en     km
en     km

ជប៉ុនបង្ហូរទឹកវិទ្យុសកម្មចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាលើកទីពីរ

Share

ប្រតិបត្តិករជប៉ុនរាយការណ៍ឱ្យដឹងថា ប្រទេសជប៉ុននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅកាន់មហាសមុទ្រជាលើកទីពីរហើយ។ តួយ៉ាង អ្នកនាំពាក្យក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ប្រាប់សារព័ត៌មាន AFP ថា ការបង្ហូរទឹកចាប់ផ្តើមបើកដំណើរការនៅម៉ោង ១០:១៨នាទីព្រឹកនាថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ ពោលគឺជាម៉ោងនៅក្នុងប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន Channel News Asia បញ្ជាក់ថា ការបង្ហូរទឹកនៅដំណាក់កាលទីពីរនេះ នឹងបញ្ចេញទឹកប្រហែល ៧,៨០០តោន។ អ្នកនាំពាក្យ TEPCO អះអាងថា ទឹកសំណល់វិទ្យុសកម្មទាំងនេះត្រូវអ្នកជំនាញចម្រោះធាតុវិទ្យុសកម្មចេញស្ទើរតែទាំងស្រុង ពុំមានជះផលអវិជ្ជមានដល់សុខភាពអ្នកប្រើប្រាស់បានឡើយ។ ជាងនេះទៀត ការបង្ហូរទឹកនេះស្ថិតក្រោមការតាមដានយ៉ាងម៉តចត់ពីសំណាក់អង្គការសហប្រជាជាតិផងដែរ។

យ៉ាងណាមិញ កាលពីសប្តាហ៍មុន ប្រទេសចិនចេញមុខចោទប្រកាន់ជប៉ុនចំៗនៅសន្និបាតអង្គការសហប្រជាជាតិថា ជប៉ុនប្រើប្រាស់មហាសមុទ្រដូចជាលូសម្រាប់បង្ហូរទឹក។ ប្រទេសចិនដាក់គោលនយោបាយហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុនគ្រប់ប្រភេទ បន្ទាប់ពីជប៉ុនមិនព្រមបញ្ឈប់ប្រតិបត្តិការបំពុលផ្ទៃទឹក។ លើសពីនេះ រុស្សីដែលមានទំនាក់ទំនងសោះអង្គើយជាមួយជប៉ុនផងដែរនោះ កំពុងពិចារណាអនុវត្តគោលនយោបាយហាមឃាត់ការនាំចូលនូវអាហារសមុទ្ររបស់ជប៉ុន។

សូមរំលឹកថា ប្រទេសជប៉ុនធ្លាប់បានបង្ហូរទឹកវិទ្យុសកម្មនេះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកម្តងរួចមកហើយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ទឹកវិទ្យុសកម្មនេះទៀតសោត ត្រូវបានស្តុកទុកនៅក្នុងរោងចក្រនុយក្លេអ៊ែរ Fukushima ចាប់តាំងពីព្យុះរលកយក្សស៊ូណាមិវាយប្រហារក្នុងឆ្នាំ២០១១មកម្ល៉េះ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣

Share

Image
Image
Image