en     km
en     km

មន្រ្តីក្រសួងសុខាភិបាល៖ អ្នកពាក់ព័ន្ធចំនួន ១២ នាក់ដែលប៉ះពាល់ជាមួយអ្នកស្លាប់ម្នាក់ក្នុងករណីជំងឺផ្តាសាយបក្សីគ្មានរោគសញ្ញាវិជ្ជមាននោះទេ

Share

ភ្នំពេញ៖ មន្រ្តីក្រសួងសុខាភិបាលប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះថា អ្នកប៉ះពាល់ផ្ទាល់ជាមួយមនុស្សម្នាក់ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)នៅស្រុករមាសហែក ខេត្តស្វាយរៀង គឺគ្មានរោគសញ្ញាវិជ្ជមាននៃជំងឺនេះឡើយ បន្ទាប់ពីមន្រ្តីជំនាញបានយកសំណាករបស់ពួកគេទៅពិនិត្យ។

យ៉ាងណាដើម្បីការពារសុវត្ថិភាព មន្រ្តីនៃក្រសួងសុខាភិបាលខាងលើបញ្ជាក់ថា អ្នកទាំង១២នាក់នេះ កំពុងតែស្ថិតក្នុងការតាមដានសុខភាព និងទទួលការណែនាំមិនឱ្យមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកដទៃចំនួន ១៤ថ្ងៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបញ្ជាក់ថា មានករណីស្លាប់បាត់បង់ជីវិតលើបុរសម្នាក់វ័យ៥០ឆ្នាំ កាលពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយសារជំងឺផ្តាសាយបក្សី(H5N1)។

បើតាមការសាកសួរបង្ហាញថា មានផ្ទះអ្នកជិតខាងជាមួយបុរសដែលបាត់បង់ជីវិតខាងលើបានទិញមាន់ស្តុកទុកលក់ បន្ទាប់មកមាន់អ្នកជិតជាមួយបុរសរងគ្រោះក៏បានងាប់ជាបន្តបន្ទាប់ប្រមាណជាង ៥០ក្បាល ហើយម្ចាស់មាន់ងាប់នោះក៏បានចែកចាយឱ្យអ្នកជិតខាងធ្វើម្ហូបទទួលទាន។

តែយ៉ាងណា ផ្អែកតាមមន្រ្តីដែលវិទ្យុស្រ្តីសាកសួរបានបញ្ជាក់ថា ករណីនេះមន្រ្តីពាក់ព័ន្ធកំពុងស្រាវជ្រាវដោយពុំទាន់អាចធ្វើការសន្និដ្ឋានវាយតម្លៃជាក់លាក់នៅឡើយទេ។ ប៉ុន្តែករណីជំងឺផ្តាសាយបក្សីនេះ មន្ត្រីជំនាញថាអាចបណ្តាលុមកពីការចម្លងពីបក្សីព្រៃមកបក្សីស្រុកតាមរយៈលាមកផងដែរ។

ប្រសាសន៍មន្រ្តីក្រសួងសុខាភិបាល៖

បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលទាក់ទងករណីជំងឺផ្តាសាយបក្សីនេះ របៀបចម្លងរបស់ជំងឺនេះគឺបណ្តាលមកពីបក្សីឈឺចម្លងទៅបក្សីផ្សេងទៀត និងជួនកាលអាចចម្លងទៅមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់យ៉ាងជិតស្និតជាមួយបក្សីឈឺឬងាប់នោះ។

បើទោះបីជាជំងឺនេះមិនងាយឆ្លងពីមនុស្សទៅមនុស្សក្តី តែជំងឺនេះអាចបំប្លែងខ្លួនដែលអាចចម្លងដូចគ្នានឹងជំងឺផ្តាសាយតាមរដូវកាលដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួង។

ចំពោះមុខបញ្ហានេះ ក្រសួងសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីនេះ ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងនិងបង្កហានិភ័យនិងមានភាពងាយរងគ្រោះផងដែរ។ ចំពោះករណីស្លាប់លើបុរសក្នុងខេត្តស្វាយរៀងនេះ ជាករណីស្លាប់ទី៣៩ហើយ ដែលបានកើតមានតាំងពីឆ្នាំ២០០៥ និងជាករណីទី២ ដែលបានកើកឡើងក្នុងឆ្នាំ២០២៣នេះផងដែរ។

ចំពោះវិធានការបង្ការវិញ ក្រសួងបញ្ជាក់ថា ត្រូវលាងដៃនឹងសាប៊ូមុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី។ មួយទៀតត្រូវដាក់កុមារនៅឆ្ងាយពីបក្សី ឬដាក់បក្សីនៅឆ្ងាយពីទីកន្លែងរស់នៅ កុំបរិភោគបក្សីឈឺឬងាប់៕

 

Share

ព័ត៌មានទាក់ទង

Image