en     km
en     km

ស្ថាប័នពាក់ព័ន្ធគ្រោងរៀបចំពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គជំរុញបង្កើនការការពារប្រភេទសត្វជិតផុតពូជមួយនេះ

Share

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការរៀបចំពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គនៅវិទ្យាស្ថានភាសាបារាំង វេលាម៉ោង៥:៣០ ដល់៨:០០យប់។ កម្មវិធីពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គ ដែលរៀបចំឡើងដោយអង្គការ WWF សហការជាមួយវិទ្យាស្ថានភាសាបារាំង និងមានការគាំទ្រដោយក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងរដ្ឋបាលជលផលនេះ ក៏ជាផ្នែកមួយនៃការចូលរួមអបអរសាទរទិវាសត្វផ្សោតទឹកសាបផងដែរ។ នេះបើតាមឯកសារទស្សនទានដែលអ្នកនាំពាក្យក្រសួងកសិកម្មផ្តល់ជូនដល់ក្រុមអ្នកសារព័ត៌មានតេឡេក្រាមនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។
ឯកសារទស្សនទានខាងលើបញ្ជាក់ថា ការរៀបចំពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គនេះមានគោលបំណងសំខាន់ដើម្បីឱ្យអ្នកចូលរួមបានយល់ដឹងអំពីសារៈសំខាន់របស់សត្វផ្សោតទន្លេមេគង្គ ហើយចូលរួមការពាររក្សាទាំងអស់គ្នា។ សំខាន់ដ្បិតថា សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ ៦ ប្រភេទគត់ ដែលមានវត្តមានក្នុងពិភពលោក និងបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជផងដែរ។
ដូច្នេះហើយ ការការពារសត្វផ្សោតទន្លេមេគង្គបានរួមចំណែកនាំមកនូវអត្ថប្រយោជន៍ជាច្រើនរួមមាន ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងការស្តារឡើងវិញនូវធនធានជីវចម្រុះទឹកសាប និងប្រព័ន្ធអេកូឡូស៊ី ដែលជួយបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
សូមជម្រាបថា សត្វផ្សោតមានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោកនេះ ក្នុងនោះទន្លេមេគង្គ របស់កម្ពុជា ទន្លេអាយ៉េវ៉ាឌីក្នុងប្រទេសមីយ៉ាន់ម៉ា និងទន្លេមហាកាម ស្ថិតនៅប្រទេសឥណ្ឌូនេស៊ី។ របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោត ទន្លេមេគង្គក្នុងឆ្នាំ ២០២០ បានឱ្យដឹងថា សត្វផ្សោតទន្លេមេគង្គមានចំនួនសរុបប្រមាណ៨៩ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្នក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះទៅដល់ព្រំប្រទល់ប្រទេសឡាវនៅខេត្តស្ទឹងត្រែងក្នុងចម្ងាយ១៨០គីឡូម៉ែត្រ៕
អត្ថបទ៖លោក កែវ សុខា

Share

Image Not Found
Image

ព័ត៌មានទាក់ទង