នៅថ្ងៃអង្គារ ទី១០ ខែតុលាម្សិលមិញ យោធាអ៊ីស្រាអែលប្រាប់សារព័ត៌មានក្នុងស្រុកថា កងកម្លាំងយោធាអ៊ីស្រាអែលកំពុងរៀបចំយុទ្ធសាស្រ្តវាយប្រហារក្រុមឧទ្ទាមហាម៉ាស់តាមរយៈផ្លូវគោក ខណៈបច្ចប្បន្នយោធាអ៊ីស្រាអែលកំពុងប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ពីលើផ្ទៃអាកាស។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។
ជុំវិញករណីនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារតំបន់ហ្គាហ្សា ហើយតំបន់នេះនឹងមិនវិលត្រលប់ទៅរកសភាពដើមវិញនោះទេ។ លោករំពឹងថា ប៉ុន្មានថ្ងៃទៀត កងកម្លាំងយោធាអ៊ីស្រាអែលនឹងបើកការបាញ់ប្រហារទៅកាន់ក្រុមហាម៉ាស់តាមផ្លូវគោក ដែលអាចឈានការបង្ហូរឈាមរវាងទ័ពនិងទ័ព។
យ៉ាងណាមិញ ខណៈអ៊ីស្រាអែលជាប្រទេសដែលអំណោយផលច្រើនក្នុងលក្ខខណ្ឌយោធា ចំនួនទ័ពចេញច្បាំង បច្ចេកវិទ្យា និងប្រព័ន្ធសព្វាវុធទំនើបៗជាច្រើន ក៏ប៉ុន្តែជាការកត់សម្គាល់ក្រុមហាម៉ាស់បានរៀនសម្របនិងបន្សាំខ្លួនទៅនឹងភូមិសាស្រ្តបរិយាកាសរស់នៅក្នុងប្រទេសអ៊ីស្រាអែលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អាជ្ញាធរតំបន់ហ្គាហ្សាឱ្យដឹងថា ក្រុមហាម៉ាស់អាចមានប្រៀបលើកងកម្លាំងយោធាអ៊ីស្រាអែល ដ្បិតពួកគេមិនសូវស្គាល់ពីភូមិសាស្រ្តហ្គាហ្សា ដូចដែលក្រុមហាម៉ាស់យល់ដឹងពីអ៊ីស្រាអែល។
ដោយឡែក នៅក្នុងជម្លោះនេះបានសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួនជាង ១,២០០នាក់ហើយ។ តួលេខនេះបើរាប់គិតចាប់តាំងពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សារាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងរហូតដល់ទៅជាង ៩០០នាក់ ក្នុងនោះមានកុមារចំនួន ២៦០នាក់ និងស្រ្តី២៣០នាក់ ដែលតួលេខនេះរាប់ចាប់តាំងពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ដូចគ្នា៕
ប្រភព៖ The Guardian ចុះថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