ជនអនាមិកសញ្ជាតិអាមេរិកម្នាក់បានវាយប្រហារទៅលើកុមារវ័យ ៦ឆ្នាំម្នាក់ និងម្តាយវ័យ ៣២ឆ្នាំម្នាក់ បណ្តាលឱ្យកុមាររូបនេះស្លាប់នៅនឹងកន្លែងភ្លាមៗ ខណៈម្តាយរងរបួសធ្ងន់ធ្ងរ។ មន្រ្តីប៉ូលីសនៅទីក្រុង Chicago ឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថភាពចោទប្រកាន់ពីបទធ្វើឃាតមនុស្សដោយសារតែការស្អប់ខ្ពើមជាតិសាសន៍។
(កញ្ញា កែវ សុជាតា រាយការណ៍)
មន្រ្តីប៉ូលីសអាមេរិករាយការណ៍ថា ជនរងគ្រោះភេទប្រុសមានឈ្មោះ Wadea Al-Fayoume ដែលមានវ័យទើបតែ ៦ឆ្នាំនោះ បានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវជនសង្ស័យចាក់កាំបិតលើរាងកាយរបស់កុមារារហូតដល់ ២៦ដង។ ចំណែកឯម្តាយរបស់កុមារាខាងលើវិញ មានឈ្មោះថា Hanaan Shahin ក៏ត្រូវជនសង្ស័យវាយប្រហារ និងបង្កជារបួសស្នាមជាច្រើនកន្លែងផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ នៅទីប្រជុំជន Plainfield ចម្ងាយប្រហែលជា ៦៤គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Chicago នៃសហរដ្ឋអាមេរិក។ មន្រ្តីប៉ូលីសបញ្ជាក់ថា ជនសង្ស័យមានឈ្មោះថា Joseph Czuba មានអាយុ ៧១ឆ្នាំត្រូវសមត្ថភាពចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ប៉ុនប៉ងមនុស្សឃាតកម្រិតទី១ ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមជាតិសាសន៍ចំនួន២ករណី រួមទាំងការប្រើប្រាស់អាវុធខុសច្បាប់ផងដែរ។
មន្រ្តីប៉ូលីសរូបនេះបញ្ជាក់ទៀតថា ការវាយប្រហារនេះធ្វើឡើងជាការឆ្លើយតបទៅនឹងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន ដែលកំពុងផ្ទុះភាពវឹកវរនិងចលាចលនៅមជ្ឈិមបូព៌ា។ ពិសេស ជនសង្ស័យរូបនេះបានបង្ហាញការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះប្រជាជនដែលប្រកាន់យកសាសនាអ៊ីស្លាម ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។
ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក Joe Biden និយាយថា ក្រុមគ្រួសារក្មេងប្រុសជនរងគ្រោះនេះគឺជាជនជាតិប៉ាឡេស្ទីន ដែលជម្លៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជម្រកសុខសុវត្ថិភាពស្នាក់អាស្រ័យ និងប្រតិបត្តិសាសនាដោយសន្តិភាព។ លោក Biden បន្តទៀតថា ទង្វើដ៏គួរឱ្យស្អប់ខ្ពើមនេះមិនគួរកើតឡើងនៅក្នុងសហរដ្ឋអាមេរិកឡើយ ដ្បិតសហរដ្ឋអាមេរិកជាប្រទេសដែលទទួលស្វាគមន៍ជាតិសាសន៍ជាច្រើនឱ្យមករស់នៅ។
ដោយឡែក មន្រ្តីប៉ូលីសអាមេរិកអះអាងថា បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងការឃុំឃាំងដើម្បីសួរចម្លើយ និងស្វែងរកភស្តុតាងបន្ថែមជុំវិញករណីនេះ៕
ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