គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គ្រោងនឹងជួបប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦។
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា កិច្ចប្រជុំនេះ មានរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង ៨ ព្រឹក ក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា កិច្ចប្រជុំនេះក្រោមអធិបតីយភាពប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក និងអនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន រួមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញការជប៉ុន និងសហភាពអឺរ៉ុប សរុបប្រមាណ ១៨៥ នាក់៕