en     km
en     km

សង្គម​ស៊ី​វិល​ថា​ អន្តរាគមន៍​របស់​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​កើត​មាន​ជាង​ ២០​ ឆ្នាំ​ ជុំវិញ​ច្បាប់​ចរាចរណ៍​បាន​ទេ​

Share

cover-New-Traffic-Law
​មន្ត្រី​សង្គម​ស៊ី​វិល​លើក​ឡើង​ថា​ ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​អន្ដរាគមន៍​ក្នុង​ ៥​ ថ្ងៃ​ដំបូង​ មិន​ទាន់​អាច​ដោះស្រាយ​បាន​នៃ​ឫសគល់​បញ្ហា​ និង​ទម្លាប់​ចាស់​ដែល​បាន​កើត​មាន​ជាង​ ២០​ ឆ្នាំ​នោះ​ទេ​។​

តាម​រយៈ​លិខិត​ចំហ​មួយ​ របស់​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​  ចេញ​នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ លោក​ ណេ​ប​ ស៊ី​ន​ថៃ​ បាន​លើក​ឡើង​ថា​  ការ​អន្ដរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ថ្មីៗ​នេះ​  បាន​ដោះស្រាយ​ ចំពោះ​បញ្ហា​មួយ​ចំនួន​ ដែល​ជា​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ ជុំវិញ​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ក្នុង​៥​ថ្ងៃ​ដំបូង​ ប៉ុន្ដែ​នៅ​តែ​មិន​ទាន់​ អាច​ដោះស្រាយ​ បាន​នៃ​ឫសគល់​បញ្ហា​ និង​ទម្លាប់​ចាស់​ ដែល​បាន​កើត​មាន​ជាង​២០​ឆ្នាំ​ ទាំងស្រុង​នោះ​ទេ​។​

លោក​ថា​ ការ​ដោះស្រាយ​វា​មិន​មាន​និរន្ដរភាព​ទៅ​រួច​នោះ​ទេ​ បើ​ផ្ដោត​លើ​តែ​បញ្ហា​ខ្លះ​ ហើយ​ពុំ​បាន​ដោះស្រាយ​រាល់​បញ្ហា​ ដែល​ជាប់​ទាក់ទង​នានា​។​ លោក​បន្ត​ថា​ ការ​ពង្រឹង​ការ​អនុវត្ដ​ ច្បាប់​គួរតែ​ធ្វើ​បន្ដ​ ធ្វើ​ជា​ជំហានៗ​ មិន​ត្រូវ​ចាប់បង្ខំ​ឱ្យ​គោរព​បាន​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ នោះ​បាន​ទេ​។​ លោក​បញ្ជាក់​ថា​ ការងារ​នេះ​វា​គឺ​ ទាមទារ​នូវ​ពេលវេលា​ពី​ ៣​ ទៅ​ ៥​ ឆ្នាំ​។​

យោង​តាម​លិខិត​របស់​លោក​ ណេ​ប​ ស៊ិ​ន​ថៃ​ ដដែល​នោះ​បន្ដ​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ២០១៤​ នេះ​ មិនអាក្រក់​នោះ​ទេ​ គឺ​វា​មាន​ភាព​ប្រសើរ​ជាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០០៧​ ។​ តែ​ក៏​មាន​ចំណុច​ជា​ច្រើន​ ដូច​ច្បាប់​ចាស់​ឆ្នាំ​ ២០០៧​ ហើយ​ច្បាប់​នេះ​ ក៏​ស្រប​ទៅ​នឹង​ច្បាប់​ ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ផង​ដែរ​។​

លោក​ថា​ យោង​តាម​អត្ថន័យ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០០៧​ និង​ឆ្នាំ​ ២០១៤​ ឃើញ​ថា​ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ និង​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ដិត​ដល់​ នៅ​ពេល​បើកបរ​និង​ធ្វើ​ដំណើរ​។​ លិខិត​បន្ត​ថា​ ការ​មិន​គោរព​ច្បាប់​ច​រា​រណ៍​គឺ​កើត​មាន​ ទាំង​អ្នកធំ​ និង​អ្នកតូច​ មាន​ទាំង​មន្ដ្រី​ និង​រាស្ដ្រ​ មាន​ទាំង​អ្នកមាន​ និង​អ្នកក្រ​ មាន​ទាំង​អ្នក​បើក​ម៉ូតូ​ និង​អ្នក​បើកឡាន​ មាន​ទាំង​មនុស្ស​ចាស់​ និង​ក្មេង​ និង​មាន​ទាំងប្រុស​ និង​ទាំងស្រី​។​

