គិតត្រឹមថ្ងៃទី១៣ ខែមករា ម្សិលមិញនេះ តម្លៃប្រេងសាំងពិភពលោកបាន និងកំពុងធ្លាក់ចុះត្រឹម ៣២ ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែការធ្លាក់ចុះនៃតម្លៃប្រេងសាំងនេះ ហាក់មិនបានធ្វើឱ្យក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជាមួយចំនួន បញ្ចុះថ្លៃប្រេងសាំងទៅតាមតម្លៃទីផ្សារប្រេងពិភពលោកនៅឡើយ។ តើមូលហេតុអ្វីបានជាប្រេងសាំងនៅកម្ពុជាមិនអាចចុះថ្លៃបាន?
តម្លៃប្រេងសាំងនៅតាមក្រុមហ៊ុនប្រេងឥន្ទនៈមួយចំនួននៅប្រទេសកម្ពុជា នៅមានតម្លៃទ្រឹងដដែល បើទោះបីជាតម្លៃប្រេងសាំងពិភពលោក បាននឹងកំពុងធ្លាក់ចុះជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ តម្លៃសាំងមិនធ្លាក់ចុះនេះ បានក្លាយជាក្តីកង្វល់របស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាកសិករ។
អ្នកសិក្សាស្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី បានឱ្យវិទ្យុស្ត្រី FM 102 នៃ WMC ដឹងនៅថ្ងៃទី១៤ មករា ឆ្នាំ២០១៦ នេះថា តាមការអង្កេតរបស់លោកឃើញថា តម្លៃប្រេងសាំងនៅក្នុងប្រទេសជិតខាង បាននឹងកំពុងធ្លាក់ចុះទៅតាមតម្លៃទីផ្សារប្រេងសាំងពិភពលោកហើយ ដោយឡែកនៅកម្ពុជានៅមិនទាន់បានធ្លាក់ចុះនៅឡើយ។
លោក មាស នី យល់ថា បញ្ហាតម្លៃប្រេងសាំងនៅកម្ពុជា មិនអាចបញ្ចុះថ្លៃទៅតាមតម្លៃទីផ្សារពិភពលោកបាន គឺដោយសារការយកពន្ធនាំចូលប្រេងឥន្ទនៈមានតម្លៃខ្ពស់ជាងគេពេក បើធៀបជាមួយបណ្តាប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម។
យ៉ាងណាក៏ដោយ លោក មាស នី ស្នើឱ្យរដ្ឋាភិបាល ត្រូវតែមានយន្តការយ៉ាងណា ធ្វើឱ្យតម្លៃប្រេងសាំងមានការបត់បែនទៅតាមតម្លៃទីផ្សារប្រេងសាំងអន្តរជាតិ ដើម្បីធានាថា ជីវភាពរបស់ប្រជាពលបានសមរម្យ។
លោក មាស នី បានឱ្យដឹងថា៖ «នេះជាក្តីកង្វល់ពលរដ្ឋយើង ខ្ញុំគិតថាឱ្យរាជរដ្ឋាភិបាលត្រូវតែពិចារណាកំណែទម្រង់យ៉ាងណាទៅលើតម្លៃសាំង ឱ្យមានការបត់បែនទៅតាមទីផ្សារអន្តរជាតិ»។
ចំណែកលោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាបានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនប្រេងសាំងនៅកម្ពុជា មិនទាន់ទម្លាក់ថ្លៃទៅតាមទីផ្សារអន្តរជាតិ គឺអាចបណ្តាលមកប្រេងស្តុកទុករបស់ក្រុមហ៊ុននីមួយៗ មិនទាន់បានលក់ចេញអស់ ហើយបើក្រុមហ៊ុនបញ្ចុះថ្លៃ អាចធ្វើឱ្យក្រុមហ៊ុនប្រេងខាតបង់ ទើបធ្វើឱ្យក្រុមហ៊ុនមិនអាចបញ្ចុះតម្លៃភ្លាមៗបាន។
លោក គី សេរីវឌ្ឍន៍ បន្តថា មូលហេតុមួយទៀតគឺ ដោយសារក្រុមហ៊ុនប្រេងឥន្ទនៈនៅក្នុងស្រុក ជាក្រុមហ៊ុនបែបសហការគ្នា មានន័យថា ក្រុមហ៊ុនប្រេងឥន្ទនៈជាអ្នកកំណត់ថ្លៃលក់ ពោលគឺមិនមែនម្ចាស់ស្ថានីយប្រេងឥន្ទនៈជាអ្នកកំណត់ថ្លៃលក់នោះទេ។
លោក សេរីវឌ្ឍន៍ មានជំនឿថា រាជរដ្ឋាភិបាលអាចគ្រប់គ្រងតម្លៃប្រេងឥន្ទនៈនៅកម្ពុជាបាន ប្រសិនបើកម្ពុជាបង្កើតឱ្យមានច្បាប់ សម្រាប់ធ្វើការប្រកួតប្រជែកឱ្យបានត្រឹមត្រូវ និងតម្លាភាព។ លោក សេរីវឌ្ឍន៍ មានប្រសាសន៍ថា៖ «ក្រុមហ៊ុនប្រេងក្នុងស្រុងយើងជា ក្រុមហ៊ុនបែបសហការ អញ្ចឹងពីរនាក់ហ្នឹងសហការណ៍គ្នាកំណត់ថ្លៃលក់ គឺតម្លៃប្រេងមិនមែនម្ចាស់ស្ថានីយជាអ្នកកំណត់ទេ គឺក្រុមហ៊ុន កំណត់ឱ្យលក់»។
គួររំឭកថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ កន្លងមក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងស្វែងរករូបមន្តមួយ ក្នុងការកំណត់តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីធានាតម្លៃមួយដែលសមស្រប ទៅនឹងទីផ្សារអន្តរជាតិ។
សូមជម្រាបផងដែរថា កាលពីកំលុងខែបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ ២០១៥ កន្លងមក ក្រុមហ៊ុនប្រេងឥន្ទនៈនៅក្នុងប្រទេសកម្ពុជា បានបញ្ចុះតម្លៃចំនួន ១០០ រៀល ក្នុង ១លីត្រ បន្ទាប់ពីមានការស្នើសុំពីសម្តេច ហ៊ុន សែន។
កាលពីកំលុងខែតុលា ឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈទាំងនោះដោយផ្ទាល់ ដើម្បីជជែកពីតម្លៃប្រេងឥន្ធនៈនេះផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ តម្លៃប្រេងសាំងនៅកម្ពុជា នៅតែទ្រឹងដដែល បើទោះបីជាតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ៕