en     km
en     km

ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ត្រូវបង្ខំឱ្យជម្លៀសពីតំបន់ហ្គាហ្សា ខណៈទ័ពអ៊ីស្រាអែលត្រៀមសម្លាប់ក្រុមហាម៉ាស់ទាំងអស់

Share

កងកម្លាំងអ៊ីស្រាអែលបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនដែលរស់នៅតំបន់ហ្គាហ្សាជាងមួយលាននាក់ចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ខណៈកងកម្លាំងអ៊ីស្រាអែលត្រៀមបើកការវាយប្រហារឈុតធំមកលើក្រុមហាម៉ាស់។
(កញ្ញា កែវ សុជាតា រាយការណ៍)

ជុំវិញការវាយប្រហាររវាងក្រុមហាម៉ាស់និងកងកម្លាំងអ៊ីស្រាអែល បានបង្កជាភាពវឹកវរ និងអសន្តិសុខសុវត្ថិភាពនៅក្នុងប្រទេសទាំងពីរ។ នៅក្នុងនោះ ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាស្រ្ទីបភាគខាងជើង ដោយទៅរកកន្លែងសុវត្ថិភាពផ្សេងដើម្បីជ្រកកោន។ នេះបើយោងតាមការឱ្យដឹងពីអង្គការសហប្រជាជាតិចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

ការសងសឹករបស់អ៊ីស្រាអែលនេះក្លាយជាការវាយប្រហារដ៏ព្រៃផ្សៃមួយក្នុងប្រវត្តិសាស្រ្តនៃការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល ដែលធ្វើឱ្យអារ៉ាប់ និងសហភាពអាហ្រ្វិកព្រមានអ៊ីស្រាអែលថា ការលុកលុយនេះអាចនាំឱ្យមានការប្រល័យពូជសាសន៍ក្នុងទំហំដែលមិនធ្លាប់មានពីមុនមក។ យ៉ាងហោចណាស់ មនុស្សនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបចំនួន ២,៦៧០នាក់បានស្លាប់ ក្នុងនោះសុទ្ធសឹងតែប្រជាជនស៊ីវិលរបស់ប៉ាឡេស្ទីន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ ដើម្បីឱ្យអ៊ីស្រាអែលរំសាយកំហឹង។ លោកបន្តទៀតថា ចំណែកអ៊ីស្រាអែលគប្បីបើកផ្លូវផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាសាជាថ្មី ដោយថា តំបន់ហ្គាហ្សានេះកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ និងថ្នាំសង្កូវជាខ្លាំងពន់ពេក។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និយាយថា គ្មាននរណាម្នាក់អាចធានាពីស្ថានការណ៍ និងទំហំនៃជម្លោះបានឡើយ ពីព្រោះថាភាគីទាំងពីរមិនបានចរចារកដំណោះស្រាយតាមសន្តិវិធីនោះទេ ខណៈអ៊ីស្រាអែលបន្តបញ្ជូនទាហានចូលទៅវាយលុកក្នុងតំបន់ហ្គាហ្សាជាបន្តបន្ទាប់។ លោកបានបន្ថែមទៀតថា ប្រទេសមហាអំណាចមួយចំនួនគួរចាត់វិធានការទប់ស្កាត់វិសាលភាពនៃសង្គ្រាម និងការពង្រីកនៃកម្លាំងទ័ពរវាងប្រទេសទាំងពីរ និងការសម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាល ពិសេសស្រ្តីនិងកុមារជាដើម។

សូមរំលឹកថា ប្រទេសអ៊ីស្រាអែលប្រកាសសង្រ្គាមជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារ បាញ់បោះ និងសម្លាប់ប្រជាជនអ៊ីស្រាអែលជាង ១,៤០០នាក់។ តួលេខនេះរាប់គិតចាប់ពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដែលចុះផ្សាយដោយសារព័ត៌មាន CNA៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image