en     km
en     km

អ្នកជំនាញ​បង្ហាញដំណោះស្រាយ ក្រោយUNDPអះអាងថាមនុស្សចាស់៥០%នៅកម្ពុជា មិនមានការងារដែលអាចរកចំណូល​បាន

Share

ភ្នំពេញ៖ អ្នកជំនាញ មើលឃើញនូវដំណោះស្រាយដែលរដ្ឋាភិបាលគួរពិចារណា ដើម្បីធានាគុណភាពរស់នៅមនុស្ស​ចាស់ឱ្យកាន់តែមានភាពល្អប្រសើរ។ ការលើកឡើងរបស់អ្នកជំនាញទាំងនោះកើតមានឡើងបន្ទាប់ពី UNDP Cambodia  បានចេញអត្ថបទសិក្សាស្រាវជ្រាវរបស់ ដែលរកឃើញថានៅឆ្នាំ២០២២ មានចំនួន៥០%នៃមនុស្សចាស់នៅកម្ពុជា មិនមានការងារដែលមានប្រាក់ចំណូល។ UNDPគូសបញ្ជាក់ថាមូលហេតុទាំងនេះជាបញ្ហាចម្បងបង្កឱ្យមនុស្សចាស់ ងាយប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ហើយក្រុមគ្រួសារជាអ្នកទទួលខុសត្រូវលើតម្រូវការពួកគាត់។

កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍

ក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់អន្តរជាតិនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ UNDP Cambodia បានស្រង់របាយការណ៍នៅក្នុងអត្ថបទសិក្សាស្រាវជ្រាវរបស់ខ្លួន ដែលមានចំណងជើងថា «ការកសាងប្រព័ន្ធគាំពាសង្គមតាមសហគមន៍» ឬ(Building a community-based social protection system)។ ការសិក្សាធ្វើការព្យាករណ៍ថានៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០៥០មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនឹងនៅតែកើនឡើងយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែនៅឆ្នាំ២០២២ UNDP រកឃើញថា៥០%នៃមនុស្សចាស់នៅកម្ពុជា មិនមានការងារដែលមានប្រាក់ចំណូលទេ ដែលរុញច្រានឱ្យរាល់ចំណូលចំណាយរបស់ពួកគាត់នឹងក្លាយជាបន្ទុករបស់ក្រុមគ្រួសារ។

ជុំវិញការសិក្សានេះធ្វើឱ្យ ពលរដ្ឋ និងអ្នកវិភាគមួយចំនួន​យល់ឃើញថាបញ្ហាទាំងនេះអាចផ្តល់ជាផលជះអវិជ្ជមានដល់សង្គម ដែលពួកគេសង្កត់ធ្ងន់ថានេះជាបញ្ហាដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ​ ត្រូវបង្កើនការយកចិត្តទុកដាក់ និងដាក់ចេញជាដំណោះស្រាយរួម ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ ជាពិសេសធានាគុណភាពរស់នៅមនុស្សចាស់។ វិទ្យុស្ត្រីបានទាក់ទងលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែលោកបានណែនាំឱ្យទាក់ទងទៅកាន់ក្រសួងសង្គមកិច្ចកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ទោះយ៉ាងណា លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច ចាត់ទុកថាអត្រានៃចំនួនមនុស្សចាស់គ្មានការងារមានប្រាក់ចំណូលដែលUNDP រកឃើញនេះ នឹងបង្កជាផលប៉ះពាល់រួមទៅកាន់សង្គមជាពិសេសបញ្ហានេះនឹងផ្តល់ផលលំបាកដល់ពលរដ្ឋដែលមិនមានធនធានសម្រាប់ផ្គត់ផ្គង់ជីវភាពពេលខ្លួនចាស់ជរា។

