ព្រោះជាទន់ឱ្យប្រជាពលរដ្ឋអាចមានចំណេះជំនាញខ្ពស់ហើយជាស្នូលជួយឱ្យពលរដ្ឋផុតចេញពីភាពក្រីក្រ។
លោក គី សេរីវឌ្ឍ៖«ខ្ញុំស្នើទៅរដ្ឋាភិបាលមេត្តាយកចិត្តទុកដាក់បន្ថែមទៀតដើម្បីធ្វើឱ្យសាលាបឋមសិក្សានឹងកាន់តែរឹងមាំ កាន់តែប្រសើរយ៉ាងហោចណាស់ធ្វើឱ្យសិស្សានុសិស្សហ្នឹងបញ្ចប់ថ្នាក់អនុវិទ្យាល័យឱ្យបានទាបបំផុតនោះ៩០ភាគរយ នោះបានយើងចាត់ទុកការអប់រំយើងបានជោគជ័យហើយចប់អនុវិទ្យាល័យទៅពួកគាត់អាចចាប់យកវិជ្ជាជីវៈហ្នឹង គឺមានមូលដ្ឋានគ្រឹះរឹងមាំក្នុងចាប់យកវិជ្ជាជីវៈ និងរកប្រាក់ចំណូលសម្រាប់គ្រួសារ បើពុំដូចច្នេះទេយើងហៅថា long live learning នេះវានឹងបាត់បង់ ហើយពេលដែលគាត់អាយុច្រើនហើយ គាត់បោះការសិក្សាពីតូច ឱ្យគាត់ទៅរៀនក៏គាត់មិនទៅរៀនដែរគាត់នឹងមានអារម្មណ៍មួយថាស្អប់សាលារៀន មិនចង់ទៅសាលាតែម្តងបាទ»
ចំណែកឯ លោក សន ជ័យ វិញបានផ្តល់ជាដំណោះស្រាយផ្សេងទៀតដូចជា ពង្រឹងទៅលើសិទ្ធលំហប្រជាពលរដ្ឋ និងលើកកម្ពស់យុត្តិធម៌សង្គមជាដើម។ លើសពីនេះ លោកក៏បានស្នើឱ្យរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត យកបញ្ហាភាពក្រីក្ររបស់ប្រជាជនជាប្រធានបទគោល ហើយទាមទារឱ្យមានការចូលរួមដោះស្រាយគ្រប់សំណាក់ភាគីទាំងអស់។
លោក សន ជ័យ៖« ដោយសារតែភាពក្រីក្រ និងបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហាស៎ អ៊ីចឹងរួមមានភាគីពាក់ព័ន្ធដូចជារដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមអ្នកសិក្សាស្រាវជ្រាវជាដើមហ្នឹងគួរតែដាក់បញ្ហានេះជាបញ្ហាស្នូលហើយយកបញ្ហានេះដាក់ជារបៀបវិរៈរួមមួយដើម្បីរួមចំណែកដោះស្រាយបញ្ហានេះបាទ»
សូមបញ្ជាក់ថា របាយការណ៍ ស្តីពីសន្ទស្សន៍ភាពក្រីក្រពហុសមាសភាគសកលឆ្នាំ ២០២៣ (MPI)នេះជា របាយការណ៍ របស់អង្គការ UNDP និងអង្គការ OPHI (Oxford Poverty & Human Development Initiative) បានចេញផ្សាយកាលពីដើមខែកក្កដា ឆ្នាំ ២០២៣ និងត្រូវផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក របស់អង្គការ UNDP កម្ពុជា កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅនេះ៕