en     km
en     km

អ្នកជំនាញនៅបារម្ភបញ្ហាបង្កឱ្យកម្ពុជាជាប់ឈ្មោះបញ្ជីប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់

Share

ភ្នំពេញ៖ បើទោះបីជាកម្ពុជាត្រូវបានដកឈ្មោះចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់ និងទទួលបានការសរសើរពីបរទេសក្តី ប៉ុន្តែអ្នកជំនាញបន្តស្នើឱ្យអជ្ញាធររដ្ឋាភិបាលបង្កើនការយកចិត្តដាក់បន្ថែម ដោយអ្នកជំនាញទាំងនោះក៏បានផ្តល់ជាដំណោះស្រាយជាការពិចារណា បន្ទាប់ពីមើលឃើញនូវបញ្ហាដែលពួកគេចាត់ទុកថាមានជាប់ទាក់ទងទៅនឹងករណីលាងលុយកខ្វក់ក្នុងប្រទេស។

កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍

ក្នុងជំនួបរវាង អគ្គស្នងការជាតិ និង លោក  W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក  កម្ពុជាទទួលបានការសាទរដែលត្រូវបានដកចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់។ ការសាទរនេះបណ្តាលឱ្យសាធារណជន និងអ្នកជំនាញមួយចំនួនសម្តែងក្តីត្រេកអរ ដែលត្រូវបានប្រទេសសេរីដូចជាសហរដ្ឋអាមេរិកមើលឃើញពីភាពវិជ្ជមានរបស់កម្ពុជា។ ក៏ប៉ុន្តែជុំវិញករណីនេះ អ្នកជំនាញ នៅតែសង្កេតឃើញបញ្ហាចម្បងជាច្រើននៅតែកើតមាន ដូចជាអំពើពុករលួយ ការជួញដូរគ្រឿងញៀន និង កាធ្វើអាជីវកម្មទុច្ចរិតជាដើម។ អ្នកជំនាញទាំងនោះសង្កត់ធ្ងន់ថា រាល់ករណីដែលពួកគេលើកឡើងនេះ ជាបញ្ហាដែលរដ្ឋាភិបាលគួរបង្កើនការយកចិត្តទុកដាក់ ដោយពួកគេអះអាងថារឿងរ៉ាវទាំងនេះអាចនឹងនាំកម្ពុជាពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដូចមុន។

ជុំវិញការសាទរនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព មើលឃើញពីឱកាសដែលកម្ពុជាទទួលបាន ដូចជាជំរុញឱ្យកាន់តែមានភាពល្អប្រសើរផ្នែកពាណិជ្ជកម្ម និងពង្រឹងឡើងវិញនូវវិស័យសេដ្ឋកិច្ច។ ជាមួយគ្នានេះ លោកក៏បានលើកឡើងនូវការសង្កេតឃើញពីចំណុចអវិជ្ជមាន ដែលលោកមើលឃើញកន្លងមកផងដែរ ហើយចំណុចទាំងនោះលោកចាត់ទុកថានៅតែជាបញ្ហាដែលរដ្ឋាភិបាលគួរត្រួតពិនិត្យឡើងវិញ។

លោក យ៉ង គឹមអេង៖« ចំពោះបញ្ហាប្រធានបទនៃការលាងលុយនេះជាប្រធានបទដែលនៅតែសំខាន់ហើយដែលត្រូវឱ្យរដ្ឋាភិបាលហ្នឹង ធ្វើការសកម្មភាពថែមទៀតក្នុងការ​ធានាក្នុងការបំបាត់នៃការលាងលុយកខ្វក់នេះ»

​ពាក់ព័ន្ធទៅនឹងករណីលាងលុយកខ្វក់ ថ្មីៗនេះ មានស្រ្តីជនជាតិខ្មែរម្នាក់ក្នុងចំណោមជនបរទេស១០នាក់ ត្រូវបានតុលាការសិង្ហបុរីចោទប្រកាន់ជាផ្លូវការថាមានជាប់ពី​បទ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយចំនួន រួម​មាន ការ​ក្លែង​បន្លំ និង​ការ​លាង​លុយកខ្វក់ ដែល​គិត​ជា​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសឈ្មោះ ​ស្ត្រេតថែមស៍ (Straitstimes)កាលពី ថ្ងៃទី​១៧ ខែ​សីហា​ ឆ្នាំ២០២៣ កន្លងទៅ។

