មន្ត្រីសង្គមស៊ីវិលលើកឡើងថា ក្ដីកង្វល់របស់ប្រជាពលរដ្ឋជុំវិញ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលប្រមុខរាជរដ្ឋាភិបាលអន្ដរាគមន៍ក្នុង ៥ ថ្ងៃដំបូង មិនទាន់អាចដោះស្រាយបាននៃឫសគល់បញ្ហា និងទម្លាប់ចាស់ដែលបានកើតមានជាង ២០ ឆ្នាំនោះទេ។
តាមរយៈលិខិតចំហមួយ របស់នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ចេញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លោក ណេប ស៊ីនថៃ បានលើកឡើងថា ការអន្ដរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ដ្រីថ្មីៗនេះ បានដោះស្រាយ ចំពោះបញ្ហាមួយចំនួន ដែលជាក្ដីកង្វល់របស់ពលរដ្ឋ ជុំវិញការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្នុង៥ថ្ងៃដំបូង ប៉ុន្ដែនៅតែមិនទាន់ អាចដោះស្រាយ បាននៃឫសគល់បញ្ហា និងទម្លាប់ចាស់ ដែលបានកើតមានជាង២០ឆ្នាំ ទាំងស្រុងនោះទេ។
លោកថា ការដោះស្រាយវាមិនមាននិរន្ដរភាពទៅរួចនោះទេ បើផ្ដោតលើតែបញ្ហាខ្លះ ហើយពុំបានដោះស្រាយរាល់បញ្ហា ដែលជាប់ទាក់ទងនានា។ លោកបន្តថា ការពង្រឹងការអនុវត្ដ ច្បាប់គួរតែធ្វើបន្ដ ធ្វើជាជំហានៗ មិនត្រូវចាប់បង្ខំឱ្យគោរពបានទាំងអស់ក្នុងពេលតែមួយ នោះបានទេ។ លោកបញ្ជាក់ថា ការងារនេះវាគឺ ទាមទារនូវពេលវេលាពី ៣ ទៅ ៥ ឆ្នាំ។
យោងតាមលិខិតរបស់លោក ណេប ស៊ិនថៃ ដដែលនោះបន្ដថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ២០១៤ នេះ មិនអាក្រក់នោះទេ គឺវាមានភាពប្រសើរជាងច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០០៧ ។ តែក៏មានចំណុចជាច្រើន ដូចច្បាប់ចាស់ឆ្នាំ ២០០៧ ហើយច្បាប់នេះ ក៏ស្របទៅនឹងច្បាប់ ក្នុងបណ្ដាប្រទេសអាស៊ានផងដែរ។
លោកថា យោងតាមអត្ថន័យក្នុងច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០០៧ និងឆ្នាំ ២០១៤ ឃើញថា មនុស្សគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តកំហុសឆ្គង និងមិនបានគោរពច្បាប់ចរាចរណ៍ឱ្យបានដិតដល់ នៅពេលបើកបរនិងធ្វើដំណើរ។ លិខិតបន្តថា ការមិនគោរពច្បាប់ចរារណ៍គឺកើតមាន ទាំងអ្នកធំ និងអ្នកតូច មានទាំងមន្ដ្រី និងរាស្ដ្រ មានទាំងអ្នកមាន និងអ្នកក្រ មានទាំងអ្នកបើកម៉ូតូ និងអ្នកបើកឡាន មានទាំងមនុស្សចាស់ និងក្មេង និងមានទាំងប្រុស និងទាំងស្រី។
លោក ថា មានបញ្ហាប្រឈមជាច្រើនជុំវិញរឿងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។ មកដល់ពេលនេះយើងពុំគប្បី ទម្លាក់កំហុសទៅលើនណាម្នាក់នោះទេ។ បញ្ហាទាំងអស់នេះជាបញ្ហា ទាំងអស់គ្នា ដែលតម្រូវ ឱ្យចូលរួមដោះស្រាយ។ លោកបន្ដថា បញ្ហាចរាចរណ៍ពេលនេះបានក្លាយទៅជា ជំងឺរ៉ាំរ៉ៃ របស់មនុស្សគ្រប់គ្នា។ បើមិនបានដោះស្រាយឥឡូវនេះ តើចាំពេលណា?
លោក ណេប ស៊ីនថៃ លើកឡើងបន្ដទៀតថា រដ្ឋាភិបាលកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាំបាច់ត្រូវគិតគូរឡើងវិញឱ្យបានគ្រប់ជ្រុងជ្រោយ និងមានផែនការជាយុទ្ធសាស្ដ្រ សម្រាប់ទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ ព្រមទាំងមានការអនុវត្ដជាជំហានៗ ហើយធ្វើជាប្រចាំ និងធ្វើគ្រប់ទិសទី។
លោកថា ការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំង ស្ថាប័ន ទាំងប្រជាពលរដ្ឋ ទាំងស្ថាប័នតាក់តែងច្បាប់ ទាំងស្ថាប័នឯកជន និងទាំងសង្គមស៊ីវិល គឺចាំបាច់ត្រូវផ្សព្វផ្សាយ និងលាតត្រដាងព័ត៌មាន ព្រោះពេលណាពលរដ្ឋគ្រប់រូបទទួលបាន ព័ត៌មានគ្រប់គ្រាន់ ប្រជាពលរដ្ឋនឹងចូលរួមជាមួយរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) នៅចុងឆ្នាំ ២០១៥ អំពីការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានមនុស្សចំនួន ១១៣៦ នាក់ ក្នុងនោះស្ដ្រីមានចំនួន ២៨៣ នាក់ បានចូលរួមលទ្ធផលបង្ហាញថា ៩៧.៦% បានគាំទ្រ និងចង់ឱ្យរាជរដ្ឋាភិបាល អនុវត្ដច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី។ ប៉ុន្ដែមាន ១.៥០% មិនគាំទ្រ និង ០.៩% ពុំមានចម្លើយ។ ហើយក្នុងចំណោមអ្នកស្ទង់មតិទាំងនោះ ភាគច្រើនចង់ឱ្យមាន ការជូនដំណឹងក្រើនរំឭក និងអប់រំផ្សព្វផ្សាយ ឱ្យបានញឹកញាប់ពីច្បាប់ចរាចរណ៍ និងនីតិវិធីក្នុងការផាកពិន័យនេះ ដល់ពលរដ្ឋ ទាំងទីប្រជុំជន និងនៅទីជនបទផងដែរ៕