en     km
en     km

កុមារនិងស្រ្តីមីយ៉ាន់ម៉ាស្លាប់រង្គាលក្នុងជំរំជនភៀសខ្លួន ឈានដល់ការចោទរបបយោធា

Share


កាលពីពេលថ្មីៗនេះ ប្រទេសមីយ៉ាន់ម៉ាជួបនឹងវិបត្តិគ្រោះទឹកជំនន់ ដែលតម្រូវឱ្យជម្លៀសប្រជាជនទៅរកជម្រកសុវត្ថិភាពស្នាក់អាស្រ័យ ខណៈរដ្ឋមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទុះគ្រាប់បែកភ្លាមៗនៅពាក់កណ្តាលយប់អធ្រាត្រដែលសម្លាប់មនុស្សជាច្រើននាក់ ពិសេសជនរងគ្រោះមានទាំងកុមារនិងស្រ្តីផងដែរ។
(កញ្ញា កែវ សុជាតា រាយការណ៍)

យ៉ាងហោចណាស់មនុស្សចំនួន ២៩នាក់ស្លាប់ ចំណែកមនុស្សជាង ៥៩នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្នុងជំរំជនភៀសខ្លួនរបស់ប្រទេសមីយ៉ាន់ម៉ា។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានទាំងកុមារនិងស្រ្តីផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅជំរំជនភៀសខ្លួនក្នុងរដ្ឋ Kachin ដែលស្ថិតនៅក្បែរព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ានិងចិនកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។ ជុំវិញហេតុការណ៍នេះទៀតសោត ជាការវាយប្រហារជនស៊ីវិលដ៏ឃោរឃៅបំផុតមួយ ដែលបានឆក់យកជីវិតប្រជាជនស្លូតត្រង់ជាច្រើននាក់។

ទន្ទឹមគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលឯកភាពជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (NUG) លោក Kyaw Zaw បានថ្កោលទោសយោធាមីយ៉ាន់ម៉ាចំពោះករណីបំផ្ទុះគ្រាប់បែកនេះ ដោយចោទថា ទង្វើនេះជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេស។ លោកបន្តទៀតថា ការវាយប្រហារនៅក្បែរព្រំដែនជាមួយនឹងប្រទេសចិននេះ សបញ្ជាក់ពីការមិនគោរពសុខសន្តិភាព និងស្ថិរភាពរវាងអ្នកជិតខាងក្បែររបងទាំងពីរ។ អ្នកនាំពាក្យរូបនេះថា ពិភពលោកត្រូវតែចាត់វិធានការជាបន្ទាន់ក្នុងការបញ្ឈប់អំពើឃោរឃៅនេះ ពិសេសចាប់មេដឹកនាំរបបយោធាមកដាក់ទោសទណ្ឌតាមច្បាប់អន្តរជាតិ។

ដោយឡែក អ្នកនាំពាក្យរបបយោធាបដិសេធថា កងកម្លាំងយោធាមីយ៉ាន់ម៉ាមិនបានបំផ្ទុះគ្រាប់បែកណាមួយចូលទៅក្នុងជំរំជនភៀសខ្លួនខាងលើឡើយ។ អ្នកនាំរូបនេះអះអាងថា កងកម្លាំងយោធានឹងបើកការស៊ើបអង្កេតជុំវិញហេតុការណ៍នេះ។ ជាងនេះទៀត លោកដាក់ការសង្ស័យថា ការវាយប្រហារនេះអាចជាស្នាដៃរបស់ក្រុមឧទ្ទាមជនជាតិភាគតិចទៅវិញទេ។

សូមរំលឹកថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងជម្លោះតាមតំបន់នានានៃប្រទេស បន្ទាប់ពីកងទ័ពយោធាធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១។ ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្តចាក់ស្រេះអស់រយៈពេលជាច្រើនឆ្នាំ ខណៈកងទ័ពជនជាតិភាគតិចនៅមីយ៉ាន់ម៉ានៅតែព្យាយាមធ្វើចលនាតស៊ូប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងដ៏ព្រៃផ្សៃរបស់យោធាមីយ៉ាន់ម៉ា៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image