ក្រោយពេលអង្គការVerra ដែលជាអង្គការគ្រប់គ្រងគម្រោងអភិរក្សព្រៃឈើពិភពលោក ស្នើឱ្យឆ្លើយតបជាលាយលក្ខណ៍អក្សរបកស្រាយពីករណីរំលោភលើសិទ្ធិជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបំភ្លឺថា ខ្លួនឆ្លើយតបដោយផ្ដល់ព័ត៌មានលម្អិតលើការចោទប្រកាន់នានា និងជឿជាក់ថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងនឹងដើរតួអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ ហើយគាំទ្រឱ្យមានការគោរព និងការពារសិទ្ធិមនុស្ស។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចេញការប្រកាសព័ត៌មានមួយ ជាការបំភ្លឺចំពោះការចោទប្រកាន់ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលថា គម្រោងនេះបានរៀបចំ និងអនុវត្តដោយគ្មានការយល់ព្រមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលជាការរំលោភសិទ្ធិមនុស្ស។
ការបំភ្លឺនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្វើឡើងក្រោយមានការស្នើឱ្យឆ្លើយតបពីអង្គការ Verra ដែលបានបើកការស៊ើបអង្កេតពីករណីរំលោភសិទ្ធិជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន កាលពីខែមិថុនា ឆ្នាំ២០២៣។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអះអាងថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គឺជាការផ្ដួចផ្ដើមគំនិតផ្នែកអភិរក្ស ប្រកបដោយទំនួលខុសត្រូវ និងប្រសិទ្ធភាព ដោយបានផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសហគមន៍មូលដ្ឋានតាមរយៈការលើកម្ពស់ជីវភាព។
ក្នុងនោះគម្រោងបានដំណើរការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមពិគ្រោះយោបល់ និងមានការយល់ព្រមយ៉ាងពេញលេញពីជនជាតិដើមភាគតិច និងពីសហគមន៍មូលដ្ឋានក្នុងឃុំចំនួន១៤ ។ ក្នុងនោះផងដែរ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៦ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសម្រួលដល់ការវាស់វែងក្បាលដីឯកជនចំនួនជាង១២ម៉ឺនកន្លែង ដែលជាលទ្ធផលប្រជាពលរដ្ឋសហគមន៍បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនជិត៥ពាន់ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣។ រីឯវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅសល់ចំនួនជាង ៧ពាន់ប័ណ្ណទៀត ត្រូវបានរំពឹងថានឹងចេញជូន នៅឆ្នាំ២០២៤ខាងមុខ។
បើតាមការបញ្ជាក់បន្ថែមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃដដែល បង្ហាញថាមានប្រជាពលរដ្ឋចំនួន៣៩៥៧ គ្រួសារ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង។ ក្នុងនោះមានដូចជាការរៀបចំប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធនានា ប្រព័ន្ធចែកចាយទឹក កម្មវិធីផ្តល់អាហារូបករណ៍ជូនសិស្ស និងមាន៥០៩គ្រួសារទៀតទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេតាមរយៈកម្មវិធីបណ្តុះបណ្តាលផ្នែកកសិកម្ម។
បើទោះបីជា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលជាការអនុវត្តរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីអភិរក្សព្រៃក្នុងការលក់កាបូនបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍យ៉ាងណាក្តី តែការសម្រេចស៊ើបអង្កេតពីអង្គការ Verra ដោយសារតែអង្គការអន្តរជាតិដែលគ្រប់គ្រងគម្រោងអភិរក្សព្រៃឈើពិភពលោកមួយនេះ បានទទួលមតិយោបល់ពីភាគីពាក់ព័ន្ធនៃភាពមិនប្រក្រតីនៃគម្រោងនេះ ហើយមតិទាំងនោះមានហេតុផលដែលត្រូវធ្វើការស៊ើបអង្កេតបន្ថែមលើគម្រោងរេដបូកនេះ។
នៅក្នុងលិខិតដែលអង្គការVerra ចេញកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា អំឡុងពេលកំពុងដំណើរការពិនិត្យស៊ើបអង្កេត ការចេញឥណទាន ឬស្លាកសញ្ញាណាមួយបន្ថែមទៀតត្រូវបានផ្អាក។ អង្គការនេះបញ្ជាក់ថា បើការអនុវត្តតាមគោលការណ៍ណែនាំCCB ត្រូវបានខកខាន នោះអាចធ្វើឱ្យអង្គការ Verra ផ្អាកគម្រោងរេដបូក។
គួរបញ្ជាក់បន្តិចថា CCB ជាស្ដង់ដាតម្រូវឱ្យអ្នកអភិវឌ្ឍន៍គម្រោងបង្កើតបាននូវអត្ថប្រយោជន៍អាកាសធាតុ សហគមន៍ និងជីវចម្រុះដ៏គួរឱ្យទុកចិត្តប្រកបដោយនិរន្តរភាព និងចម្រុះ ។
ទាក់ទងនឹងរឿងនេះ ប្រជាពលរដ្ឋសហគមន៍ដែលទទួលផលពីគម្រោងនេះបានប្រាប់សារព័ត៌មានក្នុងស្រុកថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងទោះបីជាបានអភិវឌ្ឍន៍សហគមន៍បានរីកចម្រើនលើសមិទ្ធផលនានាមួយចំនួនក៏ពិតមែន តែប្រជាសហគមន៍បានបាត់បង់សិទ្ធិក្នុងការចូលព្រៃរកអនុផលព្រៃឈើបន្តទៀត ដែលនោះធ្វើឱ្យប៉ះពាល់មុខរបរប្រចាំថ្ងៃរបស់ពួកគេ។
តែយ៉ាងណាចំពោះការឆ្លើយតបបទចោទខាងលើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃថា ខ្លួនចូលរួមយ៉ាងសកម្មក្នុងការប្រាស្រ័យទាក់ទងជាមួយអង្គការ Verra ដោយផ្តល់នូវព័ត៌មានយ៉ាងលម្អិតឆ្លើយតបទៅនឹងការចោទប្រកាន់នោះ។ ដូចគ្នាដែរអង្គការនេះ ជឿងជាក់ថា ស្របពេលដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងកំពុងអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ គម្រោងនេះក៏គាំទ្រឱ្យមានការគោរពនិងការពារសិទ្ធិមនុស្សផងដែរ។
សូមបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃគ្រប់គ្រងតំបន់រេដបូកលើផ្ទៃដី ៤៥ម៉ឺនហិកតា គ្របដណ្តប់លើឧទ្យានជាតិភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។ តំបន់នេះជាកន្លែងអភិរក្សប្រភេទសត្វជិតផុតពូជ ដូចជា សត្វត្រយ៉ងយក្ស ខ្លាឃ្មុំព្រះអាទិត្យ និងសត្វទោច។ អង្គការសម្ព័ន្ធសត្វព្រៃបានប្រើវិធីសាស្រ្ត ការថែរក្សាបន្ទាយ ដើម្បីទប់ស្កាត់ការទន្ទ្រានយកដី និងការកាប់បំផ្លាញព្រៃឈើ។ វិធីសាស្ដ្រនេះ ទប់ស្កាត់ការធ្វើកសិកម្មបែបប្រពៃណីរបស់ជនជាតិភាគតិច៕