en     km
en     km

កំហាប់ខ្យល់នៅម៉ាឡេស៊ីកាន់តែអាក្រក់ ខណៈមន្រ្តីជំនាញត្រៀមបង្អុរភ្លៀងតាមបច្ចេកទេសទំនើប

Share

នាយកដ្ឋានបរិស្ថានរបស់ប្រទេសម៉ាឡេស៊ីរាយការណ៍ឱ្យដឹងថា ប្រទេសម៉ាឡេស៊ីកំពុងព្យាយាមប្រើប្រាស់បច្ចេកទេសបណ្តុះពពកឱ្យបង្អុរទឹកភ្លៀង ដើម្បីកាត់បន្ថយខ្យល់ពុលនៅលើផ្ទៃអាកាស។ សេចក្តីរាយការណ៍នេះធ្វើឡើងកាលពីយប់ថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីគុណភាពខ្យល់នៅក្នុងប្រទេសម៉ាឡេស៊ីមានសភាពមិនល្អប្រសើរ និងកំពុងឈានដល់ការប្រកាសអាសន្ន។

អគ្គនាយកនៃនាយកដ្ឋានបរិស្ថាន លោក Wan Abdul Latiff Wan Jaffar បញ្ជាក់បន្ថែមទៀតថា គុណភាពខ្យល់នៅក្នុងប្រទេសម៉ាឡេស៊ីវិវត្តទៅរកភាពយ៉ាប់យ៉ឺន ក្រោយពីព្រៃរបស់ឥណ្ឌូនេស៊ីត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងបង្កជាផ្សែងពុលពាសពេញផ្ទៃអាកាស។ ក៏ប៉ុន្តែ មន្រ្តីឥណ្ឌូនេស៊ីអះអាង និងបដិសេធថា ការឆេះព្រៃនេះមិនបានបង្កជាផ្សែងពុលដូចម៉ាឡេស៊ីបានថានោះឡើយ ពិសេសគេមិនបានប្រទះឃើញមានផ្សែងហុយឆ្លងចូលច្រកព្រំដែនរវាងឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីនោះទេ។

យ៉ាងណាមិញ លោក Wan Abdul Latiff អះអាងថា អ្នកជំនាញនិងមន្រ្តីពាក់ព័ន្ធម៉ាឡេស៊ីទាំងអស់ កំពុងខិតខំប្រឹងប្រែងសម្អាតខ្យល់ពុលលើផ្ទៃអាកាស ដោយការបណ្តុះពពកឱ្យចេញជាទឹកភ្លៀងធ្លាក់ស្រោចស្រពផ្ទៃដី។ លោកថា វិធីសាស្រ្តនេះអាចជួយសម្រួលកំហាប់ខ្យល់ពុលលើផ្ទៃអាកាសបានមួយផ្នែកធំ បើទោះបីជាវាអាចជះផលប៉ះពាល់មួយផ្នែកទៀតមកលើផ្ទៃដីក្តី។

ដោយឡែក លោក Wan Abdul Latiff ជូនដំណឹងដែរថា សាលារៀនគ្រប់កម្រិតទាំងអស់ត្រូវផ្អាកនាំសិស្សធ្វើសកម្មភាពខាងក្រៅថ្នាក់ជាបណ្តោះអាសន្នសិន ហើយអាចនឹងឈានដល់ការបិទសាលារៀនមួយរយៈនៅពេលកំហាប់ខ្យល់ឡើងដល់ ២០០។ ទន្ទឹមគ្នានេះដែរ ក្រុមបរិស្ថានម៉ាឡេស៊ី Greenpeace អំពាវនាវដល់រដ្ឋាភិបាលឱ្យចាត់វិធានការណែនាំ និងផ្តល់យុទ្ធសាស្រ្តនានាជូនដល់ប្រជាកសិករនៅក្នុងតំបន់ ដើម្បីបញ្ចៀសការដាំដុះដំណាំពុល ដ្បិតទឹកភ្លៀងដែលនឹងបង្អុលសុទ្ធតែមានសារធាតុពុល។

ជាការកត់សម្គាល់ គុណភាពខ្យល់នៅកន្លែងចំនួន ៤ ក្នុងប្រទេសម៉ាឡេស៊ីកំពុងស្ថិតក្នុងកម្រិតមិនល្អ ពោលគឺបរិយាកាសក្នុងតំបន់ទាំងនេះស្ថិតនៅក្នុងកំហាប់ខ្យល់ពុលកម្រិតខ្ពស់នៅឡើយ។ តួយ៉ាង កន្លែងទាំង ៤ នេះ មានដូចជាក្រុង Nilai និងក្រុង Seremban ក្នុងរដ្ឋ Negeri Sembilan, រដ្ឋ Selangor និងជាយក្រុង Cheras ដែលស្ថិតនៅក្បែរទីក្រុងកូឡាឡាំពួរ។ នេះបើយោងតាមសន្ទស្សន៍បំពុលអាកាសនៃគេហទំព័រម៉ាឡេស៊ីគិតត្រឹមម៉ោង ២រសៀលនាថ្ងៃអង្គារ ទី៣ ខែតុលានេះ។

គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូនេស៊ីតែងកើតមានព្រឹត្តិការណ៍ឆេះឆាបព្រៃ ឆេះចំការដូងប្រេង និងចំការក្រដាសស្ទើរតែរៀងរាល់រដូវប្រាំង ដោយសារតែការប្រែប្រួលអាកាសធាតុ។ កត្តាធម្មជាតិនេះបាននាំមកនូវហានិភ័យដល់សុខភាពសាធារណៈ កំណើនសេដ្ឋកិច្ច ការព្រួយបារម្ភដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ជាដើម៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image