ភ្នំពេញ៖ យ៉ាងហោចណាស់មានថង់សំរាមចំនួនជាង ២ លានថង់ត្រូវបានប្រមូលដោយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីរាប់ម៉ឺននាក់ពីសាលាជាងមួយពាន់សាលារៀនក្នុងបណ្តាខេត្តចំនួន១៤ អំឡុងពេលនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ នេះបើតាមរបាយការណ៍សិ្ថតិដែលក្រសួងបរិស្ថានបង្ហោះលើទំព័រហ្វេសប៊ុកនាប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ ខេត្តទាំង១៤ដែលក្រសួងបានបើកយុទ្ធនាការតាមសាលារៀននោះរួមមាន ខេត្តកំពង់ឆ្នាំង កំពត កែប ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តមមានជ័យ ពោតធិ៍សាត់ ប៉ៃលិន និងខេត្តក្រចេះ។
សូមរំលឹកបន្តិចថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ<ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ>ត្រូវបានលេចចេញជារូបរាងយ៉ាងផុសផុលបន្ទាប់ពីគណៈរដ្ឋមន្រ្តីអាណត្តិថ្មីបានចូលមកគ្រប់គ្រង។
ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះថានឹងចូលរួមរបស់សិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេស សរុបចំនួន ១,៥ លាននាក់ ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ។ ក្នុងយុទ្ធនាការនេះដែលអ្នកដឹកនាំបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឈប់ប្រើថង់ប្លាស្ទិកចំនួន ១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ដើម្បីធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។
ផ្អែកតាមក្រសួងបរិស្ថាន រាជធានីភ្នំពេញ ក៏ដូចជានៅតាមទីក្រុងធំៗ បានផលិតសំរាមជាមធ្យម ៣០០០ តោនក្នុងមួយថ្ងៃ ប៉ុន្តែមានតែសំរាមជាង២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ ក្នុងមួយថ្ងៃ ដូចនេះ អាចបង្កើតសំណល់ប្លាស្ទិកប្រមាណ ៥៧តោនក្នុងមួយថ្ងៃ។ សរុបចំនួនថង់ប្លាស្ទិកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានប្រមាណ ៥៦លានថង់ ក្នុងមួយថ្ងៃ គឺស្មើនឹង២៧៩តោនក្នុងមួយថ្ងៃ៕
អត្ថបទ៖ លោក កែវ សុខា
Post Views: 11