en     km
en     km

កុមារក្លាយជាជនរងគ្រោះក្នុងភ្លើងសង្រ្គាមប៉ាឡេស្ទីននិងអ៊ីស្រាអែល

Share


កងកម្លាំងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់ បានប្រឈមមុខដាក់គ្នាចាប់តាំងពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដោយវាយប្រហារគ្នាទៅវិញទៅមក។ ហេតុការណ៍នេះបង្កជាភាពចលាចលនៅក្នុងប្រទេសទាំងពីរ បណ្តាប្រទេសជិតខាង និងសកលលោកផងដែរ។ លើសពីនេះ អណ្តាតភ្លើងសង្រ្គាមនេះបានសម្លាប់មនុស្សជាច្រើននាក់ ក្នុងនោះមានទាំងកុមារនិងស្រ្តីផងដែរ។ សាស្រ្តាចារ្យម្នាក់បង្រៀននៅសាកលវិទ្យាល័យ Bath នៃចក្រភពអង់គ្លេសនិយាយថា ទាំងអ៊ីស្រាអែលនិងក្រុមឧទ្ទាមហាម៉ាស់មិនបានគោរពតាមគោលការណ៍មូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិស្តីពីការទុកជីវិតឱ្យកុមារក្នុងគ្រាមានសង្រ្គាមនោះឡើយ។ នៅក្នុងជម្លោះនេះ តើកុមារប្រឈមនឹងបញ្ហាអ្វីខ្លះ? ហើយតើពិភពលោកអាចជួយដោះស្រាយវិបាកនេះក្នុងរូបភាពបែបណាខ្លះ? ចង់ជ្រាបច្បាស់សូមនាងកញ្ញា លោកលោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖

រាប់ចាប់ពីថ្ងៃក្រុមហាម៉ាស់បើកការបាញ់ប្រហារមកលើប្រទេសអ៊ីស្រាអែល មានមនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងភ្លើងសង្រ្គាមនេះ ដែលក្នុងចំណោមនោះសាកសពជាច្រើនមានសុទ្ធសឹងតែជាកុមារ។ ចំនួនតួលេខនេះបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាប្រទេសទាំងពីរចោទគ្នាទៅវិញទៅមក ជុំវិញភស្តុតាងនៃការសម្លាប់កុមារយ៉ាងរង្គាលនេះក្តី។ ទង្វើព្រៃផ្សៃនេះសបញ្ជាក់ថា ឆាកប្រយុទ្ធគ្នារបស់ប្រទេសទាំងពីរនេះ មិនអនុវត្តតាមគោលការណ៍មូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិស្តីពីកិច្ចខិតខំប្រឹងប្រែងដោះលែង និងទុកកុមារឱ្យរស់រានមានជីវិតដោយមិនប្រកាន់ជាតិសាសន៍ ខណៈកំពុងធ្វើសង្រ្គាមជាមួយប្រទេសជាដៃគូសត្រូវនោះឡើយ។

ទិដ្ឋភាពដែលកុមារក្លាយជាជនរងគ្រោះនៅក្នុងជម្លោះនេះ កម្រទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនយោបាយ ឬប្រព័ន្ធផ្សព្វផ្សាយណាស់ សូម្បីតែអង្គការសប្បុរសធម៌មួយចំនួនដែលធ្វើការក្នុងតំបន់ ក៏មិនអាចចូលខ្លួនមកជួយដោះស្រាយបញ្ហានេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកសាស្រ្តចារ្យម្នាក់បង្រៀននៅសាកលវិទ្យាល័យ Bath នៃចក្រភពអង់គ្លេស បានសិក្សាស្រាវជ្រាវ ក៏ដូចជាគូសបញ្ជាក់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវិតរបស់កុមារ នៅអំឡុងពេលប្រទេសជាតិកំពុងជួបវិបត្តិ និងកើតភាពវឹកវរនៅក្នុងភ្លើងសង្រ្គាម។

ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង និងបន្ទាប់ពីក្រុមហាម៉ាសបានវាយប្រហារលើប្រទេសអ៊ីស្រាអែលនាពេលថ្មីៗនេះ កុមារអ៊ីស្រាអែលជាច្រើនត្រូវក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំង ហើយដឹកពួកគេចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបតែម្នាក់ឯង ឬបើជាសំណាងល្អកុមារទាំងនេះត្រូវបាននាំមកជាមួយនឹងឪពុកម្តាយរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍របស់មន្រ្តីអ៊ីស្រាអែល។
អង្គការសប្បុរសធម៌របស់ចក្រភពអង់គ្លេស Save The Children និងស្ថាប័នខ្លះទៀតបង្ហាញថា កុមារទាំងនេះត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារជាមួយមនុស្សពេញវ័យ ហើយជាទូទៅត្រូវអ្នកយាមវាយដំយ៉ាងដំណំ និងខ្លះក្លាយជាទាសករផ្លូវភេទរបស់កងកម្លាំងទាហានផងដែរ។

មិនខុសពីកុមារអ៊ីស្រាអែល កុមារប៉ាឡេស្ទីនក៏រងនូវទុក្ខវិនាសយ៉ាងខ្លាំងដែរ ដ្បិតពួកគេត្រូវបានកងកម្លាំងទាហានអ៊ីស្រាអែលចាប់ពង្រាត់ពីក្រុមគ្រួសារម្តាយឪពុករបស់ខ្លួន ដែលកុមារមួយចំនួនមានកុមារត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ។ ហេតុការណ៍នេះ មិនមែនជារឿងដែលទើបនឹងកើតឡើងនោះទេ ពោលគឺបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗកម្ររាយការណ៍អំពីការរំលោភសិទ្ធិជាមូលដ្ឋានរបស់កុមារប៉ាឡេស្ទីននោះឡើយ ខណៈមេដឹកនាំនយោបាយបានបង្ហាញភាពស្ទាក់ស្ទើរក្នុងការចូលរួមដោះស្រាយបញ្ហាទាំងនេះ។

សូមរំលឹកថា នៅក្នុងជម្លោះនេះបានសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួនជាង ១,២០០នាក់ហើយ។ តួលេខនេះបើរាប់គិតចាប់តាំងពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សារាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងរហូតដល់ទៅជាង ៩០០នាក់ ក្នុងនោះមានកុមារចំនួន ២៦០នាក់ និងស្រ្តី២៣០នាក់ ដែលតួលេខនេះរាប់ចាប់តាំងពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ដូចគ្នា៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣

Share

Image
Image
Image