លោក ង៉ែត ជូ៖«ករណីគាត់មិនមានទ្រព្យដូចដែលខ្ញុំបាននិយាយហូរហែរហ្នឹង និយាយទៅជាយន្តការទ្រទ្រង់អាហ្នឹងជាហានិភ័យខ្ពស់សម្រាប់ពួកគាត់ ជាពិសេសក្នុងសម័យកាលនេះគឺអ្នកខ្លះអាចថាគាត់ពឹងផ្អែកទៅលើកូនអ៊ីចឹងទៅណាស់ ហើយធម្មតាកូនគឺថាកូនក៏ប្រណាំងប្រជែងនឹងសេដ្ឋកិច្ចចិញ្ចឹមគ្រួសាររបស់គេដែរចឹងហាស៎ អ៊ីចឹងអាហ្នឹងវាអាចក្លាយជាបញ្ហាសង្គមធំដែលមែនទែនទៅជាអ្នកដែលត្រូវគិតគូរខ្លាំងមានន័យថាជាកាតព្វកិច្ចជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ត្រូវពីចារណាហើយសិក្សារឿងហ្នឹងឱ្យបានលម្អិត ថាតើត្រូវរៀបយន្តការមិចដើម្បីទ្រទ្រង់ជីវភាពរស់នៅពួកគាត់បាទ»

យ៉ាងណាមិញក្នុងអត្ថបទសិក្សា UNDP Cambodia ក៏បានផ្តល់ជាដំណោះស្រាយទៅកាន់រដ្ឋាភិបាលផងដែរ។ ដំណោះស្រាយមួយ ដែល UNDP យល់ថាអាចធ្វើទៅបាន គឺប្រើប្រាស់កន្លែងសាសនា ដូចជាវត្តអារាម ដើម្បីផ្តល់សេវាគាំពារសង្គមសម្រាប់មនុស្សចាស់នៅតាមសហគមន៍។

ជាមួយគ្នានេះ លោក ង៉ែត ជូ បង្ហាញ​ការគាំទ្រ ដោយលើកយកនូវគុណប្រយោជន៍ដែលនឹងផ្តល់ទៅកាន់ពលរដ្ឋដែលមានវ័យចាស់ជរា។ លើសពីការយល់ស្របទៅនឹងដំណោះស្រាយមួយនេះ លោក បន្ថែមនូវដំណោះស្រាយផ្សេងៗទៀតដែលលោកមើលឃើញថា អាចសម្រួលដល់ជីវភាពប្រជាពលរដ្ឋមានដូចជាផ្តល់កិច្ចគាំពាសុខុមាលភាព ការផ្តល់ឧបត្ថម្ភប្រចាំខែតាមលទ្ធភាពរដ្ឋាភិបាល  ហើយលោកស្នើឱ្យរដ្ឋាភិបាលគួរធ្វើការពិចារណាទៅលើដំណោះស្រាយទាំងនេះ។

លោក ង៉ែត ជូ៖«ការផ្គត់ផ្គង់ជីវភាពអាហ្នឹងទាល់តែរដ្ឋមានលុយចិញ្ចឹមពួកគាត់ប៉ុន្មានភាគរយ ប៉ុន្មានតិចតួចអ៊ីចឹងជា Voucher ជាអីចឹងទៅណាស់ វាអាស្រ័យទៅលើលទ្ធភាពរដ្ឋាភិបាល ហើយ non-financial ហ្នឹងគឺទាក់ទងទៅនឹង emotional support អីហ្នឹងដូចជាករណីខ្ញុំគិតថាចំណុច UNDP លើកឡើងក៏ជាចំណែកមួយដែរ ព្រោះក្រៅពីលុយគាត់ក៏ត្រូវការ support ត្រូវការផ្នែកខាង emotions ផ្នែកខាងទំនាក់ទំនងសង្គមអីចឹងទៅណាស់ពីព្រោះអីធម្មតាទេមនុស្សយើងពេលចាប់ផ្តើមបាត់បង់ការងារគាត់ចាប់ផ្តើមមានអារម្មណ៍ថា គាត់ អ្នកខ្លះមានអារម្មណ៍ថាគាត់អទ់ live on the purpose អីចឹងទៅណាស់បាទអ៊ីចឹងគាត់គួរតែមានជា social capital connection របស់គាត់ឡើងវិញ»

ឆ្លើយតបទៅនឹងបញ្ហាការងារសម្រាប់មនុស្សចាស់នេះ វិទ្យុស្រ្តីព្យាយាមទាក់ទងទៅ​លោក គុណ ជាស៊ីន អតីតប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែរ ប៉ុន្តែលោកអះអាងថាមិនមែនជាភារកិច្ចលោកទៀតទេ។ បើទោះជាបែបនេះក្តី​ លោកក៏បានផ្តល់ឈ្មោះប្រធានថ្មីដែលធ្វើការលើវិស័យនេះ ប៉ុន្តែលោកមិនស្គាល់លេខទំនាក់ទំនងឡើយ៕

Share

ព័ត៌មានទាក់ទង

Image