ស្រដៀងគ្នាទៅនឹងលោក យ៉ង់ គឹមអេងដែរ លោក រស់ សុថា ប្រធានអង្គការច្រាក់ ក៏នៅតែសង្កេតឃើញមានរឿងរ៉ាវមួយចំនួននៅតែកើតមានក្នុងប្រទេស ហើយករណីទាំងនោះលោកចាត់ទុកថាសុទ្ធសឹងតែជាបញ្ហាដែលបង្កឱ្យកម្ពុជាអាចមានឈ្មោះពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ បន្ថែមពីនេះលោកយល់ថាភាគីរដ្ឋាភិបាលត្រូវជម្រុញលុបបំបាត់នូវអំពើទុច្ចរិតដែលកើតមាន។

លោក រស់ សុថា ៖« យើងឃើញថាដើម្បីឱ្យយើងជឿជាក់មួយរយភាគរយបញ្ហានៃការលាងលុយកខ្វក់ហ្នឹងមិនមានបានលុះត្រាថាអំពើទុច្ចរិតផ្សេងៗដូចថាអំពើពុករលួយហ្នឹងលែងមាននៅក្នុងប្រទេសកម្ពុជា ហើយប្រសិនបើយើងកន្លងមកយើងឃើញថាបញ្ហាគ្រឿងញៀនក៏នៅតែមានចរាចរទ្រង់ទ្រាយធំ បញ្ហាការចាប់ចំរិតតាមប្រព័ន្ធអ៊ីនធឺណេតអីជាដើម នៅតែមានអ៊ីចឹង អាហ្នឹងនៅតែមានការជាប់ពាក់ព័ន្ធនឹងបញ្ហាការលាងលុយកខ្វក់ដែរ អាចថាវាមានការពាក់ព័ន្ធគ្នា ចង់និយាយថាបើឧក្រិដ្ឋជននុង៎នៅតែមាននៅស្រុកខ្មែរការលាងលុយមិនស្អាតនៅតែកើតមានឬទេ?អាហ្នឹងជាចម្ងល់មួយដែលត្រូវពិនិត្យឡើងវិញហើយត្រូវការបោសសម្អាតហា៎ណាស់»

ក្នុង​សេចក្តី​ព្រាង​របាយ​ការណ៍របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ហាញ​​ថា ​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ក្នុង​ឆ្នាំ ​២០២២​ កន្លង​មក​មាន​ម​ចំនួន​ដែល​កើន​ឡើងបើធៀបទៅនឹង​​ឆ្នាំ ​២០២១​។

ជាដំណោះស្រាយ ក្នុងការឈានទៅរកការបំបាត់ចោលករណីលាងលុយកខ្វក់ លោក យ៉ង គឹមអេង មើលឃើញពីដំណោះស្រាយជាច្រើនប៉ុន្តែលោករៀបរាប់ចំនួន៣ មានដូចជា ពង្រឹងលើលំហូរនៃដៃគូពាណិជ្ជកម្មហើយលោកសង្កត់ធ្ងន់ទៅលើជនជាតិចិនជាពិសេស  ធានានូវអាជីវកម្មសុច្ចរិតជាមួយបណ្តាដៃគូអន្តរជាតិ និង ចាត់វិធានការចំពោះមន្រ្តីអសកម្មហើយពាក់ព័ន្ធនឹងអំពើពុករលួយ។ កត្តាទាំងនេះលោកសំអាងថាជាចំណុចសំខាន់ដែលរដ្ឋាភិបាលអាចធ្វើការពិចារណា។

