en     km
en     km

នាយករដ្ឋមន្ត្រីថៃទៅបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរីជាលើកដំបូង

Share

ក្រសួងការបរទេសថៃរាយការណ៍កាលពីថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ថា នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីនស៊ីន នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)

ក្រសួងការបរទេសដដែលឱ្យដឹងទៀតថា នេះជាដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅក្នុងប្រទេសសិង្ហបុរីរបស់លោកនាយករដ្ឋមន្រ្តីថៃដែលទើបឡើងកាន់តំណែងថ្មីរូបនេះ។ ក្រសួងបន្ថែមទៀតថា លោកនាយកមន្រ្តីសិង្ហបុរីនឹងចេញមកទទួលស្វាគមន៍លោក សេដ្ឋា ថាវីនស៊ីន យ៉ាងអធិកអធម។

គួរបញ្ជាក់ដែរថា មន្រ្តីជាន់ខ្ពស់មកពីលេខាធិការដ្ឋាននាយករដ្ឋមន្ត្រី និងមន្រ្តីក្រសួងការបរទេសថៃមួយចំនួន នឹងត្រូវអមដំណើរជាមួយលោកនៅក្នុងដំណើរទស្សនកិច្ចនេះ ពិសេសមន្រ្តីទាំងនេះនឹងធ្វើទស្សនកិច្ចនៅផ្សារហ៊ុនរបស់សិង្ហបុរីផងដែរ។

បើយោងតាមក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃបង្ហាញថា សិង្ហបុរីបានក្លាយជាប្រភពវិនិយោគបរទេសផ្ទាល់ទីពីររបស់ប្រទេសថៃនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ដែលស្មើនឹង ១៩ភាគរយនៃតម្លៃវិនិយោគពីបរទេសទាំងអស់នៅក្នុងព្រះរាជាណាចក្រថៃ។

សូមជម្រាបថា ប្រទេសសិង្ហបុរីនិងថៃមានទំនាក់ទំនងពហុភាគីយ៉ាងល្អប្រសើរជាមួយគ្នា ទាំងទំនាក់ទំនងសេដ្ឋកិច្ច ទំនាក់ទំនងស្ថាប័ន ការផ្លាស់ប្តូរយុទ្ធសាស្រ្តនយោបាយ និងការបញ្ជូនពលករចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសទាំងពីរជាដើម។ លោក Lee នាយករដ្ឋមន្រ្តីសិង្ហបុរីកត់សម្គាល់ថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយូរអង្វែង និងស៊ីជម្រៅបំផុតលើវិស័យជាច្រើន រួមទាំងពាណិជ្ជកម្ម ការវិនិយោគ វិស័យការពារជាតិ និងការអប់រំ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image