លោក​ ថា​ មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ជុំវិញ​រឿង​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា​។​ មក​ដល់​ពេល​នេះ​យើង​ពុំគប្បី​ ទម្លាក់​កំហុស​ទៅ​លើ​ន​ណា​ម្នាក់​នោះ​ទេ​។​ បញ្ហា​ទាំង​អស់នេះ​ជា​បញ្ហា​ ទាំងអស់​គ្នា​ ដែល​តម្រូវ​ ឱ្យ​ចូលរួម​ដោះស្រាយ​។​ លោក​បន្ដ​ថា​ បញ្ហា​ចរាចរណ៍​ពេល​នេះ​បាន​ក្លាយទៅជា​ ជំងឺ​រ៉ាំរ៉ៃ​ របស់​មនុស្ស​គ្រប់​គ្នា​។​ បើ​មិន​បាន​ដោះស្រាយ​ឥឡូវនេះ​ តើ​ចាំ​ពេល​ណា​?

លោក​ ណេ​ប​ ស៊ី​ន​ថៃ​ លើក​ឡើង​បន្ដ​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ចាំបាច់​ត្រូវ​គិតគូរ​ឡើង​វិញ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ និង​មាន​ផែនការ​ជា​យុទ្ធសាស្ដ្រ​ សម្រាប់​ទាំង​ថ្នាក់​ជាតិ​ និង​ទាំង​ថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​មានការ​អនុវត្ដ​ជា​ជំហានៗ​ ហើយ​ធ្វើ​ជា​ប្រចាំ​ និង​ធ្វើ​គ្រប់​ទិស​ទី​។​

លោក​ថា​ ការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ ស្ថាប័ន​ ទាំង​ប្រជាពលរដ្ឋ​ ទាំង​ស្ថាប័ន​តាក់តែង​ច្បាប់​ ទាំង​ស្ថាប័នឯកជន​ និង​ទាំង​សង្គម​ស៊ី​វិល​ គឺ​ចាំបាច់​ត្រូវ​ផ្សព្វផ្សាយ​ និង​លាតត្រដាង​ព័ត៌មាន​ ព្រោះ​ពេល​ណា​ពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​ ព័ត៌មាន​គ្រប់គ្រាន់​ ប្រជាពលរដ្ឋ​នឹង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ក្នុង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូម​ជម្រាប​ថា​ យោង​តាម​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​(API)​ នៅ​ចុងឆ្នាំ​ ២០១៥​ អំពី​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដែល​មាន​មនុស្ស​ចំនួន​ ១១៣៦​ នាក់​ ក្នុង​នោះ​ស្ដ្រី​មាន​ចំនួន​ ២៨៣​ នាក់​ បាន​ចូលរួម​លទ្ធផល​បង្ហាញ​ថា​ ៩៧.៦%​ បាន​គាំទ្រ​ និង​ចង់ឱ្យ​រាជរដ្ឋាភិបាល​ អនុវត្ដ​ច្បាប់​ ចរាចរណ៍​ផ្លូវគោក​ថ្មី​។​ ប៉ុន្ដែ​មាន​ ១.៥០%​ មិន​គាំទ្រ​ និង​ ០.៩%​ ពុំ​មាន​ចម្លើយ​។​ ហើយ​ក្នុង​ចំណោម​អ្នក​ស្ទង់​មតិ​ទាំងនោះ​ ភាគច្រើន​ចង់ឱ្យ​មាន​ ការ​ជូនដំណឹង​ក្រើនរំឭក​ និង​អប់រំ​ផ្សព្វផ្សាយ​ ឱ្យ​បាន​ញឹកញាប់​ពី​ច្បាប់​ចរាចរណ៍​ និង​នីតិវិធី​ក្នុង​ការ​ផាកពិន័យ​នេះ​ ដល់​ពលរដ្ឋ​ ទាំង​ទីប្រជុំជន​ និង​នៅ​ទី​ជនបទ​ផង​ដែរ​៕

Share

Image
Image
Image