ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣(CCCS23)នឹងប្រារព្ធឡើងនៅទឹកដីសៀមរាបអង្គរ ពីថ្ងៃទី០២ និងទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីប្រមូលផ្តុំធាតុចូលស្វែងរកដំណោះស្រាយរួមឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធខ្ពស់។
នៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ អ្នកពាក់ព័ន្ធសំខាន់ៗនិងអ្នកជំនាញក្នុងបញ្ហាការប្រែប្រួលអាកាសធាតុនៅជុំវិញតំបន់អាស៊ីអាគ្នេយ៍ នឹងមកប្រមូលផ្តុំគ្នានៅទឹកដីសៀមរាបអង្គរ ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុក្នុងកម្រឹតដ៏ខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តនៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះក៏ជាវេទិកាមួយអាចឱ្យអ្នកចូលរួមអាចចែករំលែកបទពិសោធន៍នានាដែលខ្លួនធ្លាប់ទទួលជោគជ័យឬមានលទ្ធផលល្អក្នុងបេសកកម្មកាត់បន្ថយការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៍មានរួមរបស់ម្ចាស់ជំនួយចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ដែលវិទ្យុស្រ្តីទើបទទួលបាននៅថ្ងៃនេះ។
សកម្មភាពផ្សេងរបស់អ្នកពាក់ព័ន្ធក្នុងការចូលរួមកាត់បន្ថយការគំរាមកំហែងការប្រែប្រួលអាកាសធាតុ។រូបភាពពីហ្វេសប៊ុក#cccs23។
បើតាមសេចក្តីប្រកាសព័ត៌មានរួមខាងលើនិងការឱ្យដឹងបន្ថែមពីអ្នកសម្របសម្រួលឱ្យដឹងថា កម្មវិធីនៃកិច្ចប្រជុំនេះនឹងមានរបៀបវារៈសំខាន់ៗចំនួនពីរ គឺការធ្វើបទបង្ហាញនានាជុំវិញសកម្មភាពល្អៗដែលអាចចូលរួមកាត់បន្ថយបញ្ហាការប្រែប្រួលអាកាសធាតុ និងផ្តល់លទ្ធភាពដល់អ្នកចូលរួមអាចជជែកពិភាក្សាដើម្បីទទួលបទពិសោធន៍ល្អផងដែរ។ មួយទៀត កម្មវិធីក៏មានការតាំងពិពណ៌ផលិតផលឬជាវិធីសាស្រ្តគំរូល្អៗដែលវិស័យឯកជនឬសង្គមស៊ីវិលបានសម្រេចជាផ្លែផ្កានាពេលកន្លងមក។
មួយទៀតដែរកិច្ចប្រជុំដែលគ្រោងនឹងប្រារព្ធធ្វើនៅសណ្ឋាគារបុរីអង្គរ ក៏ផ្តោតលើប្រធានបទសំខាន់ៗដូចជា ហិរញ្ញប្បទានអាកាសធាតុ តួនាទីរបស់ថាមពលកកើតឡើងវិញ សហគ្រិនភាពក្នុងវិស័យថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។
បទបង្ហាញរបស់យុវជនដែលបានចូលរួមកម្មវិធីកាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុក#cccs23។
អូស្រ្តាលីជាដៃគូផ្លូវការគាំទ្រកម្មវិធីកិច្ចប្រជុំឆ្នាំនេះ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ក្រៅពីនេះ កម្មវិធីនេះ ក៏ទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក (USAID) ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO), អង្គការអុកស្វាម (Oxfam) និង Kosher Climate ព្រមទាំងមានអ្នកឧបត្ថម្ភជាច្រើនទៀតដែលគ្រោងនឹងប្រកាសនាពេលខាងមុខ។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ក្នុងសេចប្រកាសព័ត៌មានថា អូស្ត្រាលីប្តេជ្ញាធ្វើការងារនេះជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ កសាងវិស័យថាមពលស្អាត និងជួយកម្ពុជាសម្រេចបានគោលដៅអព្យាក្រឹតភាពការបូនត្រឹមឆ្នាំ ២០៥០។
ដោយឡែកលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏មានប្រសាសន៍ដែរថា ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូវិស័យសាធារណៈ និងឯកជន អាចធ្វើការរួមគ្នា ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ លោកបន្តថា កិច្ចប្រជុំនេះ ជាឱកាសដ៏ល្អក្នុងការចែករំលែកព័ត៌មាន និងការកសាងភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដែលបាននឹងកំពុងធ្វើការលើបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងលើសកលលោក។
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលរួមកម្មវិធីនាពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុក#cccs23។
សូមរំលឹកថា កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០២១មក។ កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅឆ្នាំ២០២២ គឺជាសន្និសីទដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលមានអព្យាក្រឹតភាពកាបូន ហើយកិច្ចប្រជុំដែលនឹងរៀបចំឡើងនៅឆ្នាំ២០២៣ គឺជាកម្មវិធីដំបូងគេដែលទទួលបានអព្យាក្រឹតភាពកាបូនតាមរយៈការទូទាត់ឥណទានការបូន ។
ដោយឡែកកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ នឹងបើកឱ្យចូលរួមដោយសេរី ដោយអ្នកចូលរូមត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះ ឱ្យបានកាន់តែឆាប់តាមរយៈ cccs23.org ដើម្បីទទួលបានកន្លែងដើម្បីចូលរួម៕