en     km
en     km

លោក Biden គ្រោងជួបលោក Xi Jinping នៅខែវិច្ឆិកាខាងមុខនេះ

Share

ក្រោយប្រទេសចិន និងសហរដ្ឋអាមេរិកមានបញ្ហាទំនាក់ទំនងការទូតអស់រយៈពេលប៉ុន្មានឆ្នាំ នៅពេលនេះមេដឹកនាំទាំងពីរនឹងបើកតុមូលពិភាក្សាស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្សះផ្សារនូវការបែកបាក់សាមគ្គីភាពរវាងប្រទេសមហាអំណាចទាំងពីរ។

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាននៃសហរដ្ឋអាមេរិកឱ្យដឹងថា សេតវិមានកំពុងរៀបចំផែនការសម្រាប់ជំនួបទប់មុខគ្នារវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping។ ក្នុងនោះដែរ មន្រ្តីជាន់ខ្ពស់របស់អាមេរិកម្នាក់បញ្ជាក់ថា ជំនួបពិភាក្សារវាងមេដឹកនាំកំពូលទាំងពីររូបនេះនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Washington Post នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។

បើតាមសារព័ត៌មាន Channel News Asia មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមទៀតថា ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅខែវិច្ឆិកាខាងមុខនេះ។ ជាងនេះទៀត មន្រ្តីរូបនេះអះអាងថា លោក Xi អាចនឹងអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកិច្ចប្រជុំនេះផងដែរ។

ដោយឡែក ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានចេញមុខអត្ថាធិប្បាយអ្វីពិសេសជុំវិញករណីនេះឡើយ។ តួយ៉ាង អ្នកនាំពាក្យរបស់ស្ថានទូតចិននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈអ៊ីមែលថា ប្រទេសទាំងពីរនៅតែប្រាស្រ័យទាក់ទងគ្នាធម្មតា តែត្រូវការការពង្រីកកិច្ចសហប្រតិបត្តិការ រក្សាចំណងមិត្តភាព និងសេចក្តីទុកចិត្តរវាងថ្នាក់ដឹកនាំទាំងពីរ។ កាលពីខែមុន ទីភ្នាក់ងារសន្តិសុខកំពូលរបស់ប្រទេសចិនណែនាំថា ជំនួបរវាងលោក Xi និងលោក Biden អាចប្រព្រឹត្តទៅបានអាស្រ័យលើសហរដ្ឋអាមេរិកបានបង្ហាញពីភាពស្មោះត្រង់គ្រប់គ្រាន់ដែរឬទេ។

ជាការកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងសហរដ្ឋអាមេរិកជាប្រទេសពីរដែលមានកំណើនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ក៏ប៉ុន្តែប្រទេសទាំងពីររមែងប្រកួតប្រជែងគ្នាលើទីផ្សារអន្តរជាតិ ពិសេសទំនាក់ទំនងការទូតកាន់តែដុនដាម។ បញ្ហាមួយចំនួនដែលបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរមានដូចជាបញ្ហានៅលើកោះតៃវ៉ាន់ វិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ ការចោទប្រកាន់ទាក់ទិននឹងអំពើចារកម្ម បញ្ហាសិទ្ធិមនុស្ស ពន្ធពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។

សូមរំលឹកដែរថា ប្រធានាធិបតីចិនរូបនេះមិនបានអញ្ជើញចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅទីក្រុង New Delhi នៃប្រទេសឥណ្ឌាកាលពីថ្ងៃទី៩-១០ខែកញ្ញានោះឡើយ។ ក៏ប៉ុន្តែលោកបានបញ្ជូនបេសកជនជាន់ខ្ពស់មួយរូបឱ្យទៅជំនួស ពោលគឺលោកនាយករដ្ឋមន្រ្តី Li Qiang។ ទន្ទឹមនឹងការអវត្តមានរបស់លោក Xi នៅក្នុងកិច្ចប្រជុំកំពូល G20នេះ អ្នកវិភាគយល់ថាអាចដោយសារតែវត្តមានរបស់លោក Joe Biden ខណៈរបៀបវារៈជាច្រើនដែលលើកយកមកពិភាក្សាសុទ្ធតែដាក់សម្ពាធដល់ចិន៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image