កូនស្រីលោក មាជ សុវណ្ណារ៉ា បានផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតីអាមេរិក ក្នុងបំណងស្នើសុំជួយអន្តរាគមន៍ដោះលែងឪពុករបស់ខ្លួន ដែលមានសញ្ជាតិអាមេរិកាំង កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
បើតាមលិខិតរបស់កញ្ញា សាម៉ែនតា ចុះកាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ ដែលបានផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក អូប៉ាម៉ា បានរៀបរាប់ប្រាប់លោក ប៉ារ៉ាក់ អូប៉ាម៉ា ថា រូបនាងព្រមទាំងប្អូនស្រីពីរនាក់ទៀត ដែលមានអាយុ ១១ឆ្នាំ និងអាយុ ៧ឆ្នាំ នឹកឪពុកជាខ្លាំង។
នាងបន្តថា ការជាប់ពន្ធនាគាររបស់ឪពុកនាង បានធ្វើឱ្យបងប្អូននាងទាំងបីមានទុក្ខព្រួយបំផុត រហូតធ្វើឱ្យរូបគេ មានសតិអារម្មណ៍មិននឹងនរ ជាមួយការមិនយកចិត្តទុកដាក់ ក្នុងការសិក្សាទៀតផង។ នាងបន្ថែមថា ចំណែកម្តាយរបស់នាង បានក្លាយជាស្រី្តម្នាក់ឯង ក្នុងការថែទាំកូនផង និងធ្វើជំនួញគ្រប់គ្រងកាសែតខ្មែរប៉ុស្តិ៍ផង រីឯឪពុកក៏មានជំងឺថែមទៀត។ នាងថា ស្ថានភាពបែបនេះបានធ្វើឱ្យនាងវិលវល់ ដោយមិនដឹងត្រូវធ្វើអ្វី និងមានអារម្មណ៍អស់សង្ឃឹមជាខ្លាំង។ លិខិតរបស់នាង សាម៉ែនតា បានលើកឡើងដែរថា សម្តេច ហ៊ុន សែន មានឥទ្ធិពលនយោបាយក្នុងការកាត់ទោសឪពុករបស់នាង។

សម្តីចុងក្រោយរបស់ សាម៉ែនតា បានស្នើសុំ លោក អូប៉ាម៉ា កុំឱ្យជនបង្កការភ័យខ្លាច និងគ្រោះថ្នាក់ ជាន់ជើងនៅលើទឹកដីអាមេរិក ដែលមានសេរីភាព និងសូមកុំធ្វើជាមិត្តជាមួយពួកកុម្មុយនីស្ត។ ការសរសេរលិខិតស្នើអន្តរាគមន៍ពីលោកប្រធានាធិបតីអាមេរិកនេះ ធ្វើឡើងខណៈលោក អូបាម៉ា នឹងមានគម្រោង ជួបជាមួយមេដឹកនាំ ប្រទេសជាសមាជិកអាស៊ាននៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈខាងមុខនេះ។ បច្ចុប្បន្នកញ្ញា សាម៉ែនតា បាននិងកំពុងតែសិក្សានៅក្នុងវិទ្យាល័យ Lakewood High School នៃក្រុង Long Beach City ,រដ្ឋ California, សហរដ្ឋអាមេរិក។
សូមជម្រាបថា លោក មាជ សុវណ្ណារ៉ា ប្រធានគណៈកម្មការនាយក ទទួលបន្ទុកព័ត៌មានវិទ្យារបស់គណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សម្រេចផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្ម នាំឱ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងទី១៥ ខែកក្កដាឆ្នាំ២០១៤៕