លោក យ៉ង គឹមអេង៖« ដំណោះស្រាយទីមួយគឺត្រូវតែចាត់វិធានការហើយជាពិសេសគឺទៅលើក្រុមបណ្តាជនជាតិចិនដែលបានជាប់ពាក់ព័ន្ធទៅនឹងការលាងលុយហ្នឹងគួរតែធ្វើការតាមដានត្រួតពិនិត្យហើយបង្រ្កាបឱ្យបានទាន់ពេលវេលា ហើយទី២ត្រូវធ្វើយ៉ាងណាត្រូវធានានូវអាជីវកម្មដែលមានសុច្ចរិតភាព មានតម្លាភាពដើម្បីបង្ហាញទៅដល់សហគមអន្តជាតិ លោកខាងលិចជាពិសេស សហរដ្ឋអាមេរិចដែលគែមានបំណអចង់វិនិយោគជាមួយប្រទេសកម្ពុជាអីហ្នឹងដើម្បី ឱ្យគេជឿជាក់កាន់តែខ្លាំងបាទអាហ្នឹងជារឿងមួយសំខាន់ដែរ ហើយទី៣គឺត្រូវបន្តរឿងការអនុវត្តច្បាប់ មិនអនុញ្ញាតឱ្យមន្រ្តីណាម្នាក់ដែលពាក់ព័ន្ធនឹងក្រុមលាងលុយកខ្វក់ហ្នឹងទេបាទ ត្រូវតែចាត់វិធានការមិនត្រូវរើសមុខ»

ចំពោះលោក រស់ សុថា វិញលោកក៏មើលឃើញពីដំណោះស្រាយជាច្រើនផងដែរ ដោយលោកបំផុសឡើងមានជាហូរហែររួមមាន ចំណាត់ការទៅលើវិសោតធកម្មទាក់ទងទៅនឹងមុខរបរមួយចំនួន​​។ លើសពីនេះអ្វីដែលលោកគូសបញ្ជាក់ថាជាចំណុចដែលគួរតែព្រឹងឱ្យមានគុណភាពខ្លាំង នោះគឺពាក់ព័ន្ធទៅនឹងការអនុវត្តវិធានការរប់អជ្ញាធររដ្ឋាភិបាល​ និងប្រព័ន្ធតុលាការនៅកម្ពុជា។

លោក រស់ សុថា៖« ចំណុចទីមួយសំខាន់ជាងអ្វីៗទាំងអស់បាទ សឹងតែធ្វើអាហ្នឹងបានអ្វីៗត្រូវបានទប់ស្កាត់ទាំងអស់បាទបើសិនជាយើងជាអ្នកស្រឡាញ់នូវការអនុវត្តច្បាប់ ស្រឡាញ់នីតិរដ្ឋ ស្រឡាញ់ភាពត្រឹមត្រូវស្រឡាញ់ភាពស្អាតស្អំ សង្គមដែលត្រឹមត្រូវមួយហើយគឺថាគ្មាននរណាមួយហ៊ានប្រមាថមើលងាយកម្ពុជាបានទេទាំងប្រជាជនខ្មែរ ទាំងបរទេសពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាហ្នឹងបាទ ឥឡូវចំណុចទីពីរបញ្ហាគឺថាតុលាកា ការណ៍កាត់ក្តីរបស់តុលាកាហ្នឹងធ្វើយ៉ាងណា ឱ្យធ្វើការប្រកបទៅដោយឯករាជ្យកុំឱ្យមានការយោគយល់បាទ កុំប្រកាន់បក្សប្រកាន់ពួក ត្រូវមានវិធានការយ៉ាងម៉ឹងម៉ាត់ចំពោះឧក្រិដ្ឋជនទាំងឡាយ ពាក់ព័ន្ធនឹងសកម្មភាពទាំងឡាយនៃការលាងលុយកខ្វក់ហ្នឹងបាទ»

ទាក់ទងបញ្ហានេះ វិទ្យុស្រ្តីមិនអាចសុំការឆ្លើយតបពី លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​បាននៅឡើយ ដោយទូរស័ព្ទទាក់ទងមិនចូល គិតត្រឹមព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ នេះ។

ប្រទេសកម្ពុជា ធ្លាប់ត្រូវបានអង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា FATF  ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់ ចាប់តាំងពីឆ្នាំ២០១៩។ បន្ទាប់មកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ FATF  ​បានប្រកាសជាផ្លូវការ  សម្រេច​ដកប្រទេសកម្ពុជា ចេញពី «បញ្ជី​ប្រផេះ​​នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់»វិញក្នុងមហាសន្និបាត FATF  នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង៕

Share

ព័ត៌មានទាក់ទង

Image