អ្នកជំនាញរបស់អង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ថា អំពើហិង្សាបន្តកើតលើស្ត្រីនិងកុមារីនៅក្នុងប្រទេសមួយចំនួនលើសកលលោក ពិសេសការរំលោភបំពានសិទ្ធិមនុស្សនៅតែរីករាលដាល និងបំផ្លិចបំផ្លាញសមត្ថភាពស្រ្តីនៅក្នុងសហគមន៍។
(កញ្ញា កែវ សុជាតា រាយការណ៍)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាសិទ្ធិស្រ្តី អ្នកស្រី Reem Alsalem និយាយថា ស្ត្រីនិងក្មេងស្រីនៅតែត្រូវគេជិះជាន់ ធ្វើទារុណកម្ម និងសម្លាប់ដោយផ្អែកលើបញ្ហាយេនឌ័រនៅក្នុងប្រទេសរៀងខ្លួនៗ ដោយមិនមែនជាហេតុផលសមស្របឡើយ។ អ្នកស្រីបញ្ជាក់ទៀតថា កុមារីនិងស្រ្តីមិនមានសិទ្ធិក្នុងការបញ្ចេញមតិ មានជំនឿដែលជារបស់ខ្លួន ការដើរតាមទីសាធារណៈ និងមិនអាចមានគុណវិបត្តិណាមួយនោះទេ ពោលគឺត្រូវតែល្អដូចមាសទឹកដប់។
ការលើកឡើងរបស់អ្នកស្រី Alsalem ធ្វើឡើងបន្ទាប់ពីអ្នកស្រីបានបង្ហាញរបាយការណ៍ទៅកាន់គណៈកម្មាធិការទី៣នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដើម្បីពិនិត្យបន្ថែម និងរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលា និងធានាបាននូវប្រសិទ្ធភាពខ្ពស់។ អ្នកស្រីបន្ថែមទៀតថា អំឡុងពេលបញ្ហាស្រ្តីនៅមិនទាន់ដោះស្រាយ ពិភពលោកកំពុងមានសភាពវឹកវរដោយសារតែវិបត្តិសង្រ្គាម ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ជំងឺរាតត្បាត និងការប្រកួតប្រជែងនៅក្នុងទីផ្សារសេដ្ឋកិច្ច ដែលទាំងនេះក៏ជាផ្នែកមួយជះឥទ្ធិពលអវិជ្ជមានលើសមភាពយេនឌ័រ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីអះអាងថា អ្នកស្រីនិងសហការីជាសាក្សីផ្ទាល់ជុំវិញការថយចុះនៃសមត្ថភាពរបស់ស្រ្តីក្នុងការទទួលបានការអប់រំ ការធ្វើបដិវត្តន៍ ការទទួលបានការថែទាំសុខភាពផ្លូវចិត្ត ផ្លូវភេទ និងសុខភាពបន្តពូជជាដើម។
ដោយឡែក យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក កុមារីនិងស្រ្តីប្រហែល ៧៣៦លាននាក់ទទួលរងនូវអំពើហិង្សាផ្លូវកាយ អំពើហិង្សាផ្លូវភេទ និងបញ្ហាសុខភាពផ្លូវចិត្តជាបន្តបន្ទាប់ ដោយចំនួនតួលេខនេះមិនមានការប្រែប្រួលក្នុងរយៈពេលប៉ុន្មានច្រើនកន្លងមកនេះឡើយ។
ជាងនេះទៀត របាយការណ៍គូសបង្ហាញថា ស្រ្តីចំនួន ៦៤១លាននាក់នៅទូទាំងពិភពលោករងនូវការបៀតបៀន និងការប្រើប្រាស់អំពើហិង្សាពីសំណាក់ដៃគូស្និទ្ធស្នាល។ ក្នុងនោះដែរ ស្ត្រីរៀបការស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅទូទាំងសកលលោក មិនមានសិទ្ធិអំណាចក្នុងសម្រេចចិត្តលើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ពួកគេឡើយ។
សមភាពយេនឌ័រអាចសម្រេចបាន ដោយចាំបាច់ធានាថាស្ត្រីនិងកុមារីអាចរីករាយនឹងសិទ្ធិមូលដ្ឋានរបស់ពួកគេ ការចូលរួមក្នុងសង្គមដោយភាពស្មើគ្នា និងដោយគ្មានការរើសអើងជាដើម។ បច្ចុប្បន្ន យ៉ាងហោចណាស់ មាន៥០ប្រទេសនៅលើសកលលោក បន្តបង្កើត និងរឹតបន្តឹងច្បាប់បទប្បញ្ញត្តិស្តីពីការរើសអើងយេនឌ័រក្នុងការផ្តល់សញ្ជាតិឱ្យកូន ដោយមិនអនុញ្ញាតឱ្យកូនទទួលបានសញ្ជាតិរបស់ម្តាយនោះទេ។ នេះបើយោងតាមរបាយការណ៍របស់អ្នកស្រី Alsalem។ យ៉ាងណា អ្នកស្រីក៏បានអំពាវនាវឱ្យរដ្ឋនានារក្សាគោលបំណង ស្មារតី និងអត្ថន័យនៃកាតព្វកិច្ចសិទ្ធិមនុស្សជាមូលដ្ឋានផងដែរ។
សូមជម្រាបដែរថា អង្គការសហប្រជាជាតិមានគោលនយោបាយសម្រេចនូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ ស្តីពីសមភាពយេនឌ័រ និងការពង្រឹងអំណាច។ ក៏ប៉ុន្តែ តាមរយៈរបាយការណ៍ដែលចេញផ្សាយហាក់នៅឆ្ងាយពីគោលដៅរបស់អង្គការសហប្រជាជាតិនៅឡើយ៕
ប្រភព៖ United Nations ចុះថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