en     km
en     km

លោក ពូទីន ហៅលោក ស៊ី ជីនពីង ថាមិត្តសម្លាញ់ក្នុងវេទិកាកំពូលខ្សែក្រវាត់និងផ្លូវ

Share

ប្រធានាធិបតីរុស្ស៊ីកោតសរសើរនូវគម្រោងផ្តួចផ្តើមបង្កើត«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិនជាខ្លាំង ពិសេសលោកក៏បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងវេទិកាកំពូលនៅក្នុងប្រទេសចិនផងដែរ។ ជាងនេះទៀត ប្រធានាធិបតីរុស្ស៊ីបានបង្ហើបពីការចាប់ដៃគ្នាងាកមកធ្វើទីផ្សារពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅបន្ថែមសម្រាប់ប្រទេសទាំងពីរ។

(កញ្ញា កែវ សុជាតា រាយការណ៍)

នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញចូលរួមនៅក្នុងវេទិកាកំពូល «ខ្សែក្រវ៉ាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី ដែលប្រារព្ធឡើងនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។ លោក ពូទីន សម្តែងក្តីសោមនស្សយ៉ាងក្រៃលែង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញខ្លួនមកចូលរួមនៅក្នុងវេទិកានេះ។

ទន្ទឹមគ្នានេះដែរ លោក ពូទីន បានហៅលោក ស៊ី ជីនពីង ថាជាមិត្តសម្លាញ់យល់ចិត្តយល់ថ្លើម ហើយបានកោតសរសើរប្រទេសចិនមិនដាច់ពីមាត់ទាក់ទិននឹងគំនិតផ្តួចផ្តើមធ្វើគម្រោងខ្សែក្រវាត់និងផ្លូវក្នុងរយៈពេល១០ឆ្នាំមកហើយនេះ សម្រាប់ការនាំពិភពលោកឱ្យរួបរួមគ្នាតែមួយ។ ប្រធានាធិបតីរុស្ស៊ីរូបនេះនិយាយថា  ប្រទសរុស្ស៊ីនិងប្រទេសចិន ក៏ដូចជាប្រទេសភាគច្រើននៅលើពិភពលោកសុទ្ធសឹងមានបំណងប្រាថ្នា និងគោលដៅរួមគ្នា ពោលគឺកិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងស្វែងរកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោក ពូទីន គូសបញ្ជាក់ទៀតថា ប្រទេសទាំងអស់មានមហិច្ឆតាក្នុងការសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចជាសកល យូរអង្វែងដែលប្រកបដោយនិរន្តរភាព និងសុខុមាលភាពសង្គម ខណៈគោរពអរិយធម៌ និងសិទ្ធិបុគ្គលរៀងៗខ្លួន។ យ៉ាងណាមិញ លោក ពូទីន អះអាងថា រុស្ស៊ីកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនសម្រាប់នាំចេញនូវផលិតផលទៅកាន់ទីផ្សារនានានៅលើពិភពលោក ជាពិសេសការដឹកជញ្ជូនដែលត្រូវឆ្លងកាត់ផ្លូវដែនសមុទ្រខាងជើង។

គួរបញ្ជាក់ដែរថា លោក ពូទីន ក៏មានគណៈប្រតិភូជាន់ខ្ពស់ដូចជារដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov និងឧបនាយករដ្ឋមន្រ្តីរុស្ស៊ីពីររូបផ្សេងទៀត អមដំណើរជាមួយលោកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនលើកនេះផងដែរ៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង